បដាបង្ហាញពីទិវានៃសេចក្ដីស្រឡាញ់បង្កើតដោយបណ្ដាញស្ត្រីអ្នកដឹកនាំវ័យក្មេង។
ទស្សនៈយុវវ័យ ជុំវិញទិវា នៃក្ដីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ
ដោយ ខែ សុណង / អាស៊ីសេរី | ១៤ កុម្ភៈ ២០១៤
ទិវានៃក្ដីស្រឡាញ់ដែលហៅជាភាសាអង់គ្លេសថា វ៉ាឡិនថាញ ដេ (Valentine's day) នៅតែមានការចាប់អារម្មណ៍ចំពោះយុវវ័យនៅកម្ពុជា។ សម្រាប់យុវវ័យជំទង់ៗ គេបានចាត់ទុកថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃពិសេសសម្រាប់ពួកគេ។ យុវជនទាំងនោះបានយកថ្ងៃនេះ ជូនវត្ថុអនុស្សាវរីយដល់អ្នកដែលគេស្រឡាញ់ ដើម្បីបញ្ជាក់ពីសេចក្ដីស្រឡាញ់។
យុវជនយុវតីមួយចំនួន បានត្រៀមខ្លួនធ្វើកម្មវិធីពិសេសដល់អ្នកជាទីស្រឡាញ់របស់ពួកគេ នៅថ្ងៃទី១៤ កុម្ភៈ នៃទិវាក្ដីស្រឡាញ់ ឬវ៉ាឡិនថាញ ដេ។
យុវជនយុវតីទាំងនោះនៅពេលសួរថា តើប្អូនដឹងទេ ថាថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃអ្វី? ពួកគេឆ្លើយដោយមិនបង្អង់ថា គឺជាទិវានៃក្ដីស្រឡាញ់ ឬថា ថ្ងៃវ៉ាឡិនថាញ ដេ។
យុវតី ជា សុវណ្ណនី កំពុងអង្គុយនៅលើបង់ក្នុងបរិវេណសាលាមួយ ក្នុងរាជធានីភ្នំពេញ ថ្លែងថា នាងចាត់ទុកថ្ងៃនេះជាថ្ងៃពិសេសរបស់នាង។
«សំឡេង»
«សំឡេង»
យុវតី លឹម រីហ្សា ថ្នាក់ទី១១ នៃវិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលកំពុងដើរចូលសាលាជាមួយមិត្តភ័ក្ដិរបស់នាង បាននិយាយថា នាងយល់ច្បាស់ពីថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ ដោយសារសំដៅទៅលើការស្រឡាញ់ជាទូទៅ មិនសម្រាប់តែគូសង្សារនោះទេ។ សម្រាប់នាងដូចជាមិនយកថ្ងៃនេះជាថ្ងៃពិសេសប៉ុន្មានទេ ប៉ុន្តែនាងបានត្រៀមខ្លួនជាស្រេច ក្នុងការទិញកាដូជូនឪពុកម្ដាយរបស់នាង។
«សំឡេង»
ការលើកឡើងរបស់ក្រុមយុវជននេះ គឺហាក់ជាស្របនូវចំណុចខ្លះនៃការស្រាវជ្រាវថ្មីមួយ ផ្ដោតអំពីការរៀបចំផែនការរបស់យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្គួររស់នៅទីក្រុងភ្នំពេញ សម្រាប់ទិវានៃក្ដីស្រឡាញ់។
អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងជាអ្នកស្រាវជ្រាវឯករាជ្យផ្នែកសុខភាពសាធារណៈ លោក តុង សុប្រាជ្ញ បានធ្វើការស្រាវជ្រាវទៅលើយុវវ័យដែលមានទ្រព្យសម្បត្តិបង្គួរជាង ៧០០នាក់ ដោយប្រៀបធៀបឆ្នាំ២០០៩ និងឆ្នាំ២០១៤។ របាយការណ៍បង្ហាញថា យុវវ័យមានការចាប់អារម្មណ៍តិចជាងមុនចំពោះទិវានៃក្ដីស្រឡាញ់ជាថ្ងៃពិសេសមួយ ពិសេសចំណោមយុវវ័យដែលមានគូសង្សារ។ ការទិញកាដូឲ្យគ្នាមានការធ្លាក់ចុះ ដែលកាលពីឆ្នាំ២០០៩ មានជាង ៥៨% ហើយនៅឆ្នាំ២០១៤ ជាង ៤៧% តែយុវវ័យប្រុសអាចនៅតែមានបំណងចង់ឲ្យផ្កា ប៉ុន្តែនិន្នាការយុវវ័យដែលមានគូ គឺមានការកើនឡើងនូវការទិញវត្ថុជាកាដូថ្លៃៗទៅឲ្យមិត្តស្រី និងមិត្តប្រុសរបស់ពួកគេ។
របាយការណ៍បញ្ជាក់ថា វាមិនមានការផ្លាស់ប្ដូរទេចំពោះយុវវ័យដែលធ្វើសកម្មភាពរ៉ូមែនទិក (Romantic) ដូចជា បរិភោគអាហាររួមគ្នា ទៅក្លឹបកម្សាន្តនានា។ ឯទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលអាចនឹងរួមភេទនៅទិវានៃក្ដីស្រឡាញ់មានការធ្លាក់ចុះ បើធៀបនឹងការសិក្សាឆ្នាំ២០០៩ ដែលឆ្នាំ២០១៣ មានជាង ១១%។ ប៉ុន្តែ យុវវ័យដែលមានគូសង្សារមានផែនការរួមភេទនៅថ្ងៃនោះ ក្នុងឆ្នាំ២០១៤ កើនជាងឆ្នាំ២០០៩។
