សង្គមស៊ីវិល ចាត់ទុក ឃាតកម្ម លើអ្នកកាសែត ជាការប្រមាថ លើសេរីភាព បញ្ចេញមតិ
អង្គការ សង្គមស៊ីវិល ចាត់ទុកឃាតកម្ម លើអ្នកសារព័ត៌មាន មាគ៌ាកម្ពុជា ជាការប្រមាថ ទៅលើសេរីភាព ក្នុងការបញ្ចេញមតិ ហើយជាពិសេស លើសេរីភាពសារព័ត៌មាន នៅកម្ពុជា។ អ្នកសារព័ត៌មាន លោក សួន ចាន់ ត្រូវបាន ឃាតក វាយសម្លាប់ កាលពីចុងសប្ដាហ៍មុន បន្ទាប់ពី លោក សរសេរអត្ថបទ មួយចំនួន ទាក់ទង នឹងការនេសាទត្រី ខុសច្បាប់។
ដោយ យន់ សាមៀន / អាស៊ីសេរី | ០៤ កុម្ភៈ ២០១៤
លោក សួន ចាន់ ជាអ្នកសារព័ត៌មានទី១២ ហើយដែលត្រូវបានឃាតកសម្លាប់ គិតចាប់តាំងពីឆ្នាំ១៩៩៤។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃច័ន្ទ បានថ្កោលទោសចំពោះឃាតកម្មលើ លោក សួន ចាន់ អ្នកសារព័ត៌មានមាគ៌ាកម្ពុជា កាលពីទី៣១ ខែមករា។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្សាយកាលពីថ្ងៃទី៣ កុម្ភៈ ក៏បានជំរុញឲ្យសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា ត្រូវធានាថា ការស៊ើបអង្កេតធ្វើឡើងដោយពេញលេញ និងឯករាជ្យ ដើម្បីស្វែងរកជនសង្ស័យមកផ្ដន្ទាទោស ជាការផ្តល់យុត្តិធម៌ដល់គ្រួសារ និងការលើកកម្ពស់នូវវប្បធម៌នៃការគោរព និងការការពារដល់អ្នកសារព័ត៌មាន និងការងាររបស់ពួកគេ។
អ្នកសម្របសម្រួលគម្រោងការងារអ្នកការពារសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា ឆាយ ឈុនលី មានប្រសាសន៍ថា ការសម្លាប់អ្នកសារព័ត៌មាន បង្ហាញនូវវប្បធម៌និទ្ទណ្ឌភាពដែលកំពុងរីករាលដាលនៅកម្ពុជា។ កញ្ញាបន្ថែមទៀតថា ប្រសិនបើគ្មានការស៊ើបអង្កេតករណីឃាតកម្ម លោក សួន ចាន់ នោះទេ ស្ថានភាពរបស់អ្នកសារព័ត៌មាននឹងកាន់តែបន្តធ្លាក់ចុះដុនដាបបន្តទៅទៀត៖
«យើងនៅតែមានការព្រួយបារម្ភចំពោះសុវត្ថិភាពអ្នកកាសែត ដោយសារការសម្លាប់អ្នកកាសែត វាមានច្រើនករណីមកហើយ។ យើងនៅតែទាមទារឲ្យរដ្ឋាភិបាលមានការស៊ើបអង្កេតលើរឿងនេះឲ្យបានច្បាស់លាស់»។
ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែមករា លោក សួន ចាន់ និងបងប្អូនប្រមាណជា ៨នាក់ផ្សេងទៀត បាននាំគ្នាអង្គុយទទួលទានអាហារក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ក្រោយមក លោកបានដើរទៅរកទិញបារីជក់នៅចម្ងាយប្រមាណជា ៧០ម៉ែត្រពីផ្ទះ ស្រាប់តែជនល្មើស និងបក្ខពួកប្រដាប់ដោយដែកបំពង់ទីប ដំបងឫស្សីពីងពង់ និងឈើជាច្រើនកំណាត់ ព្រួតគ្នាវាយទៅលើលោកតែម្តង។
អធិការស្រុកជលគីរី លោក ម៉ម ថុន កាលពីថ្ងៃច័ន្ទ មានប្រសាសន៍ថា សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងឃាតកម្មលើរូប លោក សួន ចាន់។ លោកបន្តថា ឃាតកម្មនេះមិនមែនជាប់ពាក់ព័ន្ធនឹងអត្ថបទបោះពុម្ពផ្សាយពីបទល្មើសនេសាទខុសច្បាប់ឡើយ៖«វាអត់ពាក់ព័ន្ធរឿងហ្នឹងផង។ វាពាក់ព័ន្ធរឿងផឹកស៊ីស្រវឹងទាស់សម្ដីគ្នា»។
