Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

សមាជិក​ សភា​អាមេរិក ​ព្រួយ​បារម្ភ​ ចំពោះ​តុលាការ​ កម្ពុជា​ ឲ្យ​ជន​ជួញ​ដូរ​មនុស្ស ​រួច​ទោស

តុលាការកំពូល៣០៥
រូបថត​ថ្ងៃ​ទី១១ ធ្នូ ២០១១៖ ទីស្នាក់ការ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ
RFA/Keo Nimol

សមាជិក​ សភា​អាមេរិក ​ព្រួយ​បារម្ភ​ ចំពោះ​តុលាការ​ កម្ពុជា​ ឲ្យ​ជន​ជួញ​ដូរ​មនុស្ស ​រួច​ទោស

ដោយ ឡេង ម៉ាលី / អាស៊ីសេរី |​ ១៣ កុម្ភៈ ២០១៤
សមាជិក​សភា​សហរដ្ឋ​អាមេរិក ព្រួយ​បារម្ភ​ចំពោះ​ភាព​បរាជ័យ​របស់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស។
សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ចុះ​ថ្ងៃ​ទី​១២ កុម្ភៈ សរសេរ​ថា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក និង​ជា​អ្នក​ដឹក​នាំ​ជើង​ចាស់​ផ្នែក​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស លោក អិដ រ៉យស៍ (Ed Royce) បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ខ្លួន គឺ​លោក ចន ឃែររី (John Kerry) ដោយ​បង្ហាញ​ពី​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ ចំពោះ​តុលាការ​កំពូល​កម្ពុជា ដែល​ឱ្យ​ជន​ជួញ​ដូរ​មនុស្ស ឈ្មោះ អៀម រតនា រួច​ទោស។
លោក អៀម រតនា ជា​អតីត​ប្រធាន​អង្គភាព​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ និង​ជន ៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដោយ​កំបាំង​មុខ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៧​ឆ្នាំ កាល​ពី​ឆ្នាំ​២០១១ ពី​បទ​ពាក់ព័ន្ធ​ការ​ជួញ​ដូរ​មនុស្ស និង​ពេស្យាចារ​អនីតិជន។ សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ លោក អៀម រតនា សមគំនិត​ជាមួយ​ជន ៣​នាក់​ទៀត ក្នុង​ការ​បើក​បន​ពេស្យាចារ​មួយ​កន្លែង។
លិខិត​របស់ លោក អិដ រ៉យស៍ ជូន​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី បន្ត​ថា ជា​បញ្ហា​គ្រប់គ្រាន់​មួយ​ដែល លោក អៀម រតនា នៅ​រួច​ខ្លួន​រហូត និង​មិន​ដឹង​នៅ​ទី​ណា​ច្បាស់​លាស់។ លោក អិដ រ៉យស៍ ថ្លែង​ថា ព័ត៌មាន​ការ​សម្រេច​របស់​តុលាការ​កំពូល ឱ្យ​ជន​នេះ​រួច​ខ្លួន គឺ​ធ្វើ​ឡើង​ក្នុង​សវនាការ​ស្ងាត់ៗ ដោយ​គ្មាន​ជូន​ដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ​ណា​មួយ​ឡើយ។
លោក អិដ រ៉យស៍ មាន​ប្រសាសន៍​ថា ការ​ឱ្យ លោក អៀម រតនា រួច​ខ្លួន​នេះ ធ្វើ​ឱ្យ​បាក់​ទឹក​ចិត្ត​ដល់​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​មន្ត្រី​នានា ដែល​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។ លោក​ថា បញ្ហា​នេះ​សភា​អាមេរិក គួរ​តែ​លើក​យក​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​កម្ពុជា ជាន់​ខ្ពស់​បំផុត គឺ​មិន​ត្រឹម​តែ​មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ទេ។
វិទ្យុ​អាស៊ីសេរី ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​មន្ត្រី​កម្ពុជា ទេ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ នេះ ដោយ​មន្ត្រី​ខ្លះ​ជាប់​ប្រជុំ និង​ខ្លះ​ទៀត​រុញ​ឱ្យ​ទៅ​ថ្នាក់​លើ៕




No comments:

Post a Comment