ផ្ទះប្រជាពលរដ្ឋដែលត្រូវបានដុតបំផ្លាញ ដោយក្រុមហ៊ុនចិន (រូបភាព៖ សុខន)
លោក ឃឹម ច័ន្ទឌី អភិបាលស្រុកគិរីសាគរ (រូបថត៖ សុខន)
ក្រុមអង្គការ សង្គមស៊ីវិល ជំរុញរដ្ឋាភិបាល ចាត់វិធានការ លើក្រុមហ៊ុនចិន ដែលដុតផ្ទះ ពលរដ្ឋខ្មែរ
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃសុក្រ ទី7 ខែកុម្ភៈ ឆ្នាំ2014
ក្រុមអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋាន ជំរុញមន្ត្រីរដ្ឋាភិបាល ចាត់វិធានការលើក្រុមហ៊ុនចិនមួយ នៅខេត្តកោះកុង ដែលដុតផ្ទះពលរដ្ឋ ដើម្បីយកដីអភិវឌ្ឍន៍។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO forum) អង្គការលីកាដូ សមាគមអាដហុក មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC) និងអង្គការមួយចំនួនទៀត កំពុងស្វះស្វែងជួយអន្តរាគមន៍ផ្លូវច្បាប់ ដល់ប្រជាពលរដ្ឋ៤៥គ្រួសារ និងពលរដ្ឋមួយចំនួនទៀត ដែលក្រុមហ៊ុនចិនឈ្មោះ យូញៀនឌីវើលុបភឺមែន គ្រុប បានដុត និងរុះរើផ្ទះពួកគេ ចេញពីដីទំនាស់ ដោយមិនផ្តល់សំណង ដើម្បីបើកផ្លូវវិនិយោគ ៩៩ឆ្នាំ។
មន្ត្រីសម្រសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ ប្រាប់អ្នកសារព័ត៌មាន នៅពេលចុះទៅកន្លែងដែលពលរដ្ឋតវ៉ា នៅភូមិតានូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការដែលក្រុមហ៊ុនចិនមួយនេះ ប្រើកម្លាំងទ័ព ដែលមានអាវុធ ទៅរុះរើ និងដុតផ្ទះពលរដ្ឋ ចាប់ពលរដ្ឋដាក់ខ្នោះ ដោយមិនផ្តល់សំណងបែបនេះ ជាទង្វើរំលោភសិទ្ធិមនុស្ស ដែលអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាល ត្រូវទប់ស្កាត់ ឲ្យមានប្រសិទ្ធិភាព «កម្លាំងទាហ៊ានដែលទៅធ្វើការបណ្តេញដោយបង្ខំនេះ វាជាករណីរំលោភសិទ្ធិមនុស្ស ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថានភាព ជីវភាពរបស់ប្រជាពលរដ្ឋ»។
មន្ត្រីដីធ្លី របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO forum) លោក ផាន់ ស៊ីថាន ដែលតាមដានករណីនេះ ឲ្យដឹងថា វិធានការបណ្តេញពលរដ្ឋចេញ ពីស្រុកគីរីសាគរ និងបុទុបសាគរ របស់ក្រុមហ៊ុនចិននេះ កំពុងអនុវត្តផ្ទុយ ពីគោលនយោបាយដីធ្លីរបស់រដ្ឋាភិបាល ពិសេសសារាចរលេខ០១ ដែលម្រូវឲ្យដោះស្រាយសំណង មុននឹងដំណើរការឈូសឆាយ «ខ្ញុំគិតថា យើងមានបញ្ហានៅកន្លែងនេះ ជាពិសេសគឺការអនុវត្តពាក់ព័ន្ធទៅនឹងគោលនយោបាយ ដែលមានស្រាប់របស់រដ្ឋាភិបាល ឬមួយក៏ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៅថ្នាក់លើ។ អ៊ីចឹងរដ្ឋាភិបាលត្រូវពិនិត្យឡើងវិញ នូវអ្វីដែលកើតមាននៅទីនេះ ជាពិសេសការដុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ជាង៤០ខ្នងកន្លងមកនេះ ហើយការឈូសឆាយបំផ្លាញដំណាំផ្សេងៗ ដែលប្រជាពលរដ្ឋគាត់បានដាំដុះ គាត់បានទទួលផលកន្លងមក»។
