សមាជិកសភាចក្រភពអង់គ្លេស លោក ណីក ដេឃីន (Nic Dakin) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នាអង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ (RACHA) រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។
សមាជិក សភា អង់គ្លេស ទាមទារឲ្យ បក្សនយោបាយ នៅកម្ពុជា បន្តចរចា
ដោយ យាង សុជាមេត្តា / អាស៊ីសេរី | ២២ កុម្ភៈ ២០១៤
សមាជិកសភាចក្រភពអង់គ្លេស ចង់ឃើញគណបក្សនយោបាយនៅកម្ពុជា បន្តការចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយនយោបាយ។ ការលើកឡើងបែបនេះ កើតឡើងស្របពេលដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទើបបានចាប់ផ្ដើមចូលតុចរចាជាថ្មី និងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ព្រមានថានឹងផ្អាកការចរចាវិញ ប្រសិនបើគណបក្សកាន់អំណាចនៅតែបន្តបញ្ជូនកម្លាំងទៅរំខានការជួបជុំរបស់គណបក្សប្រឆាំងមួយនេះ។
នៅថ្ងៃទី២១ កុម្ភៈ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចក្រៅផ្លូវការមកកម្ពុជា រយៈពេល ៥ថ្ងៃ សមាជិកសភាចក្រភពអង់គ្លេស លោក ណីក ដេឃីន (Nic DaKin) ដែលរួមដំណើរជាមួយសមាជិកសភាអង់គ្លេស ៣រូបផ្សេងទៀត។ លោកបានមានប្រសាសន៍ថា កម្ពុជា កំពុងមានភាពតានតឹងនយោបាយ។ ហើយលោកថា បើតាមបទពិសោធន៍របស់លោកជាអ្នកនយោបាយនៅចក្រភពអង់គ្លេស លោកយល់ថា គណបក្សនយោបាយនឹងទទួលបានលទ្ធផលប្រសើរជាងមុន នៅពេលដែលគណបក្សទាំងនោះជួបចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយ។
មន្ត្រីបច្ចេកទេសគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបចរចាគ្នាជាថ្មី នៅថ្ងៃទី១៨ កុម្ភៈ បន្ទាប់ពីបានខកខានជួបគ្នាជាងមួយខែកន្លះ ដោយសារគណបក្សសង្គ្រោះជាតិ ប្រកាសមិនត្រឡប់ចូលចរចាវិញភ្លាមៗ ក្រោយពីកងកម្លាំងអាជ្ញាធររដ្ឋាភិបាលបានវាយបង្ក្រាបទៅលើក្រុមកម្មករ និងមន្ត្រីសង្គមស៊ីវិល ដែលបានបណ្ដាលឲ្យកម្មករបាត់បង់ជីវិត និងរងរបួស ព្រមទាំងមនុស្សច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ឃុំខ្លួនរហូតដល់សព្វថ្ងៃ។
ប៉ុន្តែ មួយថ្ងៃក្រោយការចរចាគ្នា លោក សម រង្ស៊ី បានព្រមានជាថ្មីថា ពួកគេនឹងផ្អាកចូលចរចាជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សកាន់អំណាចមួយនេះ មិនព្រមបញ្ឈប់បញ្ជូនកម្លាំងអាជ្ញាធរទៅគំរាមកំហែង ឬអុកឡុកការប្រមូលផ្តុំអ្នកគាំទ្ររបស់បក្សប្រឆាំង។ ការព្រមានផ្អាកចូលចរចាជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានបញ្ជូនកម្លាំងអាជ្ញាធរ ទៅចាក់ភ្លេងរំខានក្បែរកន្លែងប្រមូលផ្តុំរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តព្រៃវែង និងមុនពេល លោក សម រង្ស៊ី និងលោក កឹម សុខា ចេញទៅជួបអ្នកគាំទ្ររបស់ខ្លួននៅខេត្តកំពង់ឆ្នាំង។
រដ្ឋាភិបាលកាលពីដើមខែមករា ឆ្នាំ២០១៤ បានចេញបញ្ជាហាមប្រាមមិនឲ្យប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតាមទីសាធារណៈ លើសពី ១០នាក់ឡើងទៅ រហូតដល់ពេលមួយដែលសណ្ដាប់ធ្នាប់សាធារណៈត្រឡប់មកភាពប្រក្រតីវិញ។ តែបម្រាមនេះ ត្រូវរងការរិះគន់ជាច្រើនពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដោយពួកគេលើកឡើងថា ជាការរំលោភសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធី។
ទាក់ទងនឹងការហាមប្រាមនេះ លោក ណីក ដេឃីន បានកត់សម្គាល់ថា នៅចក្រភពអង់គ្លេស ការហាមឃាត់មិនឲ្យមនុស្សជួបប្រជុំគ្នា មិនមែនជារឿងល្អទេ។ លោកថា លោកនឹងព្រួយបារម្ភ ប្រសិនបើបញ្ហានេះកើតឡើងនៅក្នុងប្រទេសរបស់លោក និងនៅកន្លែងផ្សេងៗទៀត។ លោក ដេឃីន ថារដ្ឋាភិបាលត្រូវថ្លឹងថ្លែងរវាងសិទ្ធិនៃការជួបជុំ និងបញ្ហាសន្តិសុខ ហើយដែលនេះលោកថា ជារឿងមួយស្មុគស្មាញ។
កាលពីចុងខែមករា ឆ្នាំ២០១៤ អនុរដ្ឋមន្ត្រីក្រសួងការបរទេស ចក្រភពអង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) ក៏បានមកធ្វើទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះ លោក ស្វៃវអ៍ បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រឆាំងដោះស្រាយបញ្ហានយោបាយដែលកំពុងជាប់គាំង និងជំរុញឲ្យមានការគោរពសិទ្ធិមនុស្សក្នុងពេលនយោបាយជាប់គាំងនេះ៕
No comments:
Post a Comment