Paris Peace Accords 23 Oct. 1991

Thursday, February 20, 2014

សកម្មជន ចង់ឲ្យ​ រដ្ឋាភិបាល យក​ទិវា​ពិភពលោក ដើម្បី​ យុត្ដិធម៌​សង្គម ជា​ថ្ងៃ​បុណ្យ​ជាតិ​​


ក្រុមសកម្មជនសិទ្ធិមនុស្ស ប្រារព្ធទិវាពិភពលោកដើម្បីយុត្តិធម៌ នៅកក្នុងបរិវេនប្រាសាទអង្គរវត្ត​ (រូបថត៖ បូ សាវី)

ក្រុមសកម្មជនសិទ្ធិមនុស្ស ចូលរួមទិវាពិភពលោកដើម្បីយុត្តិធម៌ (រូបថត៖ បូ សាវី)

សកម្មជន ចង់ឲ្យ​ រដ្ឋាភិបាល យក​ទិវា​ពិភពលោក ដើម្បី​ យុត្ដិធម៌​សង្គម ជា​ថ្ងៃ​បុណ្យ​ជាតិ​​


ដោយ៖​ បូ សា​វី​ / វីអូឌី​ | ថ្ងៃព្រហស្បតិ៍ ទី20 ខែកុម្ភៈ ឆ្នាំ2014

ក្រុម​សកម្មជន​ សិទ្ធិមនុស្ស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ទាមទារ​ ឲ្យ​រដ្ឋាភិបាល​ កម្ពុជា ទទួលស្គាល់​ ថ្ងៃ​ទិវា​ពិភពលោក ដើម្បី​ យុត្ដិធម៌សង្គម ថ្ងៃទី២០​ ខែកុម្ភៈ ដាក់​ជា​ ថ្ងៃ​បុណ្យ​ជាតិ​ ឲ្យ​ដូច​ ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​ អន្ដរជាតិ ដើម្បី​ជំរុញ​ ឲ្យមាន​យុត្ដិធម៌​ សម្រាប់​ទាំងអស់គ្នា​។​
​ការទាមទារ​នេះ ធ្វើឡើង​ស្របពេល​ដែល​ទិវា​ពិភពលោក ដើម្បី​យុត្ដិធម៌​សង្គម ថ្ងៃទី​២០ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ត្រូវ​បានព្រះសង្ឃ សកម្មជន​សិទ្ធិមនុស្ស និង​សហជីព ប្រារព្ធ​ឡើង​នៅមុខ​ប្រាសាទ​អង្គរវត្ដ។​
​ប្រធាន​កម្មវិធី​សិទ្ធិ​ទទួលបាន​យុត្ដិធម៌ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ លោក ឡាយ សុវត្ថិ​ដា​រ៉ា ថ្លែងថា ថ្ងៃ​២០ ​កុម្ភៈ ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក បាន​ចូលរួម​ប្រារព្ធ​ទិវា ​យុត្ដិធម៌​សង្គម ប៉ុន្ដែ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ទទួលស្គាល់​ទិវា​នេះ​នៅឡើយ ដែល​ធ្វើ​ឲ្យពលរដ្ឋ​ទទួលរង​នូវ​ភាព​អ​យុត្ដិធម៌​ក្នុងសង្គម ស្របពេល​ដែល​ការ​អនុវត្ដ​ច្បាប់​នៅ​មាន​ភាពទន់ខ្សោយ​ «​យើង​នឹង​តស៊ូ​មតិ ឬ​ក៏​យើង​នឹង​ព្យាយាម ធ្វើ​ការងារ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ ពី​ព្រោះ​រឿង​ទិវា​សន្តិភាព​ពិភពលោក​នេះ មិនមែន​ជា​រឿង​ដែល​យើង​ធ្វើ​ស្ងាត់​ទេ យើង​ត្រូវតែ​មាន​ការទំនាក់ទំនង កៀងគរ​គ្នា ហើយ​ធ្វើ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ជា​ទិវា​របស់​ជាតិ ហើយ​ទិសដៅ​ទី​ថ្ងៃមុខ សម្រប់ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់ឲ្យ​រដ្ឋាភិបាល យកចិត្តទុកដាក់​ក្នុង​ថ្ងៃនេះ ដើម្បី​យើង​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី ដូចជា​ពិធីបុណ្យ​សិទ្ធិមនុស្ស ដទៃ​ទៀត​ដែរ​»​។​
ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ដែល​ចូលរួម​ពិធី​នោះមាន ​ថេរៈ​ដីកា​ថា ពលរដ្ឋ​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា មិន​ទទួលបាន​យុត្ដិធម៌​ទេ ដោយសារប្រព័ន្ធតុលាការមាន​ភាពលំអៀង ទៅអ្នកមានអំណាច និង​អ្នកមាន​លុយ​។ ព្រះអង្គ​បន្ដ​ថា ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ត្រូវបាន​គេ​រំលោភ​យក​ដីធ្លី បែ​រជា​តុលា​ការដាក់ទោស​ទៅ​វិញ​។ ព្រះអង្គ​ទាមទារ​ឲ្យ រដ្ឋាភិបាល​ទទួល​ស្គាល់​ទិវានេះ​ជា​ថ្ងៃ​បុណ្យ​ជាតិ «​យើង​ចង់ឲ្យ​រដ្ឋាភិបាល​ធានា គាំទ្រ​ការពារ និង​ចូលរួម​នូវ​ទិវា​នេះ ឲ្យបាន​ពេញលេញ ស្រប​ទៅតាម​សន្ធិសញ្ញា កតិកាសញ្ញា និង​ច្បាប់​ដែល​រដ្ឋភិបាល បាន​ចូល​និង​ចុះ នៅក្នុង​អង្គការសហប្រជាជាតិ​»​។​​
​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា ការអំពាវនាវ​របស់​ក្រុមនេះ គ្រាន់តែ​ចង់ឲ្យ​មាន​ភាពល្បីល្បា​ញតាម​សារព័ត៌មាន​ប៉ុណ្ណោះ​  «​អំពាវនាវ គ្រាន់តែ​ជា​ការដាក់បន្ទុក ផ្នែក​និន្នាការ​នយោបាយ ប៉ុន្តែ​បើ​ដាក់បន្ទុក​ក្នុងន័យ​កាតព្វកិច្ច ដែល​រាជរដ្ឋាភិបាល​ត្រូវតែ​ធ្វើ អ្នកនយោបាយ​ត្រូវតែ​ធ្វើ តុលាការ​ត្រូវ​តែ​ជួយ​គាំទ្រ នោះ​ប្រសើរ​ជាជាង​ទៅតាម​អ្វី នីតិវិធី តាម​រដ្ឋបាល​ក្រដាស​ស្នាម​នេះឯង​»​។​
ប្រធាន​លេខាធិការដ្ឋាន​ប្រតិ​ប​ត្ដិ នៃ​គណៈកម្មការ​ប្រព្រឹត្ដិក​ម្ម នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិមនុស្ស​កម្ពុជា លោក សួន ប៊ុន​ស័ក្ដិ មានប្រសាសន៍ថា ទិវា​ពិភពលោក ដើម្បី​យុត្ដិធម៌​សង្គម​នេះ ត្រូវបាន​មហាសន្និបាត អង្គការសហប្រជាជាតិ​ប្រកាស​ជា​ផ្លូវការ នៅ​ឆ្នាំ​២០០៧ ដោយ​មិន​ចាំបាច់​ឲ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​នៅ​ថ្ងៃនេះ​ទេ។
លោក​បន្ដថា ពលរដ្ឋ​បន្ដ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ទាមទារ​រក​យុត្ដិធម៌​សម្រាប់​ខ្លួនឯង ហើយ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ទិវា​នេះ ដល់​ពលរដ្ឋ​របស់​ខ្លួន នៅលើ​កញ្ចក់​ទូរទស្សន៍ ដើម្បី​បង្កើន​ការយល់ដឹង​៕



No comments:

Post a Comment