សវនាការ សាលាឧទ្ធរណ៍ លើបណ្តឹង សុំ នៅក្រៅឃុំ របស់ អ្នកជាប់ឃុំ ២១នាក់ ចែកជាបីជុំ
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារនេះ បានចាប់ផ្តើម បើកសវនាការ លើបណ្តឹង សុំនៅក្រៅឃុំរបស់ជនទាំង ២១នាក់ ដែលត្រូវបានអាជ្ញាធរបានចាប់ខ្លួន នៅមុខរោងចក្រយ៉ាកជីង និងផ្លូវវ៉េងស្រង កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ដោយចែកជាបីជុំផ្សេងគ្នាទៅតាមបទចោទ។
នៅម៉ោង ៨:០០ព្រឹក សវនាការជុំទីមួយ លើបណ្តឹងសុំនៅក្រៅឃុំរបស់កម្មករមួយនាក់ ដែលអាជ្ញាធរបានចាប់ខ្លួននៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី០៣ខែមករា។ កម្មកររូបនេះ បានដាក់បណ្តឹងសុំនៅក្រៅឃុំជាមួយកម្មករពីរនាក់ទៀត ដែលតុលាការបានសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីពេលថ្មីៗនេះ ប៉ុន្តែតុលាការនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ រហូតដល់ព្រឹកថ្ងៃចន្ទនេះ។
ចំណែកសវនាការជុំទីបី នឹងធ្វើឡើងលើបណ្តឹងសុំនៅក្រៅឃុំរបស់កម្មករ ១០នាក់ទៀត ដែលអាជ្ញាធរបានចាប់ខ្លួន កាលពីថ្ងៃទី០៣ខែមករា នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។
កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅនេះ តុលាការសាលាដំបូង បានសម្រេចឲ្យកម្មករពីរនាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧ឆ្នាំ និងឈ្មោះ ផុន សុខជា អាយុ១៧ឆ្នាំ នៅក្រៅឃុំបណ្តោះអាសន្ន។
អ្នកទាំង២៣នាក់នោះ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រយ៉ាកជីង ខណៈដែលពួកគេចូលរួមតវ៉ាទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ ដល់កម្មករ។ បច្ចុប្បន្ននេះ ពួកគេកំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម៣ ឬពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម៕
កែតម្រូវ៖ សវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់ជនទាំង២១នាក់ ចាប់ផ្តើមនៅថ្ងៃអង្គារនេះ មិនមែនថ្ងៃចន្ទដូចការចុះផ្សាយមុនទេ។
No comments:
Post a Comment