តំណាងសហជីពដើរហែរក្បួន ដើម្បីសុំឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង ២១នាក់ កាលពីពេលថ្មីៗនេះ។
RFI/ siv channa
សហជីព សម្រេច ធ្វើកូដកម្ម ពេញមួយសប្តាហ៍ នៅខែក្រោយ ដើម្បីដាក់សម្ពាធ ដល់ រដ្ឋាភិបាល
បន្ទាប់ពីជួបប្រជុំគ្នា នៅរសៀលថ្ងៃទី ១២ កុម្ភៈនេះ សហជីពកាត់ដេរចំនួន៨ និងសហជីពវិស័យផ្សេងៗទៀត បានសម្រេចធ្វើកូដកម្មចាប់ពីថ្ងៃទី ១២ ដល់ ១៩ មិនាខាងមុខ ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាល ឲ្យដោះលែងអ្នកជាប់ឃុំចំនួន២១នាក់។ ការសម្រេចបែបនេះបានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ច្រានចោលសំណើសុំឲ្យជនជាប់ចោទបាននៅក្រៅឃុំ។ក្រុមអ្នកសហជីពក៏មានគំរោងស្នើទៅសហជីពអន្តរជាតិឲ្យជួយអន្តរាគមន៍ផងដែរ ខណៈដែលកិច្ចប្រជុំប្រទេសផ្តល់ជំនួយសម្រាប់កម្ពុជា នឹងបើកធ្វើនៅខែមិនាខាងមុខ។
ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ មិនា ខាងមុខ កូដកម្មកម្មករនឹងត្រូវធ្វើឡើងនៅទូទាំងប្រទេស។ នេះជាអ្វីដែលក្រុមសហជីពទើបតែបានសម្រេចនៅរសៀលថ្ងៃពុធទី ១២ កុម្ភៈនេះ។ ដើម្បីចៀសវាងពីការបង្ក្រាប គ្មានទេការប្រមូលផ្តុំ រឺជួបជុំគ្នា ប៉ុន្តែ កម្មករដែលមានបំណងចូលរួមក្នុងកូដកម្មនេះ គ្រាន់តែផ្អាកមិនទៅធ្វើការ ហើយសំរាកនៅផ្ទះរៀងៗខ្លួនតែប៉ុណ្ណោះ។ នេះបើយោងតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាដែលបានថ្លែងប្រាប់វិទ្យុបារាំងនៅរសៀលថ្ងៃពុធនេះបន្ទាប់ពីកិច្ចពិភាក្សារវាងមេដឹកនាំសហជីពបានបិទបញ្ចប់។
ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៣ កុម្ភៈខាងមុខនេះ ក្រុមការងារសហជីពទាំង ៨ នឹងអង្គការដែលពាក់ព័ន្ធផ្សេងៗទៀត នឹងផ្តើមចែកចាយខិតប័ណ្ណ និងជូនព័ត៌មានទៅកាន់រដ្ឋាភិបាល ទាក់ទងនឹងការប្រកាសធ្វើកូដកម្ម នាខែក្រោយនេះ។ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨កុម្ភៈ សហជីពនឹងស្នើសុំដល់ម្ចាស់រោងចក្រទាំងអស់ កុំឲ្យកម្មករធ្វើការថែមម៉ោង។
លោក អាត់ ធន់ ក៏បានបញ្ជាក់ផងដែរថា សហជីពទាំង ៨ មានគម្រោងស្នើសុំសាលារាជ ធានីភ្នំពេញបើកវេទិការសាធារណៈ នៅថ្ងៃទី ៨មិនា នៅឯទីលានប្រជាធិបតេយ្យផងដែរ។ វេទិកានេះត្រូវការតំណាងខាងរដ្ឋាភិបាលចូលរួមដើម្បីស្រាយបំភ្លឺដល់ក្រុមកម្មកររោងចក្រកាត់ដេរ។
មេដឹកនាំសហជីពក៏មានជំនឿថា សហជីពអន្តរជាតិ នឹងមានវិធានការភ្ជាប់ករណីនេះជាមួយប្រទេសផ្តល់ជំនួយសម្រាប់កម្ពុជា ដែលគ្រោងបើកកិច្ចប្រជុំនៅខែមិនាខាងមុខ។ ក្រុមសកម្មជនសហជីពដែលគ្រោងនឹងធ្វើបាតុកម្ម-កូដកម្មទ្រង់ទ្រាយធំ នោះបានអះអាងថា ពួកគេមានសមាជិកប្រហែលជាង ២សែននាក់ រួមទាំងសហជីពវិស័យផ្សេងៗទៀតក្រៅពីកាត់ដេរនឹងចូលរួមជាមួយពួកគេដែរ ។ ភ្លាមៗនេះ នៅមិនទាន់មានប្រតិកម្មយ៉ាងណាពីក្រុមថៅកែរោងចក្រនិងពីអាជ្ញាធររដ្ឋាភិបាលនៅឡើយទេចំពោះគម្រោងកូដកម្មទ្រង់ទ្រាយធំនេះ៕
No comments:
Post a Comment