Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

យុវជន​ ប្តឹង លោក ហ៊ុន សែន ព្រមាន​ធ្វើបាតុកម្ម បើ​សាលាដំបូង​ មិន​ដោះស្រាយ​​

យុវជន​ ប្តឹង លោក ហ៊ុន សែន ព្រមាន​ធ្វើបាតុកម្ម បើ​សាលាដំបូង​ មិន​ដោះស្រាយ​​


ដោយ៖​ ណាត សុភាព​ / វីអូឌី​ | ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014

យុវជន​ម្នាក់​មក​ពី​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ឲ្យដឹង​នៅ​ថ្ងៃ​ពុធ​ថា និង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បើ​ស្ថាប័ន​មួយ​នេះ មិន​ដោះស្រាយ​ពាក្យបណ្តឹង របស់លោក ដែល​ប្តឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេល​ខែកុម្ភៈ​នេះ​។​
​លោក នាង សុ​ឃុន យុវជន​ម្នាក់​មក​ពី​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ  បាន​ប្ដឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៤​។ ដោយ​ផ្អែក​លើ​ឯកសារ​មួយចំនួន​ដូចជា មាត្រា​២ មាត្រា៥៥ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា១ និង មាត្រា៤ នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស និង​មាត្រា៤៤០ ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។​
លោក នាង សុ​ឃុន មានប្រសាសន៍ថា នៅ​ក្នុង​កម្មវត្ថុ​នៃ​ពាក្យបណ្តឹង ដែល​លោក​ប្តឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​នឹង​បទល្មើស កាត់​ទឹក​ដី​កោះ​ត្រល់ និង​កោះ​ក្រចកសេះ ឲ្យទៅ​វៀតណាម​។ លោក​ថា ពាក្យបណ្តឹង​នោះ ក្រឡាបញ្ជី​សាលាដំបូង បាន​បោះត្រា​ទទួល​យក​រួច​ហើយ  ប៉ុន្តែ​តុលាការ​មិន​ទាន់​កោះហៅ​ឲ្យចូល​បំភ្លឺ​នៅ​ឡើយ​។

លោក នាង សុ​ឃុន បន្តថា បើ​តុលាការ​មិន​ដោះស្រាយ​ទេ នៅ​ខែ​មីនា លោក​នឹង​ដឹកនាំ​និស្សិត យុវជន ប្រមាណ​២​ពាន់​នាក់ ធ្វើ​បាតុកម្មអហិង្សា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ទឹកដី​ខ្មែរ​មក​វិញ និង​សុំ​ឲ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ផងដែរ​ «​កន្លែង​ណា​ដែល​មិន​ផ្តល់​យុត្តិធម៌ ជូន​យើង គឺ​យើង​ត្រូវតែ​ធ្វើ​នៅ​កន្លែង​នោះ​។ យើង​ធ្វើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ យើង​ដឹកនាំ​យុវជន​ប្រហែលជា​២០០០​នាក់ ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ ឲ្យ​តុលាការ​ចាត់វិធានការ​ទៅ​លើ​ពាក្យបន្តឹង ដែល​ខ្ញុំ​បាន​ដាក់​ទៅ​នៅ​ដៃ​តុលាការ ហើយ​សុំ​ឲ្យ​តុលាការ​ហ្នឹង ផ្តល់​យុត្តិធម៌​ជូន​ខ្ញុំ ក៏​ដូចជា​ពលរដ្ឋ​ខ្មែរ ក៏​ដូចជា​ជូន​ទឹកដី​របស់​ខ្មែរ ដែល​គាត់​បាន​កាត់​ទៅឲ្យ​គេនោះ​»​។​

​នាយក​ប្រតិបត្តិ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា សុក សំអឿន ពន្យល់ថា ប្រសិន​បើ​ម្ចាស់​បណ្តឹង​ដាក់ពាក្យ​ប្តឹង​ទៅ​ប្រធាន​តុលាការ ហើយ​រឿង​នោះ​ជា​រឿង​ព្រហ្មទណ្ឌ គឺ​ប្រធាន​ស្ថាប័ន​មួយ​នេះ បញ្ជូន​សំណុំរឿង​នោះ​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ធ្វើ​ការដោះស្រាយ​តាមច្បាប់​ «​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​យល់​ថា​ប្រសិន​ជា​ដល់​ប្រធាន​តុលាការ ប្រធាន​តុលាការ​អាច​ចារ​ថា ខ្ញុំ​អត់​មាន​សមត្ថកិច្ច​កន្លែង​នេះ ដូច្នេះ​សូម​ព្រះរាជអាជ្ញា​ពិនិត្យមើល តើ​បន្តឹង​នោះ​យ៉ាងម៉េច​»​។​
ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា យល់ថា បន្ទាប់​ពី​តុលាការ​ទទួល​បាន​ពាក្យបណ្តឹង ត្រូវ​ជូនដំណឹង​មក​ម្ចាស់​បណ្តឹងឲ្យទាន់ពេល​សមរម្យ​។ លោក​ថា កន្លងមក​តុលាការ​តែងតែ​ពន្យារពេល ឬ​មិន​ដោះស្រាយ​តែ​ម្តង ចំពោះ​ម្ចាស់​បណ្តឹង​ណា​ដែល​មិន​មាន​ប្រយោជន៍​នយោបាយ​ជាដើម ដោយ​លោក​លើក​ឧទាហរណ៍​ករណី​លោកស្រី មួ​រ សុខ​ហួ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចនេះ​ថា «​ករណី​រវាង​លោកជំទាវ មូរ សុខ​ហួ ជាមួយនឹង​សម្តេច​តេជោ អញ្ចឹង​។ លោកជំទាវ មូរ សុខ​ហួ បាន​ប្តឹង​តុលាការ​មិន​ចាត់ការ ប៉ុន្តែ​បែរជា​នៅពេលដែល សម្តេច​តេជោ លោក​ដាក់ពាក្យ​ប្តឹង​តុលាការ ចាត់ការ​ភ្លាម​តែម្តង អញ្ចឹង​វា​មិនមាន​អ្វី​ប្លែង​សម្រាប់​ខ្ញុំ គឺ​ក្នុងន័យ​អញ្ចឹង ដោយសារ​តុលាការ​យើង​វា​ស្ថិតនៅក្រោម ឥទ្ធិពល​អ្នកនយោបាយ ហើយ​និង​ឥទ្ធិពល​ក្រដាស​ពុករលួយ​នោះ អញ្ចឹង​ហើយ​បានជា មិន​ដែល​ហ៊ាន សូម្បី​តែ​កោះហៅ មេដឹកនាំ​នោះ ក៏​គាត់​មិន​ហ៊ាន​ដែរ អ្នកធំៗ​ក៏​គាត់​មិន​ហ៊ាន​ដែរ​»​។​
លោក នាង សុ​ឃុន  ឲ្យដឹងទៀតថា នាយករដ្ឋមន្ត្រី ចុះហត្ថលេខា​កាត់​កោះត្រល់​ឲ្យទៅ​វៀត ណា​ម​នៅ​ឆ្នាំ​១៩៨២ និង​តាមរយៈ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​។ កន្លងមក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​ធ្លាប់​រង​នូវ​បណ្ដឹង​របស់​លោកស្រី​ មួ​រ សុខ​ហួរ និង​លោក សួង សោភ័ណ្ឌ ផងដែរ​៕




No comments:

Post a Comment