HRW អំពាវនាវ ឲ្យ រដ្ឋាភិបាល បញ្ឈប់ ការគំរាមកំហែង លើកម្មករ និងសហជីព
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃអង្គារ ទី4 ខែកុម្ភៈ ឆ្នាំ2014
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) នៅថ្ងៃចន្ទនេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គួរតែធានាថា រោងចក្រកាត់ដេរសម្លៀកបំពាក់ បញ្ឈប់ការបំភិតបំភ័យ និងការគំរាមកំហែងទៅលើកម្មករ ដែលកំពុងស្វែងរកការប្រមូលផ្តុំជាសហជីព និងប្រើប្រាស់សិទ្ធិការងាររបស់ពួកគេ។
HRW ប្រចាំទីក្រុងបាងកក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលកម្ពុជា គួរតែបញ្ឈប់ការហាមបាតុករជាសាធារណៈ និងឈប់ប្រើប្រាស់កម្លាំងសន្តិសុខក្នុងការបំបែកការតវ៉ារស់កម្មករ ដោយជំនួសមកវិញនូវការអនុវត្តនូវច្បាប់ការងារបស់ប្រទេស។
សេចក្តីថ្លែងការណ៍បន្តថា រដ្ឋាភិបាលកម្ពុជា គួរតែធានាថា រោងចក្រ បញ្ឈប់យន្តការបំបែកសហជីព និងធានាការគោរពសិទ្ធិកម្មករ។ ម្ចាស់ម៉ាកនៅលើសាកលលោក ចាំចាច់ត្រូវតែធានាថា អ្នកផ្គត់ផ្គង់របស់ពួកគេ អនុញ្ញាតឲ្យកម្មករ បង្កើតសហជីពដោយឯករាជ្យ ដោយពុំមានការលូកដៃ ហើយតំណាងសហជីព អាចឈរនៅលើក្នុងរោងចក្រដោយពុំមានការភ័យខ្លាច និងសងសឹក។
ក្រសួងការងារ គ្រោងនឹងបើកការពិភាក្សាជាថ្មីលើប្រាក់ឈ្នួលកម្មករ នៅថ្ងៃទី០៥ខែកុម្ភៈខាងមុខ។ ការបើកកិច្ចពិភាក្សានេះ ធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីកម្មករបានចេញមុខតវ៉ា ដោយទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ។ កម្មករ នឹងទទួលបានប្រាក់ឈ្នួល១០០ដុល្លារក្នុងមួយខែចាប់ពីខែកុម្ភៈ ឆ្នាំ២០១៤នេះ តាមការសម្រេចរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួល។
Human Rights Watch បានដាក់ជាអនុសាសន៍ឲ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)ជួយប្រាប់ទៅ សមាជិកខ្លួនក្នុងការបញ្ឈប់ទម្រង់នៃការរើសអើងប្រឆាំងនឹងសហជីព បញ្ឈប់ការគំរាមប្រឆាំងនឹងសហជីពឯករាជ្យនិងបញ្ឈប់ការប្រើប្រាស់មិនត្រឹមត្រូវនៃដំណើរការចុះឈ្មោះសហជីពដោយការិយាធិបតេយ្យ។HRW ស្នើឲ្យអ្នកបញ្ជាទិញអន្តរជាតិ ជំរុញរដ្ឋាភិបាលកម្ពុជាក្នុងការដកបំរាមលើការជួបជុំរបស់បាតុករ និងដោះលែង អ្នកជាប់ឃុំដោយទម្លាក់បទចោទទាំងឡាយណាប្រឆាំងនឹងបុគ្គល ដែលត្រូវបានចាប់ខ្លួន នៅពេលតវ៉ាទាមទារសិទ្ធិការងារ៕
No comments:
Post a Comment