គ្រូបង្រៀន នៅស្វាយរៀង ត្អូញ ថា មន្ទីរអប់រំ កាត់ប្រាក់ខែ ពេលទៅរៀនគ្រូបន្ត
ដោយ ហ៊ុំ ចំរើន / អាស៊ីសេរី | ១១ កុម្ភៈ ២០១៤
គ្រូបង្រៀនអនុវិទ្យាល័យនៅខេត្តស្វាយរៀង រិះគន់មន្ត្រីអប់រំខេត្ត ថាបានកាត់ប្រាក់ខែមុខងារបង្រៀនរបស់គ្រូដែលប្រឡងជាប់កម្រិតគ្រូវិទ្យាល័យ ទៅរៀនបន្តនៅរាជធានីភ្នំពេញ។ គ្រូបង្រៀនបញ្ជាក់ថា ការកាត់ប្រាក់ខែនេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់គ្រូបង្រៀន។ ប៉ុន្តែ មន្ត្រីអប់រំបញ្ជាក់ថា ការកាត់ប្រាក់ខែនេះជាគោលការណ៍របស់ក្រសួង។
គ្រូបង្រៀនបានរៀបរាប់ឲ្យដឹងថា មន្ត្រីអប់រំកាត់ប្រាក់ខែមុខងារបង្រៀនរបស់គ្រូរៀងរាល់ខែ គឺកើតមានបន្ទាប់ពីពួកគេប្រឡងជាប់ ទៅរៀនបន្តនៅរាជធានីភ្នំពេញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣ រហូតមក។
គ្រូបង្រៀនអនុវិទ្យាល័យនៅខេត្តស្វាយរៀង សុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ ថ្លែងបញ្ជាក់នៅថ្ងៃទី១០ កុម្ភៈ ថា មន្ត្រីអប់រំកាត់ប្រាក់ខែមុខងារបង្រៀនរបស់គ្រូដែលប្រឡងជាប់គ្រូវិទ្យាល័យម្នាក់ប្រមាណជិត ១០ម៉ឺនរៀលក្នុងមួយខែ។ លោកថ្លែងបន្តថា ក្រៅពីនោះគ្រូបង្រៀនបឋមសិក្សាមួយចំនួនដែលប្រឡងជាប់ទៅរៀនបន្តគ្រូអនុវិទ្យាល័យ ក៏ត្រូវមន្ត្រីអប់រំខេត្តស្វាយរៀង កាត់ប្រាក់ខែមុខងារបង្រៀនដែរ។ ប៉ុន្តែ ការកាត់ប្រាក់ខែនេះមានចំនួនតិចជាងគ្រូអនុវិទ្យាល័យ ពោល គឺគ្រូបង្រៀនបឋមម្នាក់ កាត់ប្រាក់មុខងារបង្រៀនប្រមាណជាង ៧ម៉ឺនរៀលក្នុងមួយខែ។
ស្រដៀងគ្នានេះដែរ គ្រូបង្រៀនអនុវិទ្យាល័យនៅខេត្តស្វាយរៀង សុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ទៀតឲ្យដឹងថា ចាប់តាំងពីលោកទៅរៀនគ្រូវិទ្យាល័យនៅរាជធានីភ្នំពេញមក ជីវភាពរបស់លោកជួបការលំបាក ពុំមានប្រាក់គ្រប់គ្រាន់សម្រាប់ចាយវាយក្នុងការសិក្សាទេ៖ «ពេលយើងទៅបើកប្រាក់ហ្នឹង វាបានតិចតួចស្ដួចស្ដើង អ៊ីចឹងហើយពេលដែលយើងទៅរៀនអ៊ីចឹង គេកាត់ទៀត។ ហើយខ្ញុំឆ្ងល់ទៀត ម៉េចស្រុកគេអត់កាត់អ៊ីចឹង គេថាមិនដឹងទេ ទៅសួរមន្ទីរ។ សួរមន្ទីរ គេថាខ្លះកាត់ខ្លះអត់ ទៅរៀនទាំងអស់គ្នាហ្នឹង។ សំណូមពរទៅរដ្ឋាភិបាលដូចជាក្រសួងអប់រំហ្នឹង គាត់ជួយមើលអាបញ្ហាហ្នឹងផង គ្រូបង្រៀនប្រាក់ខែតិច ហើយកាត់គ្នាទៀត។ សំណូមពរបើកាត់ហើយ កាត់ឲ្យគ្រប់គ្នាផង កុំកាត់ខ្លះ កាត់ខ្លះអត់អ៊ីចឹង»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងប្រធានមន្ទីរអប់រំ ខេត្តស្វាយរៀង ដើម្បីសុំការពន្យល់ជុំវិញការកាត់ប្រាក់ខែមុខងាររបស់គ្រូនេះបានទេ នៅថ្ងៃទី១០ កុម្ភៈ ដោយទូរស័ព្ទរោទ៍តែពុំមានអ្នកទទួល។
ប៉ុន្តែ ប្រធានការិយាល័យអប់រំ ស្រុករមាសហែក លោក ចាប សាឡន មានប្រសាសន៍បញ្ជាក់ថា ការកាត់ប្រាក់ខែមុខងាររបស់គ្រូបង្រៀននេះ ធ្វើទៅតាមគោលការណ៍របស់ក្រសួង ចំពោះគ្រូណាដែលប្រឡងជាប់ ហើយបានទៅរៀនលើសពី ៦ខែឡើងទៅ៖ «បើសិនថាគាត់ទៅក្រោម ៦ខែ គេអត់កាត់ទេ ហ្នឹងឲ្យតែលើស ៦ខែ បានគេកាត់បាទ! គេកាត់តែប្រាក់មុខងារទេ ហើយប្រាក់ស្អីទៀតនៅទាំងអស់បាទ!»។
តែយ៉ាងណា ក្រុមគ្រូបង្រៀនឲ្យដឹងថា មន្ត្រីអប់រំ ខេត្តស្វាយរៀង កាត់ប្រាក់មុខងារបង្រៀនរបស់ពួកគាត់តាំងពីចេញទៅរៀនខែដំបូងមកម្ល៉េះ។ ហើយគ្រូដែលមានបញ្ហាកាត់ប្រាក់ខែនោះ ពុំទូទៅស្មើភាពគ្រប់គ្រូបង្រៀនដែលប្រឡងជាប់នោះទេ ពោល គឺស្រុកខ្លះកាត់ និងស្រុកខ្លះមិនកាត់។
គ្រូអនុវិទ្យាល័យពេលប្រឡងជាប់ជាគ្រូវិទ្យាល័យ ត្រូវទៅរៀនបន្តនៅរាជធានីភ្នំពេញ ចំនួន ២ឆ្នាំ ហើយនៅពេលបញ្ចប់ការសិក្សាត្រឡប់មកវិញ ទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រ មានឋានៈជាមន្ត្រីរាជការអប់រំក្របខ័ណ្ឌ "ក" ជាគ្រូបង្រៀនវិទ្យាល័យ៕
No comments:
Post a Comment