Paris Peace Accords 23 Oct. 1991

Monday, February 17, 2014

តុលាការ​ នឹង​​ប្រកាស​ សាលក្រម​ សំណុំ​រឿង​ ប៉ះទង្គិច​ នៅ​ក្បាលថ្នល់​ នៅ​ថ្ងៃ​២១ កុម្ភៈ

ព្រឹត្តិការណ៍ ក្បាល​ថ្នល់ ៦១០
រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់ ត្រូវ​បាន​វាយ​កម្ទេច​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នៅ​ស្ពាន​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
RFA/Leng Maly

តុលាការ​ នឹង​​ប្រកាស​ សាលក្រម​ សំណុំ​រឿង​ ប៉ះទង្គិច​ នៅ​ក្បាលថ្នល់​ នៅ​ថ្ងៃ​២១ កុម្ភៈ

ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ១៧ កុម្ភៈ ២០១៤
នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​ក្តី​បុរស ៦​នាក់ ដែល​ជាប់​ចោទ​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ពលរដ្ឋ​ជាមួយ​សមត្ថកិច្ច​នៅ​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។
ក្រោយ​ពី​ចំណាយ​ពេល​ជាង ៤​ម៉ោង​ក្នុង​ការ​សួរ​ដេញដោល​ជន​ជាប់​ចោទ ៦​នាក់ ដើម​បណ្ដឹង​និង​សាក្សី​រួច​មក ចៅក្រម​ជំនុំជម្រះ លោក សេង នាង សម្រេច​ពន្យារ​ពេល​ប្រកាស​សាលក្រម​នេះ ដោយ​គ្រោង​នឹង​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែ​កុម្ភៈ។
ក្នុង​សវនាការ លោក សេង នាង បាន​សាកសួរ​ជន​ជាប់​ចោទ ឯក ចាន់នូ អនីតិជន​អាយុ ១៧​ឆ្នាំ លោក សុង និស្ស័យ លោក វ៉ា នឿន លោក ឡាញ់ សាមឿន លោក តាំង ជុងស៊ែង និង​ម្នាក់​ទៀត​ឈ្មោះ ង្វៀន ធីដុក ជា​ជនជាតិ​វៀតណាម។ ពួកគេ​ទាំង​នោះ​បាន​ប្រាប់​តុលាការ​ថា មាន​វត្តមាន​នៅ​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់​ដូច​គ្នា កាល​ពី​យប់​ថ្ងៃ​កើតហេតុ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។ តែ​ពួកគេ​មិន​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ទាត់​ធាក់​រនាំង​ដែក​បាំង​ផ្លូវ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ពេល​នោះ​ទេ។
លោក ឡាញ់ មឿន ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​ថា លោក​បាន​ទៅ​តាម​រក​ប្អូន​ប្រុស​ដែល​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់។ ប៉ុន្តែ​ស្ទះ​ផ្លូវ​មិន​អាច​ធ្វើ​ដំណើរ​បាន ក៏​សុំ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឆ្លង​ស្ពាន​ក្បាល​ថ្នល់​មក​រក​ប្អូន។ លោក​បន្ត​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​បង្គាប់​ឲ្យ​លោក និង​មិត្ត​ភក្តិ​ម្នាក់​ទៀត ឈ្មោះ វ៉ា នឿន ដាក់ដៃ​ទាំង​ពីរ​អោប​លើ​ក្បាល​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ឆ្លង​ស្ពាន​នោះ​ទៅ​រក​ប្អូន។ ប៉ុន្តែ​ពេល​មក​ដល់​ក្រោម​ស្ពាន​អាកាស ស្រាប់តែ​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ពួកគេ​ទាំង​ពីរ​នាក់។
យុវជន តាំង ជុងស៊ែង ជន​ជាប់​ចោទ​ម្នាក់​ទៀត ប្រាប់​តុលាការ​ថា ពេល​កើត​ហេតុ​នោះ​លោក​បាន​ឃើញ​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាញ់​គ្រាប់​បែក​ផ្សែង​ជា​ច្រើន​បំបែក​ក្រុម​បាតុករ​ដែល​ស្រែ​ឡូឡា ហើយ​គេ​មិន​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដូច​ការ​ចោទ​ប្រកាន់​ទេ។
