ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ០១ កុម្ភៈ ២០១៤
ផ្ដើមចេញពីបញ្ហាខាងលើនេះ ក្រសួងអប់រំយុវជននិងកីឡា ព្រមានថា នឹងចាត់វិធានការប្រឆាំងសកម្មភាពទាំងនេះ ដោយមិនលើកលែង និងរើសមុខឡើយ បើនៅតែបន្តធ្វើអាជីវកម្មទៀត។ យ៉ាងណាក្រុមអង្គការសង្គមស៊ីវិល ហៅយន្តការរបស់ស្ថាប័នរដ្ឋនេះថា គឺគ្រាន់តែទូងស្គរដើម្បីបង្អើលសត្វប៉ុណ្ណោះ។
បម្រាមនេះនឹងត្រូវចាប់អនុវត្តក្រោយចេញសេចក្ដីសម្រេចនេះរួច ដោយក្រសួងអប់រំសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការចុះបង្ក្រាបនៅតាមទីផ្សារ បណ្ណាគារ និងតូបលក់សៀវភៅ ដោយចាត់ទុកការធ្វើអាជីវកម្មលើសៀវភៅសិក្សាគោលរបស់រដ្ឋនៅពេលនេះថា ជាផ្នែកមួយដែលរំលោភលើកម្មសិទ្ធិបញ្ហា និងជាបទល្មើសជាក់ស្ដែង ដែលទាមទារឲ្យអ្នកអនុវត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លិខិតព្រមានបានបន្តថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រសួងអប់រំយុវជននិងកីឡា ដោយរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ច នឹងចុះតាមទីផ្សារ ព្រមទាំងទីតាំងធ្វើអាជីវកម្មនានា ហើយរឹបអូសយកសៀវភៅសិក្សាគោលទាំងនេះ ដោយពុំទូទាត់ប្រាក់សំណងឡើយ។ លើសពីនេះ ជនប្រព្រឹត្តបទល្មើសត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។
លិខិតដដែលបានអំពាវនាវឲ្យអាជីវករ និងសាធារណជន ឈប់លក់ដូរសៀវភៅមេរៀនដែលមានសរសេរអក្សរថា “ហាមលក់” ជាបន្ទាន់ ដោយចាត់ទុកថា គឺជាអំពើខុសច្បាប់។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហៅចំណាត់ការរបស់ក្រសួងអប់រំ នៅពេលនេះថា នឹងពុំមានប្រសិទ្ធភាពឡើយ។ លោកគិតថា ការពង្រឹងច្បាប់ប្រឆាំងការលក់សៀវភៅសិក្សាគោលនេះ មិនគប្បីអនុវត្តចំពោះអ្នកលក់ដូរទេ។ លោកបន្តថា ផ្ទុយទៅវិញ គប្បីសហការជាមួយម្ចាស់ធ្វើអាជីវកម្ម ដើម្បីកំណត់មុខសញ្ញាមន្ត្រីដែលយកសៀវភៅទៅធ្វើអាជីវកម្មនោះវិញប្រសើរជាជាង។
លោក រ៉ុង ឈុន៖ «បើក្រសួងចង់ចាប់មន្ត្រីនៅក្រោមឱវាទខ្លួន គួរតែធ្វើសហការជាមួយតូបអ្នកសៀវភៅហ្នឹង។ បើសិនជាឃើញមន្ត្រីណាយកសៀវភៅយកអីមកលក់នៅតាមតូបហ្នឹង ត្រូវផ្ដល់ព័ត៌មាន អាហ្នឹងបានត្រូវ។ ហើយមិនមែនមកដាល់ទណ្ឌកម្ម ចាប់រឹបអូសរបស់ពួកបងប្អូនប្រកបមុខរបរនៅតាមផ្សារហ្នឹង វាជារឿងមួយមិនត្រឹមត្រូវទេ»។
ការចេញសេចក្ដីប្រកាសរបស់ក្រសួងអប់រំប្រឆាំងការលក់ដូរសៀវភៅរដ្ឋនេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ ក្រោយពីអង្គការចំនួនពីរ គឺវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ និងសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក រកឃើញពីមូលហេតុដែលនាំឲ្យបាត់សៀវភៅសិក្សាគោលរបស់រដ្ឋនេះ។
