មន្ត្រី បក្សជំទាស់៖ សមត្ថកិច្ច ដាក់ពង្រាយ ជិតស្នាក់ការ ធ្វើឲ្យ អ្នកចូលរួមស្តាប់ សារនយោបាយ បារម្ភ ពីសុវត្ថិភាព
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី13 ខែកុម្ភៈ ឆ្នាំ2014
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា មានកម្លាំងសមត្ថកិច្ច និងមនុស្សច្រើនរយនាក់ ផ្សេងទៀត ត្រូវបានគេដាក់ពង្រាយ ជិតស្នាក់ការខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈលោក សម រង្ស៉ី និងលោក កឹម សុខា ចុះជួបសកម្មជន និងអ្នកគាំទ្រ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថា នៅតាមផ្លូវទៅកាន់ស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែកុម្ភៈនេះ មានសមត្ថកិច្ចរាប់សិបនាក់ បានពង្រាយកម្លាំង ជិតស្នាក់ការរបស់ខ្លួន ចំពេលដែល លោក សម រង្ស៉ី និងលោក កឹម សុខា ចុះជួបសកម្មជន និងអ្នកគាំទ្រ។
អ្នកនាំពាក្យរូបនោះបន្តថា ក្រៅពីកម្លាំងសមត្ថកិច្ច មានមនុស្សច្រើនរយនាក់ផ្សេងទៀត ត្រូវបានគេបញ្ជូនឲ្យមកប្រមូលផ្តុំជិតស្នាក់ការគណបក្សសង្គ្រោះជាតិ ជាហេតុធ្វើឲ្យអ្នកចូលរួម ភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន នៅពេលពួកគេមកចូលរួម ពិធីសំណេះសំណាលរបស់គណបក្សសង្គ្រោះជាតិ «តាមរបាយការណ៍ ពីថ្នាក់ខេត្ត ថ្នាក់ស្រុកមក ទី១ មានការស្ទាក់ឆែករថយន្ត ដើម្បីទប់ស្កាត់ កុំឲ្យអ្នកគាំទ្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ចូលរួម នៅទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ។ ហើយចំនុចមួយទៀត សង្កេតឃើញថា មានអ្នកគាំទ្របក្សប្រជាជន គេទៅជួបជុំគ្នាដែរ នៅចម្ងាយប្រហែលជាជិតកន្លះគីឡូម៉ែត្រ ពីទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិដែរ»។
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ គណប្សសង្រោះជាតិ បានសម្រេចលុបចោល គម្រោងជួបសកម្មជននៅស្នាក់ការ ខេត្តកំពង់ចាម ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយហិង្សា នៅពេលមាន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ច្រើនរយនាក់ ត្រូវបានគេបញ្ជាឲ្យមកចាក់ម៉េក្រូបំពងសំឡេង ស្រែករំខាននៅកន្លងជួបជុំ មុខស្នាក់ការរបស់ខ្លួន។
ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន អះអាងថា ការដាក់ង្រាយកម្លាំងនោះ គឺដើម្បីការពារសន្តិសុខនៃកិច្ចប្រជុំ ក្នុងបំណងការពារសុវត្ថិភាព មិនមែនជារូបភាពគំរាមកំហែងទេ «មិនមានស្អីណា កាក់ឡានអីទេ គាត់មកតាមសម្រួល មានកាក់ឡានប្រសិនជាចំការត្រួតពិនិត្យ ចរាចរណ៍ផ្លូវគោក នេះគេអាចមានត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ប៉ុន្តែសមាជិកគាត់មកទីនេះអស់ហើយ មានស្អី មកតាមសម្រួលទេតើ ឥឡូវខ្ញុំនៅមុខស្នាក់ការគាត់ កំពុងតែធ្វើហ្នឹងហើយ»។
ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិអះអាងថា កិច្ចសំណេះសំណាល របស់លោក សម រង្ស៉ី និងលោក កឹម សុខា ជាមួយសកម្មជន និងអ្នកគាំទ្រ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បានប្រព្រឹត្តទៅដូចការគ្រោងទុក ចំណែកឯការប្រមូលផ្តុំ របស់អ្នកគាំទ្រគណបក្សប្រជាជនវិញ មិនបានមករំខានដូចនៅខេត្តកំពង់ចាមទេ៕
No comments:
Post a Comment