យុវជន ញ៉ែម វណ្ណៈ សិក្សាផ្នែកព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាត់ទុកថា ថ្ងៃទី១៤ កុម្ភៈ គឺជាថ្ងៃពិសេសជាងថ្ងៃធម្មតា ដោយគេយកថ្ងៃនោះបញ្ជាក់ពីសេចក្ដីស្រឡាញ់ដល់គូសង្សាររបស់គេផ្ទាល់។
«សំឡេង»
នៅកៀកថ្ងៃ១៤ កុម្ភៈ ទិវានៃក្ដីស្រឡាញ់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ទាញការចាប់អារម្មណ៍ពីមាតាបិតាសិស្សជួយទប់ស្កាត់ និងអប់រំកូនចៅ កុំឲ្យចម្លងយកវប្បធម៌បរទេស ដូចជាយល់ថា ទិវានៃក្ដីស្រឡាញ់ជាថ្ងៃដែលត្រូវបូជាខ្លួនប្រាណ។
ឯកសារប្រវត្តិសាស្ត្រមួយចំនួនបានឲ្យដឹងថា វ៉ាឡិនថាញ ដេ បានកើតចេញពីប្រពៃណីគ្រិស្តសាសនា និងសម័យរ៉ូមបុរាណ។ លោក វ៉ាឡិនថាញ ជាបព្វជិតដ៏ល្បីឈ្មោះម្នាក់ជនជាតិរ៉ូម៉ាំង ដែលបានបម្រើព្រះចៅអធិរាជរ៉ូម៉ាំងទី២ ឈ្មោះ ខ្លូតឌៀស (Claudius) នៅក្នុងសតវត្សទី៣។ ព្រះចៅអធិរាជ ខ្លូតឌៀស បានឈ្វេងយល់ឃើញថា ទាហានដែលពូកែច្បាំង គឺជាទាហានដែលនៅលីវមិនទាន់រៀបការ ដោយលោកបានចេញច្បាប់ហាមប្រាមមិនអោយយុវវ័យរៀបការ ដោយតម្រូវអោយពួកគេចូលបម្រើកងទ័ពសិន នៅពេលប្រទេសជាតិត្រូវការ។ បព្វជិត វ៉ាឡិនថាញ យល់ថា ច្បាប់នេះមានភាពអយុត្តិធម៌ចំពោះមនុស្សលោក ហើយក៏មិនគោរពតាម ដោយបានបន្តរៀបចំពិធីផ្សំផ្គុំប្រោះព្រំរៀបការអោយបុរសនារីក្មេងៗ។ អធិរាជ ខ្លូតឌៀស ជ្រាបអំពីទង្វើបព្វជិត វ៉ាឡិនថាញ ក៏បានចេញបញ្ជាឲ្យយកបព្វជិត វ៉ាឡិនថាញ ទៅដាក់គុកអស់មួយជីវិត។ ហើយរឿងរ៉ាវផ្សេងទៀត លោក វ៉ាឡិនថាញ អាចត្រូវបានសម្លាប់ នៅថ្ងៃទី១៤ កុម្ភៈ ដោយសារតែការប៉ុនប៉ងជួយគ្រិស្តសាសនិក រត់គិតចេញពីពន្ធនាគារ ក្នុងយុគសម័យរ៉ូម ដ៏សាហាវ ជាទីដែលត្រូវវាយធ្វើទារុណកម្ម។
បន្ទាប់មក មនុស្សម្នាជាច្រើនបានកោតសរសើរដល់សេចក្ដីក្លាហានរបស់លោក វ៉ាឡិនថាញ ដែលហ៊ានប្រឆាំងនឹងរាជបញ្ជារបស់ព្រះចៅអធិរាជ ខ្លូតឌៀស ដើម្បីជួយអោយគូស្នេហ៍វ័យក្មេងបានស្រឡាញ់គ្នា។ តាំងពីពេលនោះមក ថ្ងៃ១៤ កុម្ភៈ ត្រូវបានគេឧទ្ទិសបូជាសម្រាប់សេចក្ដីស្រឡាញ់។ មិនយូរប៉ុន្មានថ្ងៃនោះ ត្រូវបានមនុស្សទូទៅនាំគ្នាផ្ញើសារនៃសេចក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក ហើយ លោក វ៉ាឡិនថាញ បានក្លាយជានិមិត្តរូបនៃសេចក្ដីស្រឡាញ់សម្រាប់គូស្នេហ៍ បង្ហាញសេចក្ដីស្រឡាញ់ទៅកាន់មិត្តភ័ក្ដិ និងអ្នកជាទីស្រឡាញ់ ដោយផ្ញើពាក្យកាព្យ និងកាដូ មានដូចជាផ្កា និងវត្ថុផ្សេងៗជាដើម។
ដោយឡែកព្រឹត្តិការណ៍ថ្ងៃទី១៤ កុម្ភៈ នេះដែរ សម្រាប់ប្រទេសកម្ពុជា នៅឯមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ស្ថិតក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង នឹងរៀបចំពិធីមួយលើកកម្ពស់ឲ្យពលរដ្ឋចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ប្រធានបទនៃយុទ្ធនាការនេះ គឺផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់៕
No comments:
Post a Comment