Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

សង្គម​ស៊ីវិល៖ ក្រសួង​អប់រំ​ ផ្ដល់​សៀវភៅ​មេរៀន​ ជូន​ សិស្ស​ថ្នាក់​វិទ្យាល័យ​ មិន​គ្រប់គ្រាន់

កង្វះ​សៀវភៅ​សម្រាប់​សិស្ស ៦១០
សិក្ខា​សាលា​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​កម្រិត​នៃ​ការ​ទទួល​បាន​សៀវភៅ​គោល​របស់​សិស្ស នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

សង្គម​ស៊ីវិល៖ ក្រសួង​អប់រំ​ ផ្ដល់​សៀវភៅ​មេរៀន​ ជូន​ សិស្ស​ថ្នាក់​វិទ្យាល័យ​ មិន​គ្រប់គ្រាន់


ដោយ ដែន អយុធ្យា / អាស៊ីសេរី |​ ១២ កុម្ភៈ ២០១៤
អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​យុវជន បាន​រក​ឃើញ​ថា ការ​ចែក​ជូន​សៀវភៅ​សិក្សា​គោល ឬ​សៀវភៅ​មេរៀន​ជូន​សិស្សានុសិស្ស​នៅ​តាម​វិទ្យាល័យ​របស់​ក្រសួង​អប់រំ សាលា​ភាគ​ច្រើន​មិន​ទាន់​បាន​ទទួល​សៀវភៅ​មេរៀន​គ្រប់​មុខ​វិជ្ជា​នៅ​ឡើយ​ទ។ បញ្ហា​ខ្វះខាត​នេះ មន្ត្រី​ក្រសួង​អប់រំ អះអាង​ថា នឹង​កែលំអ ឬ​ផ្តល់​សៀវភៅ​ឲ្យ​បាន​គ្រប់​មុខ​វិជ្ជា​នា​ថ្ងៃ​អនាគត។
វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ និង​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​កម្រិត​នៃ​ការ​ទទួល​បាន​សៀវភៅ​សិក្សា​គោល ឬ​សៀវភៅ​មេរៀន មិន​គ្រប់​មុខ​វិជ្ជា​នៅ​តាម​វិទ្យាល័យ បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​ធ្ងន់ធ្ងរ។
របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ បាន​បង្ហាញ​ថា ការ​សួរ​សំណួរ​ទៅ​លើ​សិស្សានុសិស្ស​រៀន​នៅ​វិទ្យាល័យ​ចំនួន ៣៣​សាលា ក្នុង​រាជធានី-ខេត្ត​ចំនួន​៤ បាន​រក​ឃើញ​ថា សិស្ស​ចំនួន ៩៩% បាន​ឆ្លើយ​ថា ការ​ទទួល​បាន​សៀវភៅ​មេរៀន​គ្រប់​មុខ​វិជ្ជា គឺ​មាន​សារសំខាន់​បំផុត​សម្រាប់​ការ​សិក្សា​របស់​ពួក​គេ។
របាយការណ៍​ដដែល​ក៏​បាន​រក​ឃើញ​ថា ភាគ​ច្រើន​នៃ​សិស្សានុសិស្ស បាន​និយាយ​ថា សព្វថ្ងៃ​នេះ​ពួក​គេ​ក្នុង​ម្នាក់ៗ​អាច​ខ្ចី​សៀវភៅ​មេរៀន​ពី​សាលា​ពី ៣ ទៅ ៦​មុខ​វិជ្ជា ក្នុង​ចំណោម​សៀវភៅ​មេរៀន​ចំនួន ១១​មុខ​វិជ្ជា។ ជាង​នេះ ក៏​បាន​ចែក​រំលែក​សៀវភៅ​មេរៀន​ដែល​បាន​ខ្ចី​ពី​សាលា ទៅ​សិស្ស​រួម​ថ្នាក់​ចំនួន ២​នាក់​ផ្សេង​ទៀត ដែល​មិន​បាន​ទទួល​សៀវភៅ​មេរៀន​សោះ។
បញ្ហា​នេះ សិស្សានុសិស្ស​នៅ​វិទ្យាល័យ​មួយ​ចំនួន បាន​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​មិន​ទទួល​បាន​សៀវភៅ​មេរៀន​គ្រប់​មុខ​វិជ្ជា​ពិត​មែន ព្រោះ​សាលា​មិន​មាន​សៀវភៅ​ឲ្យ​ខ្ចី​គ្រប់ ១១​មុខ​វិជ្ជា តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ កំណត់​ទេ។
