លីកាដូ រកឃើញថា សាកលវិទ្យាល័យចេនឡា នាំនិស្សិត ទៅបោះឆ្នោត ខុសនីតិវិធីកាល ពី ខែកក្កដា ឆ្នាំ២០១៣
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
អង្គការសិទ្ធិមនុស្សលីកាដូ រកឃើញថា និស្សិតសាកលវិទ្យាល័យចេនឡាជាច្រើនរយនាក់ ត្រូវបានបញ្ជូនទៅបោះឆ្នោត នៅស្រុកល្វាឯម ខេត្តកណ្តាល កាលពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣។
ការរកឃើញនេះ ត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍សង្ខេបរបស់អង្គការចេញផ្សាយថ្មីៗនេះ បន្ថែមទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត ការបន្លំ និងការគំរាមកំហែងមួយចំនួនទៀត។
របាយការណ៍របស់អង្គការលីកាដូ ឲ្យដឹងថា និស្សិតសាកលវិទ្យាល័យចេនឡាជាច្រើនរយនាក់ ត្រូវបានគេចុះឈ្មោះ ដើម្បីបោះឆ្នោត ដោយមិនត្រឹមត្រូវនៅការិយាល័យទើបបង្កើតថ្មីមួយ លេខ០៧៧៤ ក្នុងឃុំបឹងក្រោម ស្រុកល្វាឯម ខេត្តកណ្តាល។ លីកាដូបន្តថា បើទោះបីជាឈ្មោះរបស់អ្នកទាំងនោះ មាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោតក៏ដោយ ក៏និស្សិតភាគច្រើនលើសលប់ មិនមានសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតនៅក្នុងឃុំនោះទេ ព្រោះអ្នកទាំងនោះ មិនមានទីលំនៅទីនោះ។
របាយការណ៍បន្តថា បន្ទាប់ពីប្រជាពលរដ្ឋក្នុងឃុំ បានដឹងថាក្រុមនិស្សិត ដែលមកទីនេះ ដើម្បីបោះឆ្នោត (ដែលត្រូវបានគេសង្ស័យថាក្រោមការណែនាំពីសាស្ត្រាចារ្យរបស់អ្នកទាំងនោះ) គឺមិនមានសិទ្ធិបោះឆ្នោត ប្រជាពលរដ្ឋទាំងនោះ បានធ្វើការប្រមូលផ្តុំគ្នារារាំងនិស្សិត ដែលនៅសេសសល់មិនទាន់បោះឆ្នោតពីការបោះឆ្នោត។ របាយការណ៍បន្តថា បញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំបឹងក្រោម បានបង្ហាញថា ចំនួនប្រជាពលរដ្ឋក្នុងឃុំ បានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អត្រាលើសដល់ទៅ១១៤.៦៦ភាគរយ។
លីកាដូបន្តថា នេះមិនមែនជាលើកទីមួយ ដែលសាកលវិទ្យាល័យចេនឡា មានការជាប់ទាក់ទងយ៉ាងច្បាស់ជាមួយគណបក្សនយោបាយ។ លីកាដូរកឃើញថា គេហទំព័ររបស់សាកលវិទ្យាល័យក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីមុន បានបង្ហោះកម្រងរូបភាពនៃសិស្សនិស្សិត ធ្វើការតវ៉ាប្រឆាំងនឹងលោក កឹម សុខា ក្នុងពេលដែលអ្នកសង្កេតការណ៍ជឿជាក់ថា ជាយុទ្ធសាស្ត្រពាក់ព័ន្ធនឹងរឿងនយោបាយ ទៅលើអនុប្រធានគណបក្សសង្គ្រោះជាតិ។ របាយការណ៍បន្តថា សាកលវិទ្យាធិការ សាកលវិទ្យាល័យចេនឡា គឺជាអនុរដ្ឋលេខាធិការក្រសួងការបរទេស កាលពីឆ្នាំ២០០៧ ទោះជាតួនាទីបច្ចុប្បន្នរបស់បុគ្គលនោះ មិនត្រូវបានដឹងច្បាស់ក៏ដោយ។
VOD មិនទាន់អាចទាក់ទងសាកលវិទ្យាធិការសាកលវិទ្យាល័យចេនឡា លោក ស៊ិន ខ័ណ្ឌី ដើម្បីអត្ថាធិប្បាយលើការចោទប្រកាន់នេះបាននៅឡើយទេ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៣ មុនការបោះឆ្នោត លោក ស៊ិន ខ័ណ្ឌី ជាអនុប្រធានក្រុមការងារចុះជួយស្រុកល្វាឯម និងប្រធានក្រុមការងារ ចុះជួយឃុំបឹងគ្រំ បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅខាងក្រោយទីស្នាក់ការបក្ស ឃុំបឹងគ្រំ ។
របាយការណ៍លីកាដូ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដូចជា ឲ្យមានការរៀបចំបោះឆ្នោតឡើងវិញនៅការិយាល័យ ដែលមានការអំពាវនាវសុំ ឬចាំបាច់ ត្រូវមានការស៊ើបអង្កតដែលមានលក្ខណៈឯករាជ្យ និងស្មោះត្រង់ពិតៗអំពីភាពមិនត្រឹមត្រូវ ត្រូវមានការរាប់សន្លឹកឆ្នោតឡើងវិញ ដោយផ្អែកតាមទម្រង់១១០២ ជាផ្លូវការនៅតាមការិយាល័យបោះឆ្នោតដោយមានវត្តមានអ្នកសង្កេតការណ៍ ការរាប់សន្លឹកឆ្នោត គួរតែត្រូវបានធ្វើឡើងវិញនៅតាមខេត្ត ដែលមានការប្រកួតប្រជែងខ្លាំង។
លីកាដូ បានផ្តល់អនុសាសន៍ឲ្យគជប និងក្រុមប្រឹក្សាធម្មនុញ្ញ គួរតែត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីធានាថាស្ថាប័នទាំងពីរ មានភាពឯករាជ្យ មិនលម្អៀងទៅគណបក្សនយោបាយ។
ការរកឃើញរបស់អង្គការលីកាដូ ត្រូវបានប្រមូលដោយអ្នកសង្កេតការណ៍របស់អង្គការ ដែលបានធ្វើការសង្កេតការណ៍នៅតាមការិយាល័យជាង១០០ដោយចំណាយពេលពីរឬបីម៉ោងសម្រាប់ការិយាល័យនិមួយៗនៅក្នុងថ្ងៃបោះឆ្នោត៕
No comments:
Post a Comment