លោក ហ៊ុន សែន (រូបថត អាស៊ីសេរី)
លោក ហ៊ុន សែន បន្តព្រមាន អ្នកដែលចង់យក កម្ពុជា ធ្វើជា ចំណាប់ខ្មាំង
ប្រមុខដឹកនាំ រដ្ឋាភិបាល កម្ពុជា នៅថ្ងៃទី១០ កុម្ភៈ បានព្រមាន ដល់ក្រុមមនុស្ស ទាំងឡាយ ដែលមានបំណង យកប្រទេសកម្ពុជា ធ្វើជា ចំណាប់ខ្មាំង។ ប៉ុន្តែ ការលើកឡើងនេះ ត្រូវមេដឹកនាំ គណបក្សប្រឆាំង នៅកម្ពុជា រិះគន់ និងចាត់ទុកថា លោក ហ៊ុន សែន កំពុងភ័យស្លន់ស្លោ ទៅនឹង ការគាបសង្កត់ របស់ សហគមន៍ អន្តរជាតិ ទៅវិញទេ។
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ១០ កុម្ភៈ ២០១៤
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗ មិនចំឈ្មោះទៅដល់ក្រុមមនុស្សដែលលោកហៅថា ក្រុមប្រតិកិរិយា ប៉ុនប៉ងយកប្រទេសកម្ពុជា ធ្វើជាចំណាប់ខ្មាំង។ លោកបន្តថា រដ្ឋាភិបាលអាណត្តិទី៥ ដែលកើតចេញពីការបោះឆ្នោត បានដំណើរការងារជាធម្មតា ដោយគ្មានការរាំងស្ទះនោះទេ។ ប្រមុខដឹកនាំរដ្ឋាភិបាលលើកឡើងដូច្នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ។
លោកអះអាងបន្តថា មកដល់ពេលនេះសកម្មភាពរបស់រាជរដ្ឋាភិបាល បានប្រព្រឹត្តទៅជាធម្មតា រីឯសិស្សនិស្សិតបានបន្តការសិក្សារៀនសូត្រជាធម្មតានៅតាមសាលារៀងៗខ្លួន។
ទោះជាបែបណា សម្រាប់មេដឹកនាំគណបក្សប្រឆាំងបានថ្លែងប្រតិកម្មថា លោកនាយករដ្ឋមន្ត្រីកំពុងព្រួយបារម្ភចំពោះការដាក់សម្ពាធរបស់អន្តរជាតិមកលើរដ្ឋាភិបាលខុសច្បាប់របស់ខ្លួន។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រដូចការលើកឡើងរបស់លោក ហ៊ុន សែន ទៅនឹងរបបខ្មែរក្រហមធ្លាប់បានអនុវត្តកន្លងមក។ លោកបន្តថា មកដល់ពេលនេះ សហគមន៍អន្តរជាតិកំពុងផ្ដោតការយកចិត្តទុកដាក់មកលើសកម្មភាពដឹកនាំខុសច្បាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន។
ទាក់ទិនបញ្ហានេះ លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ថ្លែងថា ល្មមដល់ពេលដែលអ្នកនយោបាយខ្មែរបញ្ឈប់សកម្មភាពលាបពណ៌គ្នាទៀតទៅ និងត្រូវងាកមករួមគ្នាអភិវឌ្ឍប្រទេសជាតិប្រសើរជាង។
ការបោះឆ្នោតនីតិកាលទី៥ បានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះបានអសនៈសភាចំនួន ៦៨ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនយល់ព្រមទទួលយកលទ្ធផលនេះទេមកទល់បច្ចុប្បន្ននេះ ដោយចោទថា មានការបន្លំសន្លឹកឆ្នោត នឹងបន្តតវ៉ាទាមទាររកយុត្តិធម៌លើលទ្ធផលបោះឆ្នោត ឬសុំឲ្យបោះឆ្នោតឡើងវិញ។ ប៉ុន្តែការទាមទាររបស់គណបក្សប្រឆាំងត្រូវបានមេដឹកនាំគណបក្សប្រជាជនកម្ពុជា បដិសេធ៕
No comments:
Post a Comment