ប្រជាពលរដ្ឋលើកបញ្ហាដីធ្លីនៅក្នុងពិធីជួបប្រជុំផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព នាភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤។
ពលរដ្ឋ ជាង៣០០គ្រួសារ នៅកំពង់ឆ្នាំង បារម្ភ ខ្លាចបាត់បង់ផ្ទះ និងដីស្រែចម្ការ
ដោយ ជិន ជេដ្ឋា / អាស៊ីសេរី | ១២ កុម្ភៈ ២០១៤
ប្រជាពលរដ្ឋជាង ៣០០គ្រួសារ នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បារម្ភខ្លាចបាត់បង់ផ្ទះសម្បែង និងដីស្រែចម្ការ ស្ថិតនៅក្នុងបរិវេណព្រលានយន្តហោះចាស់ ក្រោយពីមានអាជ្ញាធរ និងមន្ត្រីជំនាញចុះវាស់វែងកំណត់ប្លង់ដីរបស់ព្រលាននេះ។
ក្រុមប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរ ផ្ដល់ព័ត៌មានជាក់លាក់ទាក់ទងនឹងបញ្ហានេះ ឬធ្វើការដោះស្រាយជូនអ្នកភូមិឲ្យបានត្រឹមត្រូវជាមុន ក្នុងករណីដែលរដ្ឋត្រូវការទីតាំងដែលពួកគាត់កំពុងតែរស់នៅ និងបង្កបង្កើនផលយកទៅអភិវឌ្ឍជាព្រលានយន្តហោះឡើងវិញនោះ។
អ្នកភូមិប៉ាតឡាង បានលើកយកបញ្ហានេះមកជជែកក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ដែលមានអាជ្ញាធរភូមិឃុំចូលរួម។ ពួកគាត់បញ្ជាក់ថា អ្នកភូមិប៉ាតឡាង ទាំងអស់ និងប្រជាពលរដ្ឋមួយចំនួនទៀត មកពីឃុំបន្ទាយព្រាល និងឃុំពង្រ នៃស្រុករលាប្អៀរ នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ប្រសិនបើគម្រោងសាងសង់ព្រលានយន្តហោះឡើងវិញនេះ ត្រូវបានគេចាប់ផ្ដើមក្នុងពេលឆាប់ៗនោះ។
ក្រុមប្រជាពលរដ្ឋកាន់តែមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីមានអាជ្ញាធរ ក្រុមនិស្សិតស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជំនាញសុរិយោដីខេត្តកំពង់ឆ្នាំង ចុះវាស់វែងកំណត់ព្រំដីរបស់ព្រលាន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤។ ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរភូមិ និងឃុំ ហាក់មានភាពអល់អែកក្នុងការធ្វើអត្ថាធិប្បាយ ដោយចាត់ទុកថា នេះគឺជាការងាររបស់អាជ្ញាធរថ្នាក់លើ និងរាជរដ្ឋាភិបាល។
អភិបាលរង និងជាអ្នកនាំពាក្យរបស់សាលាខេត្តកំពង់ឆ្នាំង អ្នកស្រី ដោក សុធា មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនៅស្រុករលាប្អៀរ នេះនឹងមិនធ្វើឲ្យមានផលប៉ះពាល់ ឬការបណ្ដេញពលរដ្ឋចេញដោយបង្ខំឡើយ។ ក៏ប៉ុន្តែ សម្រាប់យន្តការដោះស្រាយយ៉ាងណានោះ អ្នកស្រីនឹងបញ្ជាក់ក្រោយពេលប្រមូលព័ត៌មានច្បាស់លាស់ទាក់ទងនឹងបញ្ហានេះ៖ «បងយល់ពីគោលបំណងថា ប្រជាពលរដ្ឋភ័យព្រួយខ្លាចពេលនេះរដ្ឋត្រូវការដី តែដីហ្នឹងប៉ះទៅលើដីភូមិឋានរបស់គាត់ អ៊ីចឹងទេ ទុកពេលឲ្យខ្ញុំមួយល្ងាចនេះសិន ដោយសារខ្ញុំជាប់ប្រជុំហើយ ខ្ញុំនឹងអញ្ជើញមន្ត្រីអ្នកមុខអ្នកការដែលពាក់ព័ន្ធនឹងការងារ ហើយខ្ញុំផ្ដល់ព័ត៌មានត្រឡប់ឲ្យវិញ»។
អនុប្រធានកម្មវិធីដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (Adhoc) លោក ចាន់ សុវ៉េត ថ្លែងថា នៅពេលដែលរដ្ឋាភិបាល ឬអាជ្ញាធរត្រូវការទីតាំងណាមួយចាំបាច់ ក្នុងការអភិវឌ្ឍលើគម្រោងអ្វីមួយនោះ ត្រូវតែសិក្សាពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទៅតាមច្បាប់៖ «យើងមើលឃើញថា អាកន្លែងទីតាំងព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំង នេះ គឺជារឿងមួយយូរហើយដែរដែលកើតឡើង។ ប្រសិនជាមានការដោះដូរទីតាំងអីថ្មី ត្រូវតែរៀបចំអាទីតាំងដែលតម្រូវពលរដ្ឋយើងទៅរស់នៅហ្នឹង គឺមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់ឲ្យពលរដ្ឋហ្នឹង អាចរស់នៅបានសមរម្យមានសេចក្ដីថ្លៃថ្នូរ តែផ្ទុយទៅកន្លងផុតមករឿងបញ្ហានេះ គឺមិនដែលធ្វើទេ»។
អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា គម្រោងដែលត្រូវអភិវឌ្ឍព្រលានយន្តហោះឡើងវិញនេះ មានទំហំ ១.៤៦៣ហិកតារ ហើយមានដី និងផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៧ភូមិ ស្ថិតនៅក្នុងឃុំចំនួន៣ គឺឃុំក្រាំងលាវ បន្ទាយព្រាល និងឃុំពង្រ អាចនឹងមានផលប៉ះពាល់ច្រើនជាងគេ។ អាកាសយានដ្ឋាននេះត្រូវបានកសាងឡើងនៅអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។ នៅក្នុងឆ្នាំ១៩៨៨ អាជ្ញាធរធ្លាប់បណ្ដេញប្រជាពលរដ្ឋចេញឲ្យទៅរស់នៅលើដីថ្មី ចម្ងាយប្រមាណជា ៣គីឡូម៉ែត្រពីបរិវេណនោះ ហើយផ្ដល់ជំនួយជាដែកគោលចំនួន ៣សុង និងប្រាក់ចំនួន ៥ពាន់រៀលក្នុង១គ្រួសារ៕
No comments:
Post a Comment