ជន​ជាប់​ចោទ ឯក ចាន់នូ ប្រាប់​នៅ​ក្រៅ​បន្ទប់​សវនាការ​ដោយ​សំណូមពរ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួកគេ ហើយ​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​គឺ​ផ្ទុយ​ពី​ការ​ពិត​ទាំង​ស្រុង។
កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​បាន​បាញ់​រះ​សំដៅ​ទៅ​ក្រុម​បាតុករ និង​ប្រើប្រាស់​គ្រាប់​បែក​ផ្សែង​ជា​ច្រើន​គ្រាប់។ ក្នុង​ព្រឹត្តិការណ៍​នោះ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ដោយ​ត្រូវ​គ្រាប់​ចំ​ក្បាល និង​មនុស្ស ១៥​នាក់​រង​របួស ហើយ​មាន​ការ​ចាប់ និង​ឃុំ​ខ្លួន​មនុស្ស ៦​នាក់ ក្រោម​បទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។
បើ​តាម​តុលាការ រឿង​ក្តី​នេះ​មាន​ក្រុម​តម្រួត​បទបញ្ជា ៤៨​នាក់ គឺ​ជា​ដើម​បណ្តឹង និង​ជា​ជន​រងគ្រោះ​ផង។ ប៉ុន្តែ​មាន​ក្រុម​តម្រួត​បទបញ្ជា ៤២​នាក់ ដែល​មាន​វត្តមាន និង​អង្គុយ​ត្រៀបត្រា​ក្នុង​បន្ទប់​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ។
តម្រួត​បទបញ្ជា​ទាំង​នោះ ត្រូវ​បាន​ចៅក្រម​ហៅ​សាកសួរ​ពី​ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត នៅ​ពេល​ដែល​ពួកគេ​អះអាង​ថា ត្រូវ​របួស​ដោយ​ការ​គប់​ដុំ​ថ្ម​ពី​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​អះអាង​ថា ជា​ក្រុម​អនាធិបតេយ្យ។ ពួកគេ​បាន​បដិសេធ​ទាមទារ​សំណង​ពី​ជន​ជាប់​ចោទ។
ប្រធាន​អង្គភាព​តម្រួត​បទបញ្ជា លោក សុខ ខេមរិន្ទ និង​ជា​តំណាង​ដើម​បណ្ដឹង​ប្រាប់​ចៅក្រម​ថា លោក​មិន​អាច​កំណត់​ថា ជន​ជាប់​ចោទ​ទាំង ៦​នាក់​នោះ ជា​ជន​ដៃដល់​គប់​ដុំ​ថ្ម​ទៅ​លើ​សមត្ថកិច្ច​ទេ ដោយសារ​តែ​ពេល​នោះ​មាន​មនុស្ស​ប្រហែល ១០០​នាក់ បាន​គប់​ដុំ​ថ្ម​ប្រសាច​ទៅ​លើ​កម្លាំង​សមត្ថកិច្ច ហើយ​ពួកគេ​ទាំង​នោះ​ក៏​ក្រុម​លោក​មិន​បាន​ចាប់​ខ្លួន​ដែរ។
អ្នកស្រី សាន សុគន្ធា មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ ៦​នាក់ មក​ពី​អង្គការ​លីកាដូ (Licadho) បាន​ស្នើ​សុំ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​កូន​ក្តី​របស់​ខ្លួន​ទាំង​អស់ ដោយ​សំអាង​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​លីកាដូ លោក អំ សំអាត ប្រាប់​ថា តាម​ការ​ជជែក​សួរ​ដេញដោល​របស់​តុលាការ​នេះ និង​ការ​អះអាង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​សាក្សី និង​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ​បញ្ជាក់​ថា ជន​ជាប់​ចោទ​ទាំង ៦​នាក់ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទេ ហើយ​ពួកគេ​សុទ្ធតែ​ជា​អ្នក​ដំណើរ​ដែល​ឆ្លង​កាន់​កន្លែង​កើត​ហេតុ​ដោយ​ចៃដន្យ។
ជន​ជាប់​ចោទ​ទាំង ៦​នាក់​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ក្នុង​ចំណោម​ពួកគេ​មាន ៥​នាក់ ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ដោយ​ឡែក​ម្នាក់​ទៀត ជា​ជនជាតិ​វៀតណាម ឈ្មោះ ង្វៀន ធីដុក កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ឡើយ។ ចៅក្រម​សម្រេច​ប្រកាស​សាលក្រម​សុំ​ឲ្យ​ជនជាតិ​វៀតណាម រូប​នេះ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តាម​ការ​ស្នើ​សុំ​របស់​មេធាវី​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ គឺ​ប្រកាស​ព្រម​គ្នា​នឹង​សាលក្រម​ជំនុំជម្រះ​ប្រឆាំង​ជន​ជាប់​ចោទ​ទាំង ៦​នាក់​នោះ៕



No comments:

Post a Comment