លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រីថៃ
វិភាគ៖ បោះឆ្នោត នៅថៃ ជាឧទាហរណ៍មួយ សម្រាប់ដោះស្រាយ វិបត្តិនយោបាយ នៅកម្ពុជា
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃពុធ ទី5 ខែកុម្ភៈ ឆ្នាំ2014
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រីថៃកំពុងដើរផ្លូវផ្ទុយគ្នា ក្នុងការដោះស្រាយវិបត្តិនយោ បាយ ដែលកំពុងកើតមានគឺលោកស្រីយីង ឡាក់ សម្រេចរៀបចំការបោះឆ្នោតដើម្បីដោះស្រាយវិបត្តិ តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រេចមិនរៀបចំការបោះឆ្នោត ជាផ្លូវដែលលោកជ្រើសរើសសម្រាប់ដោះស្រាយវិបត្តិនយោបាយ។
ការបោះឆ្នោតមុនអាណត្តិ ឬការបោះឆ្នោតឡើងវិញ ជាប្រធានបទដែលស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអ្នកនយោបាយបានលើកឡើង ជជែកតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ទាំងនៅកម្ពុជា និងនៅប្រទេសថៃ ដើម្បីដោះស្រាយវិបត្តិនយោបាយ។
នៅថៃរដ្ឋាភិបាលលោកស្រី យីង ឡាក់ សម្រេចរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាស់ នៅថ្ងៃទី២ខែកុម្ភៈ គណបក្សប្រជាធិបតេយ្យជាគណបក្សប្រឆាំងនៅថៃ មិនចូលរួមហើយកើតមានហិង្សា ដែលបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និងរាប់រយនាក់មានរបួស ចំណែកប្រជាពលរដ្ឋប្រមាណ១២លាននាក់ មិនបានទៅបោះឆ្នោត ដោយសារក្រុមប្រឆាំងបិទការិយាល័យក៏ដោយ។
ការបោះមួយជំហានមុនរបស់លោកស្រី យីង ឡាក់ ក្នុងការរៀបចំការបោះឆ្នោត ក៏បង្ហាញពីសញ្ញាបរាជ័យដែរ ព្រោះនៅក្នុងរដ្ឋធម្មនុញថៃកំណត់ថា ការបោះឆ្នោតអាចយកលទ្ធផលជាផ្លូវការបានលុះត្រាតែ មណ្ឌលបោះឆ្នោតអាចបើកដំណើរការលើសពី៩៥% តែលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី២ ខែកុម្ភៈ គឺមណ្ឌលបោះឆ្នោតអាចបើកដំណើរបានស្ថិតនៅក្រោម៩៥%។ ដោយសារលទ្ធផលឆ្នោតប្រឈម នឹងភាពមិនអាចយកជាការបាននោះ រដ្ឋាភិបាលលោកស្រី យីង ឡាក់ នៅតែស្ថិតនៅជារដ្ឋាភិបាលចាំផ្ទះ ហើយប្រឈមនឹងក្រុមប្រឆាំងតវ៉ាទៀតដដែល ដូច្នេះវិបត្តិនយោបាយនៅតែមិនអាចរកចំណុចបញ្ចប់ឃើញ។
បើការបោះឆ្នោតមុនអាណត្តិនៅថៃ មិនអាចបញ្ចប់វិបត្តិនយោបាយបាននោះ តើកម្ពុជាគួររៀបចំបោះឆ្នោតឡើងវិញដែរឬទេ?
សម្រាប់អ្នកស្រាវជ្រាវ និងជាអ្នកវិភាគបញ្ហាសង្គមលោក កែម ឡី យល់ឃើញការបោះឆ្នោតឡើងវិញ នៅតែសំខាន់សម្រាប់ដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ដែលឈានទៅរកភាពកែប្រែមួយ ដែលប្រសើរជាងបច្ចុប្បន្ន «មិនឲ្យគណបក្សណាកេងចំនេញនយោបាយទេ ប្រសិនជាយើងមិនធ្វើការបោះឆ្នោត ឬក៏មិនមានការស៊ើបអង្កេតភាពមិនប្រក្រតី ប្រទេសយើងគ្មានឱកាសនឹងកែប្រែ និងធ្វើការផ្លាស់ប្តូរសង្គមមួយឲ្យល្អ ផូផង់ទេ បានន័យថា អ្នកប្រព្រឹត្ត អ្នកកាន់អំនាច នៅតែប្រើប្រាស់នូវរបៀបមួយ ដែលប្រជាពលរដ្ឋមើលឃើញថា មិនត្រឹមត្រូវ»។
