Paris Peace Accords 23 Oct. 1991

Sunday, February 23, 2014

កម្មករ​ សង់​ប្រព័ន្ធ​ទំនប់​ បង្ហូរ​ទឹក​ចូល​អាង​កំពីងពួយ ​មិន​ទាន់​ បើក​ប្រាក់​ឈ្នួល ​៤​ខែ

អាង​កំពីងពួយ ៣០៥
អាង​ទឹក​កំពីងពួយ នា​ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១១ ឧសភា ឆ្នាំ​២០១៣

កម្មករ​ សង់​ប្រព័ន្ធ​ទំនប់​ បង្ហូរ​ទឹក​ចូល​អាង​កំពីងពួយ ​មិន​ទាន់​ បើក​ប្រាក់​ឈ្នួល ​៤​ខែ

ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ២២​ កុម្ភៈ ២០១៤
អ្នក​ម៉ៅការ​សំណង់​ ប្រព័ន្ធ​ទំនប់​បង្ហូរ​ទឹក​មួយ​កន្លែង​ នៅ​ក្នុង​ខេត្ត​បាត់ដំបង ខកខាន​ ពុំ​បាន​បើក​ប្រាក់​ឈ្នួល​ ជា​ច្រើន​ខែ ​ទៅ​ឲ្យ​កម្មករ ​ជា​ច្រើន​នាក់។ ភាព​យឺតយ៉ាវ​នេះ បាន​ធ្វើ​ឲ្យ​ ក្រុម​កម្មករ​ទាំង​នោះ​​ ត្អូញត្អែរ ហើយ​អំពាវនាវ ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ ​មេការ​សំណង់​នោះ​ បើក​លុយ ​ឲ្យ​ពួក​គាត់ ​ឲ្យ​បាន​គ្រប់​ចំនួន។
កម្មករ​បូម​ទឹក និង​អ្នក​បច្ចេកទេស​សំណង់​ចំនួន ៧​នាក់ បាន​ទាមទារ​ឲ្យ​អ្នក​ម៉ៅការ​សាងសង់​ប្រព័ន្ធ​ទំនប់​បង្ហូរ​ទឹក​ចូល​អាង​កំពីងពួយ ក្នុង​ខេត្ត​បាត់ដំបង បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់​ឲ្យ​ឆាប់ និង​គ្រប់​ចំនួន។ អ្នក​ម៉ៅការ​ខកខាន​ពុំ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​រយៈពេល ៤​ខែ​ជាប់​គ្នា ដែល​មាន​ទឹក​ប្រាក់​សរុប​ជិត ១​ម៉ឺន​ដុល្លារ។
កម្មករ​ឈ្មោះ សុវណ្ណ ជា​តំណាង​មនុស្ស ៦​នាក់​ផ្សេង​ទៀត​ថ្លែង​ថា អ្នក​ម៉ៅការ​សំណង់​ឈ្មោះ ធី ឡូ ពុំ​បាន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៣ រហូត​មក​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៤។ បញ្ហា​នេះ បង្ក​អោយ​កម្មករ និង​អ្នក​បច្ចេកទេស​សំណង់ ជួប​ការ​លំបាក​គ្រប់ៗ​គ្នា៖ «ខ្ញុំ​សួរ​ទៅ​ខាង​កូរ៉េ គេ​ប្រាប់​ថា ឲ្យ​លុយ​មក​អស់​ហើយ​តាម​រយៈ ធី ឡូ។ លោក ធី ឡូ ជា​អ្នក​ការ​ខុស​ត្រូវ​ជំនួស គីម ហូរ នៅ​កំពង់ឆ្នាំង ហើយ​គាត់​មក​ធ្វើ​មេការ​នៅ​ឃុំ​ក្ដុលតាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង។ ហើយ​គាត់​យក​លុយ​ហ្នឹង​ទិញ​គ្រឿងចក្រ​អត់​បើក​លុយ​ឲ្យ​ក្រុម​ខ្ញុំ ៧​នាក់ សុទ្ធ​កម្មករ​បូម​ទឹក និង​កម្មករ​យាម​ម៉ាស៊ីន​បង្ហូរ​ទឹក ទម្លាក់​តាម​ប្រឡាយ​មក​អាង​កំពីងពួយ»