លោក ផាន់ ស៊ីថាន មន្ត្រីដីធ្លី របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (រូបថត៖ សុខន)
សារាចរលេខ០១របស់រដ្ឋាភិបាល ឆ្នាំ២០១២ ត្រង់ចំណុច២សេរសេរថា ក្រសួងស្ថាប័ននិងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់នូវគោលនយោបាយ នូវរាល់គោលនយោបាយ និងរាល់លក្ខខណ្ឌទាំងឡាយ នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការផ្តល់សម្បទានដីសេដ្ឋកិច្ច ពិសេស ការអនុវត្តគោលនយោបាយស្បែកខ្លា និងមិនធ្វើឲ្យប៉ះពាល់ដល់ដីសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាដើម ។
VOD មិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន ចិន លោក លី តឹកហៃ បានទេ ដោយលោកទូរស័ព្ទ របស់លោកមិនអ្នកទទួល។
ប៉ុន្តែអភិបាលស្រុកគិរីសាគរ លោក ឃឹម ច័ន្ទឌី អះអាងថា អាជ្ញាធរក៏ដូចរដ្ឋាភិបាល មិនគាំទ្រឲ្យមានការបណ្តេញពលរដ្ឋចេញដោយបង្ខំទេ ប៉ុន្តែលោកថា អាជ្ញាធរកំពុងចុះសិក្សាករណីបណ្តេញចេញនេះ តាមលទ្ធភាពដែលអាចធ្វើបាន «ថ្មីៗនេះ ដោយខ្ញុំបានទទួលដំណឹងថា ប្រជាពលរដ្ឋត្រូវទទួលការឲ្យចេញ ហើយត្រូវរុះរើផ្ទះសម្បែងនេះ ខ្ញុំបានចាប់សហការីខ្ញុំនេះ ឲ្យពិនិត្យអន្តសញ្ញាណរបស់ពួកគាត់ ហើយយើងនឹងធ្វើការសម្របសម្រួល ជាមួយគណៈអង្គការអន្តរក្រសួង ដើម្បីរកផ្ទះ និងរកទីតាំងថ្មី ដើម្បីឲ្យគាត់បានទៅស្នាក់នៅ។ ហើយខ្ញុំបានគិតគូរ ចាត់ចែងហើយការងារនេះ»។
ប្រធានកម្មវិធីដីធ្លី នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC) លោក ហួន ជុនឌី យល់ថា ការដែលអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ បណ្តោយឲ្យក្រុមហ៊ុនចិន ដុតផ្ទះពលរដ្ឋដោយមិនទាន់ផ្តល់សំណងនោះ អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
ក្រុមហ៊ុនចិន ឈ្មោះ យូញៀនឌីវើលុបភឺមែន គ្រុប ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ទំហំ៣៦០០០ហិកតា កាលពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានទេសចេរណ៍ស្របតាមស្តង់ដារអន្តជាតិ ហៅថាក្បាលនាយ៧ ដែលលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រជិត១០០គីឡូម៉ែត្រ គ្របដណ្តប់លើស្រុកគីរីសាគរ និងបុទុមសាគរ ខេត្តកោះកុង។ ប៉ុន្តែ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ១១៦៣គ្រួសារ ខណៈក្រុមហ៊ុននេះទទួលបានដីសម្បទានបន្ថែម ៩១០០ហិកតាទៀត ដើម្បីធ្វើអាងស្តុបទឹក និងវារីអគ្គិសនី៕
អត្ថបទទាក់ទង៖
- ប្រជាពលរដ្ឋខេត្តកោះកុង បិទផ្លូវមុខក្រុមហ៊ុនចិន ញូញៀន ឌីវីឡុបមិន គ្រុប ដើម្បីទាមទារសំណង
No comments:
Post a Comment