ស្ថាប័នទាំងពីរនេះ បានចេញផ្សាយរបាយការណ៍របស់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ក្រោយពីរកឃើញពីមូលហេតុពិតប្រាកដដែលនាំឲ្យបាត់សៀវភៅសិក្សានេះ។
ការសិក្សាស្រាវជ្រាវនៅតំបន់គោលដៅចំនួន ៤ ខេត្ត រាជធានី ក្នុងនោះមានភ្នំពេញ កំពង់ស្ពឺ កំពត និងកំពង់ចាម ចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៣ រកឃើញថា មានសាលារៀនចំនួន ២៣ ក្នុងចំណោម ៣៣ បានទទួលសៀវភៅសិក្សាគោលពីការិយាល័យអប់រំស្រុក ហើយសៀវភៅសិក្សាមួយចំនួន ត្រូវបានមន្ត្រីអនុវត្តទាំងនេះ ដកហូតយកដើម្បីធ្វើអាជីវកម្មដែលជាមូលហេតុនាំឲ្យខ្វះសៀវភៅសិក្សានៅតាមសាលារៀន។ ចំណែកក្នុងចំណោមនោះ មានតែសាលារៀន ១០ប៉ុណ្ណោះ ដែលបានទទួលសៀវភៅសិក្សាគោលដោយផ្ទាល់ពីគ្រឹះស្ថានបោះពុម្ព និងចែកចាយ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានភ្លាមៗទេ ពីមន្ត្រីនៅតាមការិយាល័យអប់រំស្រុក នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ដោយមន្ត្រីមួយចំនួនបានបិទទូរស័ព្ទ។
លោក សន ជ័យ អ្នកសម្របសម្រួលបណ្ដាញរួបរួមគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ថ្លែងថា ដើម្បីបង្កើនគុណភាព និងពង្រឹងវិស័យអប់រំឲ្យមានល្បឿនជាងមុន រដ្ឋាភិបាលគប្បីចាត់វិធានការដោយម៉ឺងម៉ាត់ប្រឆាំងសកម្មភាពទាំងនេះ។ ទោះជាបែបណា លោកគិតថា ប្រសិទ្ធភាពពិតប្រាកដលើយន្តការនៃការអនុវត្តនេះ ស្ថិតក្នុងដំណាក់កាលនៃមន្ទិលសង្ស័យនៅឡើយ។
លោក សន ជ័យ៖ «មានលក់នៅតាមទីផ្សារដោយខុសច្បាប់ ហើយសិស្សចេះតែខ្វះសៀវភៅ ហើយអ៊ីចឹងធ្វើឲ្យមហាជនហ្នឹងគេមើលឃើញថា អភិបាលកិច្ចនៅក្នុងការគ្រប់គ្រងសៀវភៅហ្នឹងវាអន់។ អ៊ីចឹងពេលនេះ ក្រសួងអប់រំចាត់វិធានការហ្នឹង ខ្ញុំគិតថា គឺជាជំហានមួយនៃការរីកចម្រើនផ្នែកវិធានការ។ ប៉ុន្តែប្រសិទ្ធភាពនៃការអនុវត្តផ្នែកវិធានការនេះ យើងរង់ចាំមើលទាំងអស់គ្នា»។
យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន ចាត់ទុកថា គុណភាពនៃវិស័យអប់រំនៅកម្ពុជា ក្នុងជំហានចុងក្រោយនេះ បានធ្លាក់ចុះធ្ងន់ធ្ងរ មិនមែនដោយសារឈ្មួញលក់សៀវភៅមេរៀនដាក់ស្លាកថា “ហាមលក់” នោះទេ។ លោកគិតថា ដើម្បីបង្កើនគុណភាពអប់រំឲ្យបានប្រសើរឡើងវិញ រដ្ឋាភិបាលគប្បីផ្គត់ផ្គង់ប្រាក់បៀវត្សរ៍ដល់គ្រូបង្រៀនឲ្យបានដិតដល់ និងគ្រប់គ្រាន់ ជាពិសេសពង្រឹងការអនុវត្តច្បាប់៕
No comments:
Post a Comment