អង្គជនុំជម្រះ ក្នុងសាលាក្តីខ្មែរក្រហម។
សាលាក្តី ខ្មែរក្រហម ផ្តើមរៀបចំ ដំណើរការ សំណុំរឿង ០០២ វគ្គ២
សាលាដំបូង នៃសាលាក្តី ខ្មែរក្រហម បានប្រកាសឲ្យដឹងថា សវនាការ ដើម្បីស្តាប់ទឡ្ហីករណ៍ផ្ទាល់មាត់ អំពី វិសាលភាព នៃសំណុំរឿង ០០២ វគ្គ២ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១១ កុម្ភៈខាងមុខនេះ។ នេះជា សវនាការ ដើម្បីត្រៀមរៀបចំ មុននឹងឈាន ដល់អង្គសវនាការ សំណុំរឿង ០០២ វគ្គ២ ជាផ្លូវការ។ អង្គសវនាការ ក៏នឹងស្តាប់សំណើ របស់មេធាវី ការពារក្តី ឲ្យលោក ខៀវ សំផន អំពី ការបិទបញ្ចប់ សំណុំរឿង ០០២ វគ្គទី១ ផងដែរ។
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ សាលាក្តីខ្មែរក្រហមបានផ្តើមបន្តសវនាការរបស់ខ្លួនឡើងវិញ។ នៅថ្ងៃទី ១១ កុម្ភៈនេះ អង្គជំនុំជម្រះសាលាដំបូងនឹងបើកសវនាការដើម្បីស្តាប់ទឡ្ហីករណ៍ផ្ទាល់មាត់អំពីវិសាលភាពនៃសំណុំរឿង ០០២ វបគ្គទី២ ។ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃសុក្រទី ០៧ កុម្ភៈនេះ។
សវនាការនឹងបើកធ្វើចាប់ពីម៉ោង ៩ ព្រឹកដោយបើកឲ្យសាធារណជននិងបណ្តាញផ្សាយព័ត៌មានយ៉ាងទូលំទូលាយ។ នៅថ្ងៃដដែលនេះដែរ សវនាការក៏គ្រោងនឹងស្តាប់សំណើរបស់ក្រុមមេធាវីការពារក្តីរបស់លោក ខៀវ សំផន ដើម្បីបញ្ជាក់ថា សំណុំរឿង ០០២ វគ្គទី១ត្រូវបានបិទបញ្ចប់ជាស្ថាពរសិនមុននឹងចាប់ផ្តើមសវនាការលើភស្តុតាងសំណុំរឿង ០០២ វគ្គទី២ ។
សូមបញ្ជាក់ថា សំណុំរឿង ០០២ មានជនជាប់ចោទដែលនៅរស់រានមានជីវិតចុងក្រោយតែពីរនាក់ប៉ុណ្ណោះគឺ បងធំទី២ នួន ជា និង អតីតប្រមុខរដ្ឋ ខៀវ សំផន។ ជនជាប់ចោទទាំងពីរដែលមានវ័យកាន់តែចាស់ជរាទៅហើយនោះត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសន្ធិសញ្ញាក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ ។
ដើម្បីពន្លឿននីតិវិធី សាលាក្តីបានសម្រេចបំបែកសំណុំរឿងជាផ្នែកតូច។ សវនាការដើម្បីធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់សំណុំរឿង ០០២ វគ្គទី១ បានឈានដល់ទីបញ្ចប់កាលពីថ្ងៃទី ៣១ តុលា ឆ្នាំ ២០១។ សាលក្រមនៃសំណុំរឿងនេះត្រូវគេគ្រោងនឹងប្រកាសក្នុងអំឡុងត្រីមាសទី២នៃឆ្នាំ ២០១៤ នេះ៕
No comments:
Post a Comment