Paris Peace Accords 23 Oct. 1991

Wednesday, February 19, 2014

លោក សម រង្ស៊ី​៖ គណបក្ស​ នៅ​តែ​ទាមទារ​ ឲ្យមាន​ ការស៊ើបអង្កេត​ លទ្ធផ​ល​ឆ្នោត និង​បោះឆ្នោត​ ឡើងវិញ​​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)

លោក សម រង្ស៊ី​៖ គណបក្ស​ នៅ​តែ​ទាមទារ​ ឲ្យមាន​ ការស៊ើបអង្កេត​ លទ្ធផ​ល​ឆ្នោត និង​បោះឆ្នោត​ ឡើងវិញ​​


ដោយ៖​ តាំង វី​ដា​ / វីអូឌី | ថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2014

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រកាស​ជំហរ​ជាថ្មី ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ភាពមិនប្រក្រតី​ថ្ងៃ​បោះឆ្នោត ២៨​កក្កដា និង​ការទាមទារ​បោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ ទៅ​ក្នុង​កិច្ចប្រជុំ​ចរចា​របស់​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​ខាង​មុខៗ​។​
ការអះអាង​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ការឆ្លើយតប​ទៅ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន កុំ​មាន​ឲ្យ​ការព្រួយបារម្ភ ព្រោះ​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស នៅ​ថ្ងៃ​ម្សិលមិញ​នេះ គ្រាន់តែ​ជា​ជំហាន​ទី​១ ដើម្បី​កំណត់​ក្រប​ខណ្ឌ និង​យន្តការ​នៃ​ការកែទម្រង់​ការបោះឆ្នោត​ទៅ​ថ្ងៃ​ខាង​មុខ​ប៉ុណ្ណោះ​។ លោក សម រង្ស៊ី បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​គោល​ជំហរ​ដដែល នោះ​គឺ ការទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ត្រឹមត្រូវ ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ដែល​ជា​ការគាំទ្រ ពី​សហគមន៍​ជាតិ និង​អន្តរជាតិ បើ​មិន​ដូច្នេះ​ទេ គឺ​ការបោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​ជា​ជម្រើស​តែមួយគត់​ «​យើង​ត្រូវ​តែ​រក្សា ជំហរ​ហ្នឹងហើយ ពីព្រោះ​ទាំង​ប្រជារាស្ត្រ​ខ្មែរ ទាំង​អន្តរជាតិ ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​គេ​គាំទ្រ​ជំហរ​របស់​យើង​។ ហើយ​ជំហរ​មួយទៀត បើ​ថា​មិន​ស៊ើបអង្កេត​ឲ្យ បាន​ត្រឹមត្រូវ ឲ្យបាន​ឆាប់រហ័ស គឺ​ការបោះឆ្នោត​ឡើងវិញ បោះឆ្នោត​ឡើងវិញ​មុខ​ចប់​អាណត្តិ ជំហរ​នេះ យើង​នៅ​តែ​រក្សា​ដដែល ដូច្នេះ​សូម​បងប្អូន​ជនរួមជាតិ កូនក្មួយ កុំ​បារម្ភ​»​។​
ជា​ការឆ្លើយតប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប អះអាងថា ការស្នើ​ស៊ើបអង្កេត​លទ្ធផល​ឆ្នោត ទាំង​ដែល​ស្ថាប័ន​ជាតិ​កំពូលៗ បានរៀបចំ និង​ដំណើរ​តាម​ច្បាប់​ហើយ គឺ​មិន​អាច​ទៅរួច​នោះឡើយ​។ លោក​ថា ចំពោះ​ការទាមទារ​បោះឆ្នោត​មុន​អាណត្តិ​គឺ​ពុំ​មាន​ចែ​ក្នុង​ច្បាប់​ទេ លុះណាតែ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដែល​ទាមទារ​ឲ្យ​បេក្ខភាព​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា ជជែក​គ្នា និង​មាន​ការឯកភាព​ជាមុន​សិន​ «​តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត​នោះ ត្រូវ​ចូល​ទៅ​ស្បថ​ឲ្យ​ហើយ គណបក្ស​សង្គ្រោះ​ជាតិ ៥៥​រូប​មុន ហើយ​យើង​ទៅ​និយាយ​គ្នា​តទៅ​ទៀត​ទៅ បង្កើត​គណៈកម្មការ​ចម្រុះ​។ បើ​ចង់​ធ្វើ​ស្អី ឲ្យតែ​ចូល​ក្នុង​សភា​ហើយ អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ​ឲ្យតែ​មាន​ការឯកភាព​គ្នារ​វាង គណបក្ស​ជាប់​ឆ្នោត ទាំងពីរ​»​។​
អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់ថា ការទាមទារ​នេះ មិន​អាច​ទៅរួច​ទេ គ្រាន់តែ​ជា​កិច្ច​បង្ហាញ និង​លួងលោម​អ្នកគាំទ្រ​ខ្លួន​តែប៉ុណ្ណោះ​។ លោក​វិភាគ​ថា គណបក្ស​ទាំង​ពីរ នឹង​រក​វិធីសាស្ត្រ​ផ្សេង ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ ដោយ​ការធ្វើ​សម្បទាន​ទៅវិញទៅមក ដូចជា​អំណាច​ក្នុង​សភា​ជាដើម​ «​កែទម្រង់ គជប នោះ​ស្មើនឹង​បោះឆ្នោត​មិន​ត្រឹមត្រូវ​ហើយ ចឹងគេ​សម្បទាន​ឲ្យ​យើង​កែ​ទម្រង់ គជប អញ្ចឹង​អាច ការ​ដែល​បោះឆ្នោត​មុន​អាណត្តិ គេ​អាច​បន្ទន់ឥរិយាបថ​មួយទៀត គឺ​គេ​ចែករំលែក​អំនាច​ក្នុង​សភា​នោះ​ស្មើគ្នា ឧទាហរណ៍ ការរៀបចំ​ឲ្យមាន​តុល្យ​ភាព អំនាច អាច​ចែក​គណៈកម្មការ នៅក្នុង​សភា​នោះ​ឲ្យមាន​តុល្យភាព​»​។​
​ជំនួប​ចរចា​រវាង​ក្រុម​ការងារ​បច្ចេកទេស​គ​ណ​បក្ស​ទាំងពីរ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ បានសម្រេច​ព្រមព្រៀងគ្នា ស្នើ​បង្កើត​គណៈកម្មការ​ចម្រុះ ដោយ​មាន​សមាសភាព​ស្មើគ្នា មកពី​គណបក្ស​មាន​អាសនៈ​ក្នុង​សភា ដើម្បី​រៀបចំ​ក្រប​ខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ​។ គណៈកម្មការ​ចម្រុះ​នេះ នឹង​បំពេញ​ការងារ​របស់​ខ្លួន តាមរយៈ​វេទិកា​សាធារណៈ ប្រមូល​មតិយោបល់ និង​អានុសាសន៍​ពី​ប្រជាពលរដ្ឋ​អង្គកា​រ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ប្រទេស​ដៃគូរ​អភិវឌ្ឍន៍​នានា ដើម្បី​កែលម្អ​ច្បាប់ និង​កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ​៕




No comments:

Post a Comment