Paris Peace Accords 23 Oct. 1991

Thursday, February 20, 2014

ពលរដ្ឋ​ ជាង​៣០០​គ្រួសារ​ នៅ​បន្ទាយមានជ័យ​ ប្រឈម​ នឹង​ការបាត់​បង់​ ដី​ស្រែ​ចម្ការ


ជម្លោះ​ដីធ្លី បន្ទាយមានជ័យ ៦១០
២០-កុម្ភៈ-២០១៤៖ អ្នក​ភូមិ ៤​នាក់ តំណាង​ប្រជាពលរដ្ឋ​ចំនួន ២៣៧​គ្រួសារ នៅ​ភូមិ​រុន ឃុំ​សឹង ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)។


ពលរដ្ឋ​ ជាង​៣០០​គ្រួសារ​ នៅ​បន្ទាយមានជ័យ​ ប្រឈម​ នឹង​ការបាត់​បង់​ ដី​ស្រែ​ចម្ការ


ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ២០ កុម្ភៈ ២០១៤
គម្រោង​រៀប​ចំ​ដោះ​ដូរ​ដី​ឲ្យ​ពលរដ្ឋ​ជាង ៧០​គ្រួសារ នៅ​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់ ទៅ​ទទួល​យក​ដី​ថ្មី​នៅ​ក្នុង​ឃុំ​សឹង ស្រុក​អូរជ្រៅ នោះ កំពុង​ជួប​ការ​ប្រឆាំង​ជំទាស់​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​ពីរ នៅ​ក្នុង​ឃុំ​សឹង ដែល​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​ដី។
ប្រជាពលរដ្ឋ​ចំនួន​ជាង ៣០០​គ្រួសារ នៅ​ភូមិ​រុន និង​ភូមិ​ពង្រ ឃុំ​សឹង កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​ដី​ស្រែ​បង្កបង្កើនផល ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​ប្រកាស​ដក​ហូត​ដី​នោះ ថា​ជា​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ ហើយ​ត្រៀម​ធ្វើ​ការ​បែង​ចែក​ដី​នោះ​ទៅ​ប្រជាពលរដ្ឋ​ជាង ៧០​គ្រួសារ នៅ​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។
កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ អ្នក​ភូមិ ៤​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ​រុន ចំនួន ២៣៧​គ្រួសារ បាន​យក​ញត្តិ​មាន​ស្នាម​មេដៃ​អ្នក​ភូមិ​ជាច្រើន​នាក់ សុំ​ឲ្យ​សមាគម​អាដហុក (Adhoc) ជួយ​អន្តរាគមន៍​លើ​ករណី​ដីធ្លី​នេះ​ទៅ​អាជ្ញាធរ​ខេត្ត និង​ទៅ​រដ្ឋាភិបាល។
តំណាង​អ្នក​ភូមិ​ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ ក្រុម​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​នៃ​ស្ថាប័ន​ជំនាញ បាន​ចុះ​ប្រកាស​ដក​ហូត​ដី​ស្រែ​របស់​ភូមិ​រុន និង​ភូមិ​ពង្រ ចំនួន ២៧១​ហិកតារ ថា​ជា​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ ហើយ​ដើម្បី​បែង​ចែក​ដី​នោះ​ទៅ​ឲ្យ​អ្នក​ភូមិ​ស្នួលទ្រេត ចំនួន​ជាង ៧០​គ្រួសារ៖ «គេ​មិន​ព្រម​ឲ្យ ស្រាប់​តែ​យក​ទៅ​ដាក់​ស្នួលទ្រេត ៧៣​គ្រួសារ។ បង​ប្អូន​ខ្ញុំ​គាត់​មិន​សុខ​ចិត្ត។ បង​ប្អូន​ខាង​ស្នួលទ្រេត មក​យក គេ​មិន​ឲ្យ ព្រោះ​អ្នក​ស្នួលទ្រេត មាន​ឈ្មោះ​តាំង​ពី​ក្រុម​ប្រឹក្សា​ឃុំ មាន​ស្មៀន​ឃុំ​អី ដល់​ពេល​មាន​រហូត​ដល់​មេ​ភូមិ​មួយ​ទៀត អ៊ឹង សាមិត្ត គាត់​មាន​ចូល​ក្នុង​ហ្នឹង​ដែរ ថ្នាក់​គាត់​ប៉ុណ្ណោះ​ហើយ​ដែល​ទៅ​អត់​ដី»