កម្មករ​បច្ចេកទេស​សំណង់​ឈ្មោះ ទីន សុខគា ថ្លែង​ថា ប្រាក់​ឈ្នួល​របស់​គាត់​ម្នាក់​ឯង​ដែល​មេការ​ឈ្មោះ ធី ឡូ មិន​ទាន់​បាន​បើក​ឲ្យ​គាត់ មាន​ចំនួន​ជាង ៨០០​ដុល្លារ៖ «គាត់​ជា​អ្នក​បញ្ឈប់​ខ្ញុំ ព្រោះ​អី​ខ្ញុំ​សុំ​ច្បាប់​គាត់​ទៅ​ផ្ទះ ប្រហែល​ជា​គាត់​ខឹង​ខ្ញុំ បញ្ឈប់​ខ្ញុំ​ពី​ការងារ គាត់​ថា គិតគូរ​លុយ​ឲ្យ​ខ្ញុំ តែ​រយៈពេល​ជិត ៣​ខែ​មក​ហើយ គាត់​អត់​បាន​គិតគូរ​ឲ្យ​ខ្ញុំ។ គាត់​ថា គិតគូរ​ឲ្យ​ដែរ​តែ​ខ្ញុំ​ចាំ​រយៈពេល ១​ខែ​ពីរ​ខែ ខ្ញុំ​ចង់​បាន​ប្រាក់​ខែ​របស់​ខ្ញុំ ព្រោះ​អី​វា​ជា​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ»
ចំណែក​កម្មករ និង​អ្នក​បច្ចេកទេស​ផ្សេង​ទៀត ដែល​មេការ​ឈ្មោះ ធី ឡូ មិន​ទាន់​បើក​អោយ​នោះ ខ្លះ​មាន​ជាង ៧​ពាន់​ដុល្លារ ខ្លះ ៥០០​ដុល្លារ ៤០០​ដុល្លារ និង ៣០០​ដុល្លារ។ ទាក់ទិន​បញ្ហា​នេះ មេការ​ឈ្មោះ ធី ឡូ​ បាន​បដិសេធ​ថា ចំនួន​កម្មករ​ដែល​លោក​ត្រូវ​បិទ​បញ្ជី​នោះ មាន​ចំនួន​តែ​ពីរ​នាក់ មិន​មែន ៧​នាក់​ដូច​ការ​លើក​ឡើង​នោះ​ទេ។
កន្លង​ទៅ​នេះ លោក​ថា​មាន​ការ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ទាំង​នោះ​ខ្លះ​ដែរ ប៉ុន្តែ​ប្រាក់​ឈ្នួល​ដែល​ពួក​គេ​ទទួល​បាន​នោះ ពុំ​មាន​ការ​ចុះ​បញ្ជី​នោះ​ឡើយ។ យ៉ាង​ណា​ក៏ដោយ លោក​ថា ប្រាក់​ឈ្នួល​ទាំង​នោះ​លោក​នឹង​ទូទាត់​នៅ​ដើម​ខែ​មីនា៖ «ថ្ងៃ​៥ និង​ថ្ងៃ​៧ ខែ​មីនា ខ្ញុំ​ត្រូវ​បិទ​បញ្ជី ត្រូវ​ហៅ​គាត់​មក​ជម្រះ ព្រោះ​ចន្លោះ​បី​ថ្ងៃ​ហ្នឹង ខ្ញុំ​ត្រូវ​ទូទាត់​លុយ​ហើយ​អ៊ីចឹង បញ្ជី​ហ្នឹង​ត្រូវ​ធ្វើ​មុន​ហ្នឹង​មួយ​ថ្ងៃ​ពីរ​ថ្ងៃ បាន​អាច បើ​និយាយ​អត់​ត្រូវ​ទូទាត់​អត់​បាន»
ប៉ុន្តែ ក្រុម​កម្មករ និង​អ្នក​បច្ចេកទេស​សំណង់​ទាំង​នោះ​លើក​ឡើង​ថា ពួក​គាត់​ទាំង ៧​នាក់ បាន​ដឹង​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ទទួល​បាន​យ៉ាង​ច្បាស់ តាម​រយៈ​ពេលវេលា​ធ្វើ​ការ​ឲ្យ​ឈ្មោះ ធី ឡូ ដែល​ជា​មេការ។ កម្មករ​ទាំង​នោះ​ចោទ​ប្រកាន់​មេការ​រូប​នេះ​មាន​ចេតនា​អាក្រក់ ចង់​កិបកេង​កម្លាំង​ញើស​ឈាម​របស់​ពួក​គាត់។ ទន្ទឹម​គ្នា​នេះ ក្រុម​កម្មករ​ទាំង ៧​នាក់ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ពី​ករណី​មេការ​ឈ្មោះ ធី ឡូ មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់​នេះ ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ដូច​គ្នា​ដែរ៕



No comments:

Post a Comment