លោក កែម ឡី ពិនិត្យឃើញចំណុចសំខាន់ៗ ដែលកម្ពុជាគួររៀនសូត្រពីថៃ ក្នុងអំឡុងពេលបោះឆ្នោតនេះ មានដូចជា រដ្ឋាភិបាលព្រមរៀបចំការបោះឆ្នោតតាមការទាមទារ របស់ប្រជាពលរដ្ឋ ការបន្ថយឥទ្ធិពលរបស់គណបក្សកាន់អំណាច ដើម្បីឲ្យស្មើភាពគ្នាក្នុងការប្រកួតប្រជែង កាត់បន្ថយអំណាចបុគ្គល ឬអំណាចបក្ខពួកក្នុងជួររដ្ឋាភិបាល ដើម្បីជាប្រយោជន៍ជាតិជាដើម។
នាយប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាលោក ហង្ស ពុទ្ធា ក៏យល់ឃើញថា ការបោះឆ្នោតឡើងវិញ ជាគន្លឹះសំខាន់ក្នុងការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ តែលោកបញ្ជាក់ថា ដើម្បីជៀសវាងបញ្ហាដូចនៅថៃ ក្រោយការបោះឆ្នោតថ្ងៃទី២កុម្ភៈនេះគឺ កម្ពុជាត្រូវការពេលវេលាច្រើន រៀបចំប្រព័ន្ធបោះឆ្នោត ឲ្យមានទំនុកចិត្តពីគ្រប់គណបក្សនយោបាយ «ត្រូវការពេលវេលា ទី១ រៀបចំបញ្ជីឈ្មោះ ទី២ រៀបចំស្ថាប័នរៀបចំការបោះឆ្នោតនេះ ឲ្យមានទំនុកចិត្ត រវាងគណបក្សនយោបាយដែលប្រកួតប្រជែង ហើយទី៣ មានការជូនដំណឹង ជាសាធារណៈ ដើម្បីឲ្យអ្នកបោះឆ្នោតគ្រប់រូប ទទួលបានព័ត៌មានគ្រប់គ្រាន់ អញ្ចឹងត្រូវការពេលវេលា ហើយប្រសិនជារៀបចំខ្លួនមិនបានល្អទេ ខ្ញុំគិតថា កម្ពុជា អាចនឹងមានវិបត្តិដូចនៅថៃអញ្ចឹងដែរ»។
ជុំវិញភាពយុត្តិធម៌ក្នុងពេលបោះឆ្នោត លោក កែម ឡី យល់ថាប្រព័ន្ធបោះឆ្នោតនៅប្រទេសថៃ មានទំនុកចិត្តច្រើនជាងកម្ពុជានៅពេលបច្ចុប្បន្ន «ក្នុងប្រទេសថៃ ខុសពីប្រទេសយើង។ ប្រទេសថៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតគេ យុត្តិធម៌ ក្រុមប្រឹក្សាធម្មនុញ្ញគេយុត្តិធម៌ ហើយគេអាចជឿទុកចិត្តបាន ប៉ុន្តែប្រទេសយើង វាមានភាពស្រពិចស្រពិល ច្របូកច្របល់រវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ និងគណបក្សប្រជាជន ទោះបីជាយើងថាឯករាជ្យក៏ដោយ ប៉ុន្តែយន្តការហ្នឹង សូម្បីតែក្មេងបៀមដៃ ក៏គេដឹងថាវាមិនឯករាជ្យដែរ»។
បើទោះជាការបោះឆ្នោតនៅថៃ មិនអាចបញ្ចប់វិបត្តិនយោបាយបានក៏ដោយ តែសម្រាប់បញ្ញាវន្ត និងអ្នកវិភាគនៅតែយល់ថា ការបោះឆ្នោតជាគន្លឹះសំខាន់ក្នុងការដោះស្រាយវិបត្តិនយោបាយ ព្រោះថា ក្នុងសង្គមប្រជាធិបតេយ្យ ដែលឲ្យតម្លៃប្រជាពលរដ្ឋជាធំនោះ គេផ្លាស់ប្តូរមេដឹកនាំតាមការបោះឆ្នោត។
រហូតដល់ដើមខែកុម្ភៈនេះ គណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមិនទាន់ឆ្លើយតបជាមួយគណបក្សប្រឆាំង ដែលធ្លាប់ដឹកនាំបាតុករពីរាប់ម៉ឺនទៅក្បែរលាននាក់តវ៉ាទាមទារ ឲ្យមានការបោះឆ្នោតឡើងវិញនោះទេ។ លោក ហ៊ុន សែន នៅតែទាមទារឲ្យមេដឹកនាំគណបក្សឆាំង ចូលសភាជាមុនសិន ចាំជជែករកដំណោះស្រាយបញ្ហាផ្សេងៗជាក្រោយ តែបក្សប្រឆាំងនៅតែមិនព្រម។
ក្នុងសិក្ខាសាលា ស្តីពីការស្វែងរកដំណោះស្រាយវិបត្តិនយោបាយ រៀបចំដោយសាកលវិទ្យាល័យខេមរៈរបស់លោក សុខ ទូច កាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ បញ្ញាវន្ត អ្នកវិភាគ និងស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានចងក្រងអនុសាសន៍ថ្វាយព្រះមហាក្សត្រ សម្រាប់ដោះស្រាយវិបត្តិនយោបាយ ដែលក្នុងអនុសាសន៍មានការលើកឡើងពីការបោះឆ្នោតឡើងនៅឆ្នាំ២០១៥ ជាចំណុចសំខាន់បញ្ចប់វិបត្តិនយោបាយ៕
អត្ថបទទាក់ទង៖
No comments:
Post a Comment