របាយការណ៍របស់ លោកអធិការ ម៉ម ថុន ផ្ទុយទៅនឹងរបាយការណ៍របស់ប៉ូលិសមូលដ្ឋាន ដែលអះអាងថា ឃាតកម្មលើរូប លោក សួន ចាន់ អាចជាប់ពាក់ព័ន្ធទៅនឹងអត្ថបទរបស់លោកដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ បណ្ដាលឲ្យសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់។
កញ្ញា ឆាយ ឈុនលី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្ថែមទៀតថា ការស៊ើបអង្កេតដោយឯករាជ្យ ត្រូវតែធ្វើឡើង បើទោះបីជាករណីនេះជាប់ពាក់ព័ន្ធនឹងអត្ថបទរបស់ជនរងគ្រោះ ឬក៏ជម្លោះហិង្សាក៏ដោយ។
របាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហាញថា អ្នកសារព័ត៌មានចំនួន ១២នាក់ហើយ រួមទាំង លោក សួន ចាន់ ត្រូវបានឃាតកសម្លាប់ ចាប់តាំងពីឆ្នាំ១៩៩៤។ អ្នកកាសែតចំនួន ៩នាក់ ត្រូវបានសម្លាប់នៅភ្នំពេញ ម្នាក់នៅកំពង់ចាម ម្នាក់នៅខេត្តកំពង់សោម និងម្នាក់ទៀតនៅខេត្តរតនគិរី។ ចំពោះករណីសម្លាប់អ្នកកាសែតវរជនខ្មែរ លោក ហង្ស សេរីឧត្តម ត្រូវបានមន្ត្រីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ថ្កោលទោសតុលាការកម្ពុជា ដែលមិនបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីខែសីហា ឆ្នាំ២០១៣ បានរិះគន់ចំពោះការទម្លាក់បទចោទជនសង្ស័យក្នុងករណីឃាតកម្មលើអ្នកកាសែត ក្នុងសំណុំរឿងកាប់ឈើខុសច្បាប់ក្នុងខេត្តរតនគិរី ថាជាឧទាហរណ៍ថ្មីនៃនិទ្ទណ្ឌភាពនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលពិភពលោក ក៏បានចាត់ទុកការទម្លាក់ចោលបទចោទលើប្ដីប្រពន្ធមន្ត្រីកងរាជអាវុធហត្ថ ដែលត្រូវសង្ស័យថាបានបាញ់សម្លាប់ លោក ហង្ស សេរីឧត្ដម ថាជាការបរាជ័យមួយទៀតនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្នុងកិច្ចការពារពលរដ្ឋដែលសកម្មក្នុងការការពារព្រៃឈើ។
លោក ហង្ស សេរីឧត្តម អាយុ ៤៤ឆ្នាំ អ្នកយកព័ត៌មានអោយកាសែតវរជនខ្មែរ ត្រូវជនមិនស្គាល់មុខសម្លាប់ កាលពីចុងឆ្នាំ២០១២ ដោយសង្ស័យថា ទាក់ទងនឹងការចេញផ្សាយអត្ថបទពីការកាប់បំផ្លាញព្រៃឈើក្នុងខេត្ត។
កាលពីចុងខែមករា ឆ្នាំ២០១៤ ក្រុមអ្នកសារព័ត៌មាន ដែលរាយការណ៍ពីការបង្ក្រាបបាតុកម្មអហិង្សារបស់ក្រុមបាតុករ សហជីពកម្មករកាត់ដេរ និងវិទ្យុសំបុកឃ្មុំ ក៏ត្រូវបានកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលភ្នំពេញ វាយបង្ក្រាបដែរ។
ចាប់តាំងពីមានការសិក្សារបស់អង្គការ ហ្វ្រីដមហោស៍ (Freedom House) ទៅលើការអនុវត្តសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋចាប់តាំងពីឆ្នាំ១៩៧២ មក កម្ពុជា ទទួលបានចំណាត់ថ្នាក់ល្អមធ្យមតែពីរដងគត់ គឺក្នុងឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៤ ពោលគឺក្នុងឆ្នាំដែលកម្ពុជា បានរៀបចំការបោះឆ្នោតដោយមានការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ។ តែចំណាត់ថ្នាក់នេះបានធ្លាក់តាំងពីឆ្នាំ១៩៩៥ រហូតដល់ពេលបច្ចុប្បន្ន៕
No comments:
Post a Comment