ពួក​គាត់​អះអាង​ថា ដី​នោះ​ជា​ប្រភេទ​ដី​ដែល​មាន​ក្បាល​ស្រែ ហើយ​អ្នក​ភូមិ​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៨៩ មក។ គម្រោង​ការ​ដក​ហូត​ដី​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ភូមិ ក្នុង​នោះ​នៅ​ភូមិ​រុន ចំនួន ២៣៧​គ្រួសារ និង​ភូមិ​ពង្រ ១៧០​គ្រួសារ។ តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ម្លិស ប៊ុនថន ថ្លែង​ថា ក្រុម​អ្នក​ភូមិ​ពុំ​មាន​ដី​ស្រែ​បង្កបង្កើនផល​ច្រើន​នោះ​ទេ គឺ​ក្នុង​មួយ​គ្រួសារ​មាន​ប្រហែល​ជិត​កន្លះ​ហិកតារ​ប៉ុណ្ណោះ៖ «សំណូមពរ​ទី​១ គឺ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​រក​យុត្តិធម៌​ជូន​ពួក​ខ្ញុំ​ផង ព្រោះ​មាន​ដី​បន្តិចបន្តួច​ប៉ុណ្ណឹង បើ​សិន​ជា​ខេត្ត​គាត់​ថា​ជា​ដី​គម្រប​ព្រៃ​ឈើ អ៊ីចឹង​ដី​ដែល​ខ្ញុំ​បង្កបង្កើនផល​យូរ​ណាស់​មក​ហើយ​ជា​ដី​រដ្ឋ​អ៊ីចឹង​ទៅ បើ​អស់​ដី​ហ្នឹង ប្រជាពលរដ្ឋ​ទៅ​ថៃ អស់ ខ្លួន​ខ្ញុំ​ផ្ទាល់ ព្រោះ​អស់​រលីង​ហើយ​មាន​សង្ឃឹម​អី​ទៀត»
ប្រជាពលរដ្ឋ​ជាង ៧០​គ្រួសារ កន្លង​ទៅ​នេះ​ធ្លាប់​ទាមទារ​កាន់​កាប់​ដី​ឋិត​នៅ​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់ ហើយ​បាន​បដិសេធ​មិន​ព្រម​ទៅ​ទទួល​យក​ដី​ឋិត​នៅ​ឃុំ​សឹង នោះ​ទេ ដោយសារ​ពួក​គាត់​អះអាង​ថា ដី​នៅ​ភូមិ​រុន និង​ភូមិ​ពង្រ ក្នុង​ឃុំ​សឹង នោះ​មាន​ប្រជាពលរដ្ឋ​កាន់​កាប់​រួច​អស់​ហើយ។
អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់​ថា ដី​ដែល​ប្រជាពលរដ្ឋ​ចំនួន​ជាង ៧០​គ្រួសារ​កាន់​កាប់​នៅ​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់ នោះ ត្រូវ​ដក​ហូត​យក​រក្សា​ទុក ដើម្បី​រៀប​ចំ​ធ្វើ​ជា​កន្លែង​បណ្ដុះ​កូន​ឈើ​ឡើង​វិញ។
អ្នក​ភូមិ​ស្នួលទ្រេត នឹង​ទទួល​បាន​ដី​ថ្មី​ជំនួស​វិញ ឋិត​ក្នុង​ឃុំ​សឹង។
ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​សឹង លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា ដី​នោះ គឺ​ក្រុម​អ្នក​ភូមិ​ចូល​ទៅ​កាន់​កាប់​នៅ​ក្រោយ​សារាចរ​លេខ​០១ របស់​រដ្ឋាភិបាល។ លោក​ចោទ​ថា ការ​តវ៉ា​របស់​អ្នក​ភូមិ​នេះ គឺ​កើត​ចេញ​ពី​ក្រុម​មេ​ខ្យល់​ដែល​បង្ក​ការ​ញុះញង់៖ «ពួក​គាត់​មែន​ទែន​ទៅ រំលោភ​ក្រោយ​បទ​បញ្ជា​លេខ​០១។ យើង​អត់​ទាន់​ទទួល​ស្គាល់​គាត់​ជា​អ្នក​កាន់​កាប់​នៅ​ស្រប​ច្បាប់​ទេ អា​នេះ​គាត់​ឮ​ថា បង​ប្អូន ៧៥​គ្រួសារ​ពី​ខាង​ស្នួលទ្រេត ទៅ​ដាក់​នៅ​ហ្នឹង គាត់​អត់​ឲ្យ​របស់​គាត់​ដែរ។ អា​ហ្នឹង​វា​អត់​ត្រឹមត្រូវ បញ្ជូន​ឯកឧត្ដម ចុង ផែត ទៅ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​លាស់​មើល មាន​បញ្ហា​អី​នៅ​ក្នុង​ហ្នឹង​ទៀត អ៊ីចឹង​ទៅ​ដើរ​ចាប់​ដី យើង​ត្រូវ​ធ្វើ​ម៉េច​ដោះ​អោយ​វា​រលូន​ទាំងអស់​គ្នា»
