សមត្ថកិច្ចបង្ខំឲ្យក្រុមយុវជនជិះម៉ូតូកង់បីមិនឲ្យជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នាផ្លូវភ្លោះផ្សារធំថ្មី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Den Ayuthyea
ក្រុមយុវជនលែងសត្វចាបក្រោយធ្វើសន្និសីទកាសែតនៅមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Uon Chhin
សមត្ថកិច្ច រារាំងយុវជន ៩នាក់ មិនឲ្យ ជួបជុំ នៅទីលានប្រជាធិបតេយ្យ
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ២០ កុម្ភៈ ២០១៤
អាជ្ញាធរមានសមត្ថកិច្ច និងសន្តិសុខខណ្ឌដូនពេញ បានរារាំង និងបំបែកយុវជនមួយក្រុម ដែលប៉ុនប៉ងប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ដើម្បីផ្ញើសារជូនរដ្ឋាភិបាល ឲ្យគោរពសិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញកម្ពុជា។ ក្នុងហេតុការណ៍នោះ កងសន្តិសុខខណ្ឌដូនពេញ បានឃាត់ខ្លួនពលរដ្ឋម្នាក់ដែលបង្ហាញការគាំទ្រចំពោះសកម្មភាពទាមទារសិទ្ធិរបស់ក្រុមយុវជន។
កម្លាំងចម្រុះរដ្ឋាភិបាល និងកងសន្តិសុខសាលារាជធានីភ្នំពេញ ប្រដាប់ដោយខែល និងដំបងឆក់រាប់សិបនាក់ ត្រូវគេដាក់ពង្រាយនៅជុំវិញបរិវេណទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ។
យុវជន ហេង សំណាង ជាតំណាងឲ្យក្រុមយុវជនខ្មែរមហានគរ បានឲ្យដឹងថា អាជ្ញាធរបានរារាំងពួកគេដែលមានគ្នាចំនួន ៩នាក់ មិនឲ្យជួបជុំគ្នានៅទីលានប្រជាធិបតេយ្យទេ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ។ យុវជនរូបនេះបន្ថែមថា បន្ទាប់ពីសមត្ថកិច្ចបានរារាំង ពួកគេក៏បានទៅប្រមូលផ្តុំគ្នានៅមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងធ្វើសន្និសីទកាសែតនៅទីនោះ។
កញ្ញា ជី ជី ជាសមាជិកក្រុមយុវជនខ្មែរមហានគរម្នាក់ទៀត បានសម្ដែងការហួសចិត្ត ដែលអាជ្ញាធរបានរារាំងពួកគេមិនឲ្យយកទីលានប្រជាធិបតេយ្យ ដើម្បីសម្ដែងមតិដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ យុវតីរូបនេះបានចាត់ទុកទង្វើរបស់សមត្ថកិច្ចរដ្ឋាភិបាល ថាបានរំលោភរដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ និងចំថ្ងៃទិវាយុត្តិធម៌សង្គមពិភពលោក នាថ្ងៃទី២០ ខែកុម្ភៈ៖ «ពួកយើងខ្ញុំជាយុវជន សូមប្រកាសផ្សព្វផ្សាយស្មារតីនៃយុត្តិធម៌សង្គម ជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ពួកខ្ញុំសូមទាមទារឲ្យរដ្ឋាភិបាលលុបចោលជាបន្ទាន់ នូវសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ដែលហាមប្រាមការជួបជុំលើសពីដប់នាក់ ព្រមទាំងឲ្យដោះលែងជាបន្ទាន់មនុស្សទាំង ២១នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារ»។
ការប្រមូលផ្តុំគ្នារបស់ក្រុមយុវជននៅមុខការិយាល័យឧត្ដមស្នងការសហប្រជាជាតិ ក៏មានកម្មវិធីលែងចាបជានិមិត្តរូបនៃការទាមទារសេរីភាពថែមទៀត។
សកម្មភាពរារាំងរបស់កងកម្លាំងកងសន្តិសុខខណ្ឌដូនពេញ ឈានដល់ឃាត់ខ្លួនបុរសម្នាក់ ដែលបានសម្ដែងការគាំទ្រសកម្មភាពរបស់យុវជន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយចោទថា បង្កឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្តែក្រោយមក បានដោះលែងវិញ។
កងកម្លាំងសន្តិសុខខណ្ឌដូនពេញ បានចោទសកម្មភាពរបស់ក្រុមយុវជនទាំងនោះថា មានបំណងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម ឬសណ្ដាប់ធ្នាប់សាធារណៈ។
លោក អំ សំអាត ជាមន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) បានតាមឃ្លាំមើលសកម្មភាពប្រមូលផ្តុំរបស់ក្រុមយុវជន ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ។ លោកសោកស្ដាយចំពោះទង្វើ និងសកម្មភាពរបស់សមត្ថកិច្ច ឬកម្លាំងសន្តិសុខសាលារាជធានី ដែលបានអនុវត្តផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ៖«ជាការឲ្យសោកស្ដាយនូវពេលដែលចង់បញ្ចេញមតិរបស់ក្រុមយុវជនទាំងអស់ហ្នឹងត្រូវបានរារាំង។ សូម្បីតែសួនប្រជាធិបតេយ្យ ដែលគេឲ្យរហស្សនាមថា កន្លែងប្រជាធិបតេយ្យឥឡូវហ្នឹងត្រូវបានបិទសិទ្ធិសេរីភាពទាំងស្រុងហើយ។ ហើយមិនតែប៉ុណ្ណោះ មានទាំងការចាប់ខ្លួនម្នាក់ និងវាយដោយហិង្សា ហើយនាំខ្លួនទៅខណ្ឌឲ្យធ្វើកិច្ចសន្យា ជាថ្នូរនឹងការដោះលែងថែមទៀត»។
ទាក់ទិនបញ្ហានេះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៤ ខែមករា មកម្ល៉េះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមិនអនុញ្ញាតឲ្យផ្នែកពាក់ព័ន្ធណាមួយប្រមូលផ្តុំគ្នា ឬជួបជុំសម្ដែងមតិអ្វីមួយនៅតាមទីសាធារណៈទេ នៅក្នុងកាលៈទេសៈនេះ។
ទាក់ទិនបញ្ហានេះដែរ សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពបង្ក្រាប និងចាប់ខ្លួនមនុស្សដែលគ្មានកំហុសរបស់អាជ្ញាធរក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
សមាគមអាដហុក បានចាត់ទុកសកម្មភាពរបស់អាជ្ញាធរខណ្ឌដូនពេញ ថាបានប្រើកម្លាំងក្រៅក្របខ័ណ្ឌ ចាប់ខ្លួនយុវជនម្នាក់ឈ្មោះ ភក្តី នៅម្តុំផ្សារធំថ្មី ខណៈយុវជនរូបនេះជិះម៉ូតូតាមមើលសកម្មភាពរបស់ក្រុមយុវជនខ្មែរមហានគរ ដែលមានគ្នាចំនួន ៩នាក់ ជួបជុំគ្នាលែងសត្វចាប ដើម្បីសុំសុខសន្តិភាពនៅថ្ងៃទិវាយុត្តិធម៌សង្គមពិភពលោក នាទីលានប្រជាធិបតេយ្យ៕
No comments:
Post a Comment