ប៉ូលិសសម្រួលចរាចរណ៍នៅក្បែរទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។
(RFA / Den Ayuthyea)
មនុស្ស ស្លាប់៣៣នាក់ ដោយ គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាស ចូលឆ្នាំចិន-វៀតណាម
គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱ្យកាស បុណ្យ ចូលឆ្នាំចិន-វៀតណាម នៅប្រទេសកម្ពុជា រយៈពេល ៤ ថ្ងៃ នៅក្នុងឆ្នាំ ២០១៤ នេះ កើនឡើង ជាងឆ្នាំ ២០១៣ ដែលមាន រយៈពេល ៤ ថ្ងៃដូចគ្នា។
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ០២ កុម្ភៈ ២០១៤
គ្រោះថ្នាក់ចរាចរណ៍នៅក្នុងឱ្យកាសបុណ្យចូលឆ្នាំចិន-វៀតណាម នៅប្រទេសកម្ពុជារយៈពេល ៤ ថ្ងៃ នៅក្នុងឆ្នាំ ២០១៤ នេះ កើនឡើងជាងឆ្នាំ ២០១៣ ដែលមានរយៈពេល ៤ ថ្ងៃដូចគ្នា។
ប្រធានការិយាល័យនីតិវិធី នៃនាយកដ្ឋានសណ្ដាប់ធ្នាប់ ក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក សុខ ណុប ឱ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចំនួន ៩៨ លើក ដែលធ្វើឱ្យមានអ្នកស្លាប់ចំនួន៣៣នាក់ និងរបួស១៩៧នាក់។
លោកបញ្ជាក់បន្ថែមថា ក្នុងតួលេខករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះ គឺច្រើនជាងតួលេខឆ្នាំចាស់ ៥ ករណី ហើយអ្នកស្លាប់តិចជាងឆ្នាំចាស់ ប៉ុន្តែអ្នករបួសច្រើនជាងមុន។ គ្រោះថ្នាក់ចរាចរណ៍ទាំង ៩៨ លើក គឺភាគច្រើនជាអ្នកធ្វើដំណើរដោយមធ្យោបាយម៉ូតូ។ កត្តាដែលបង្កឱ្យមានគ្រោះថ្នាក់នោះ គឺការបើកបរលើសល្បឿនកំណត់ បើកបរពេលស្រវឹង បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរមិនគោរពសិទ្ធិអាទិភាព និងកត្តាផ្សេងៗ មួយចំនួនទៀត។
លោកវរសេនីយ៍ឯក សុខ ណុប ថ្លែងថា ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ ទាំង ៩៨ លើក មានគ្រោះថ្នាក់រថយន្តបុកគ្នាធំមួយ តាមផ្លូវជាតិ ៤ ក្នុងស្រុកកំពង់សីលា នៅថ្ងៃទី ២ កុម្ភៈ ដែលធ្វើឱ្យមនុស្សរបួសធ្ងន់ និងស្រាល ១០ នាក់ និង ៣ នាក់ទៀតស្លាប់។ លោកបញ្ជាក់ថា គ្រោះថ្នាក់នោះ បណ្ដាលមកពីរថយន្តមួយ បែកកង់ ហើយបុករថយន្តមួយទៀត។
លោកអំពាវនាវដល់យុវជន ឱ្យប្រុងប្រយ័ត្នខ្ពស់ពេលបើកបរ ពីព្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនជាយុវជន ដែលមានអាយុចន្លោះពី ១៥ ទៅ ២៩ឆ្នាំ៕
No comments:
Post a Comment