ប៉ុន្តែ ក្រុម​អ្នក​ភូមិ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​អះអាង​ថា ពួក​គាត់​បាន​កាន់​កាប់​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៨៩ មក។
មេ​ភូមិ​រុន លោក វិញ ចែត ថ្លែង​ថា ក្រុម​អ្នក​ភូមិ​មិន​ព្រម​ប្រគល់​ដី​ស្រែ​ទាំង​នោះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្នួលទ្រេត នោះ​ឡើយ។ លោក​ថា ការ​ដក​ហូត​ដី​របស់​អ្នក​ភូមិ​នេះ កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​បញ្ហា​ជីវភាព៖ «បើ​និយាយ​ពី​ការ​បាត់​បង់ គឺ​ធំធេង​ណាស់។ ខ្ញុំ​ថា បើ​សិន​ជា​មិន​មាន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ ប្រហែល​ជា​បាត់​បង់​សន្លឹក​ឆ្នោត​ទៀត ព្រោះ​ប្រជាពលរដ្ឋ​គាត់​អស់​ជំនឿ គាត់​ស្រឡាញ់​ណាស់​គណបក្ស និង​រដ្ឋាភិបាល ប៉ុន្តែ​ដោយសារ​ទង្វើ​អស់​លោក​មួយ​ចំនួន លប់​បំបាត់​ហែក​នូវ​សន្លឹក​ឆ្នោត​របស់​សម្ដេច​ចោល»
ពាក់ព័ន្ធ​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​សមាគម​អាហដុក លោក ស៊ុំ ច័ន្ទគារ ថ្លែង​ថា អាជ្ញាធរ​ខេត្ត​គួរ​ពិចារណា​លើ​ការងារ​ដោះ​ដូរ​ដី​នេះ​ឡើង​វិញ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ៖ «សុំ​គាត់​ចេញ ទី​២ យើង​ពិនិត្យ​ឲ្យ​បាន​ជាក់​លាក់​ថា តើ​ដី​របស់​គាត់​កាន់​កាប់​អាស្រ័យ​ផល​ជាក់​ស្ដែង ឬ​មួយ​យ៉ាង​ណា? តើ​គួរ​តែ​ផ្ដល់​ឲ្យ​គាត់ ឬ​ក៏​រក្សា​ដី​ហ្នឹង​សម្រាប់​ឲ្យ​ពួក​គាត់​ហ្នឹង​ចុះ​ឈ្មោះ​ដាក់​ក្នុង​ការ​ដែល​សុំ​ជា​ដី​មួយ សម្រាប់​ធ្វើ​ជា​វិនិយោគទុន ឬ​ក៏​សម្បទាន​ខ្នាត​តូច​អី​នៅ​លើ​ដី​ហ្នឹង ដើម្បី​ឲ្យ​ពួក​គាត់​ក្លាយ​ជា​ម្ចាស់​ដី ហើយ​នឹង​ក្លាយ​ជា​អ្នក​ទាញ​ផល​ប្រយោជន៍​ពី​ដី ដើម្បី​ភាព​រីក​ចម្រើន​នៃ​ក្រុម​គ្រួសារ​របស់​គាត់»
លោក​បន្ត​ថា ប្រជាពលរដ្ឋ​ភូមិ​ស្នួលទ្រេត ចំនួន​ជាង ៧០​គ្រួសារ ដែល​អាជ្ញាធរ​ត្រៀម​បញ្ជូន​ទៅ​ទទួល​ដី​ថ្មី​នៅ​ឃុំ​សឹង នោះ​សុទ្ធ​សឹង​ជា​មាន​ដី​កាន់​កាប់​ជាក់​ស្ដែង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ប៉ុន្តែ​ការ​រៀប​ចំ​របស់​អាជ្ញាធរ​ទៅ​កាន់​ដី​ថ្មី​នេះ គឺ​ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ឲ្យ​ខាង​ក្រុមហ៊ុន​ឯកជន​របស់ លោកស្រី សូ ចន្ធូ។ ផល​ប្រយោជន៍​បាន​ទៅ​ក្រុមហ៊ុន រីឯ​ប្រជាពលរដ្ឋ​មិន​ត្រឹម​តែ​បាត់​បង់​ដីធ្លី​ទេ ប៉ុន្តែ​ការ​រៀប​ចំ​ដី​ធ្លី​របស់​អាជ្ញាធរ​នេះ កំពុង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ មាន​ជម្លោះ​ជាមួយ​គ្នា​ថែម​ទៀត៕



No comments:

Post a Comment