ផ្ដើម​ពី​បញ្ហា​នេះ លោក សន ជ័យ តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​ប្រទេស​កម្ពុជា បាន​រក​ឃើញ​ថា មាន​សៀវភៅ​មេរៀន​លើ​មុខ​វិជ្ជា​ខ្លះ​មាន​លក់​នៅ​លើ​ទីផ្សារ។ លោក​ថា ការ​ដែល​មាន​សៀវភៅ​មេរៀន​របស់​ក្រសួង​អប់រំ មាន​លក់​នៅ​លើ​ទីផ្សារ ទំនង​ជា​អាច​បណ្ដាល​មក​ពី​អំពើ​ពុក​រលួយ​របស់​បុគ្គលិក​អប់រំ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ ឲ្យ​ជួយ​ពិនិត្យ និង​មាន​វិធាន​ការ ធ្វើ​យ៉ាង​ណា​ត្រូវ​ផ្តល់​សៀវភៅ​មេរៀន​តាម​វិទ្យាល័យ​នៅ​ទូទាំង​ប្រទេស ឲ្យ​បាន​គ្រប់​មុខ​វិជ្ជា​នា​ថ្ងៃ​អនាគត។
ទាក់ទិន​បញ្ហា​នេះ លោក លឹម សុត្ថារិទ្ធ ប្រធាន​ការិយាល័យ និង​ផ្គត់ផ្គង់​សៀវភៅ​គោល​នៃ​ក្រសួង​អប់រំ មាន​ប្រសាសន៍​ថា ការ​ផ្តល់​សៀវភៅ​មេរៀន​លើ​មុខ​វិជ្ជា​ខ្លះ ពិត​ជា​មិន​ទាន់​បាន​គ្រប់​ចំនួន​ពិត​មែន។ ប៉ុន្តែ ទិសដៅ​នៅ​ថ្ងៃ​អនាគត ក្រសួង​មាន​ផែន​ការ​ផ្តល់​ជូន​សៀវភៅ​មេរៀន​លើ​គ្រប់​មុខ​វិជ្ជា ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​វិទ្យាល័យ៖ «នៅ​ក្នុង​គោល​នយោបាយ​ស្ដីពី​សៀវភៅ​សិក្សា​គោល​នេះ យើង​បាន​និយាយ​ដែរ​ថា បច្ចុប្បន្ន​នេះ យើង​បាន​ប្រើ​រូបមន្ត ១​លើ​២ បាន​ន័យ​ថា សៀវភៅ​មួយ​ឈុត​សម្រាប់​សិស្ស​ពីរ​នាក់។ អ៊ីចឹង​ទៅ​ពេល​អនាគត នៅ​ពេល​ដែល​យើង​អាច​មាន​លទ្ធភាព យើង​អាច​ផ្លាស់​ប្ដូរ​ទៅ​រូបមន្ត ១​លើ​១ នៅ​ក្នុង​គោល​នយោបាយ​យើង​និយាយ​អ៊ីចឹង គឺ​ក្នុង​រយៈពេល​វែង។ បញ្ហា​ទប់ស្កាត់​ក្រោយ​ទទួល​បាន​របាយការណ៍​ពី​ការ​លក់​សៀវភៅ​មេរៀន​នៅ​លើ​ទីផ្សារ គឺ​ក្រសួង​អប់រំ បាន​ធ្វើ​លិខិត​ផ្សព្វផ្សាយ​ទប់ស្កាត់ និង​ហាម​មិន​ឲ្យ​លក់​សៀវភៅ​មេរៀន​នៅ​លើ​ទីផ្សារ​ទៀត​ទេ»
លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​បាន​ចាត់​ទុក​ការ​ផ្តល់​សៀវភៅ​មេរៀន​មិន​បាន​គ្រប់​ចំនួន នៅ​តាម​គ្រប់​កម្រិត​នៅ​ទូទាំង​ប្រទេស អាច​បណ្ដាល​មក​ពី​អំពើ​ពុក​រលួយ ផ្ដើម​ដោយ​បុគ្គលិក​អប់រំ។ ព្រោះ​កន្លង​មក លោក​រក​ឃើញ​ថា មាន​សៀវភៅ​មេរៀន​របស់​ក្រសួង​អប់រំ មាន​នៅ​លើ​ទីផ្សារ​លក់​សៀវភៅ៖ «បញ្ហា​កង្វះ​ខាត​សៀវភៅ​គោល សៀវភៅ​សិក្សា​សម្រាប់​សិស្ស និង​គ្រូបង្រៀន មិន​ថា​តែ​នៅ​ថ្នាក់​វិទ្យាល័យ​ទេ គឺ​នៅ​គ្រប់​កម្រិត​សិក្សា​ទាំងអស់ ដែល​មិន​បាន​ផ្តល់​សៀវភៅ​ឲ្យ​សិស្សានុសិស្ស និង​គ្រូបង្រៀន​បាន​គ្រប់គ្រាន់។ បញ្ហា​ហ្នឹង​ហើយ នាំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ការ​សិក្សា។ ការ​លួច​សៀវភៅ​ទៅ​លក់​នៅ​លើ​ទីផ្សារ ហើយ​មិន​បាន​យក​ទៅ​ចែក​ចាយ​ទៅ​ដល់​សិស្សានុសិស្ស និង​គ្រូបង្រៀន»
យ៉ាង​ណា​ក៏ដោយ មន្ត្រី​សង្គម​ស៊ីវិល​បាន​លើក​ជា​អនុសាសន៍​ថា ការ​ខ្វះខាត​សៀវភៅ​សិក្សា​គោល ឬ​សៀវភៅ​មេរៀន​ផ្តល់​ជូន​នៅ​តាម​សាលា​មិន​គ្រប់​ចំនួន គួរ​តែ​ក្រសួង​អប់រំ និង​ក្រសួង​សេដ្ឋកិច្ច បង្កើន​ថវិកា​ជាតិ​សម្រាប់​កម្មវិធី​សៀវភៅ​សិក្សា​គោល​ឲ្យ​បាន​ច្រើន​ថែម​ទៀត ជាពិសេស​ត្រូវ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង និង​ចែក​ចាយ​សៀវភៅ​មេរៀន​ឲ្យ​បាន​ត្រឹមត្រូវ​នា​ថ្ងៃ​អនាគត៕



No comments:

Post a Comment