លោក ផៃ ស៊ីផាន៖ សេរីភាពសារព័ត៌មាន នៅកម្ពុជា ធំទូលាយ ជាងសហរដ្ឋអាមេរិក
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី13 ខែកុម្ភៈ ឆ្នាំ2014
មន្ត្រីរដ្ឋាភិបាល អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានទទួលស្គាល់ថា មានការគោរព និងទទួលយកយ៉ាងធំទូលំទូលាយ ជាងប្រទេសមហាអំណាច សហរដ្ឋអាមេរិកទៅទៀត។
ប្រតិកម្មនេះ ឆ្លើយតបទៅនឹង របាយការណ៍ថ្មីៗនេះរបស់អង្គការសារព័ត៌មានគ្មានព្រំដែន ដែលបានបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងឆ្នាំ២០១៤ ធ្លាក់ចុះដល់លេខ១៤៤ ក្នុងចំណោម១៨០ប្រទេស។ យ៉ាងណាក៏ដោយ ចំណាត់ថ្នាក់របស់កម្ពុជា ប្រសើរជាងប្រទេសក្នុងតំបន់អាស៊ានមួយចំនួន រួមមាន ប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន សាំងហ្គាពួរ ឡាវ និងវៀតណាម។
អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី និងប្រតិកម្មរហ័សរបស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកការចាត់ថ្នាក់ មិនឆ្លុះបញ្ចាំងពីស្ថានភាពនៅកម្ពុជាឡើយ ព្រោះសារព័ត៌មាននៅកម្ពុជា ត្រូវបើកចំហរយ៉ាងទូលាយ ដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ រួមនឹងមជ្ឈដ្ឋានបណ្តាញសង្គមផងដែរ។ លោកថា បើធៀបនឹងសហរដ្ឋអាមេរិក គឺសេរីភាពសារព័ត៌មាននៅកម្ពុជា មិនត្រូវបានរឹតបណ្តឹងចំពោះការរិះគន់លើប្រមុខរដ្ឋាភិបាលនោះឡើយ «ខ្លឹមសារនៃអត្ថបទនៃការបញ្ចេញយោបល់ តាមប្រព័ន្ធសង្គមហ្នឹង មានភាពទូលំទូលាយ រហូតដល់គេប្រើប្រាស់ ដើម្បីគាងគរកម្លាំង ដើម្បីទម្លាក់នាយករដ្ឋមន្ត្រី ជាបញ្ហាប៉ះពាល់ដល់សន្តិសុខជាតិ ក៏យើងមិនដែលឆ្លើយតបអ្វីនោះទេ ប្រាស់ចាកអ្វីដែលនៅសហរដ្ឋអាមេរិក។ នៅសហរដ្ឋអាមេរិក គ្មានអ្នកណាមួយហ៊ានសរសេរ ទាមទារឲ្យប្រធានធិបតីចុះចេញពីតំណែង ទៅតាមប្រព័ន្ធហ្នឹងទេ ប្រសិនណាសរសេរនៅតាមប្រព័ន្ធសង្គម ច្បាស់ជាក្រុមសន្តិសុខរបស់សហរដ្ឋអាមេរិក ឬក៏ជាភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកនោះ ចូលទៅដល់ផ្ទះសម្បែងតែម្តង»។
ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន និងជាអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក មឿន ឈានណារិទ្ធិ យល់ថា របាយការណ៍នេះ ត្រឹមត្រូវ ហើយជាសញ្ញាណមួយ ដែលទាមទារឲ្យរដ្ឋាភិបាល ពិចារណាឡើយវិញ ស្តារស្ថានភាពថមថយទាំងនេះ។ លោក ជំរុញឲ្យរដ្ឋាភិបាល គប្បីរៀបចំគណៈកម្មការឯករាជ្យ ដែលមានសមាសភាព អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលមានជំនាញច្បាស់លាស់ បញ្ចប់វប្បធម៌និទណ្ឌភាព ទើបអាចជួយឲ្យកម្ពុជា ធានាសិទ្ធិសេរីភាពឡើងវិញបាន «ការសម្លាប់អ្នកសារព័ត៌មានកន្លងមកនេះ អង្គការសារព័ត៌មានអន្តរជាតិ អង្គការសិទ្ធិមនុស្សក្នុងស្រុកក្តី តែងតែចាត់ទុកថា ពាក់ព័ន្ធនឹងរឿងនយោបាយ។ អ៊ីចឹងប្រសិនជាការសម្លាប់ទាំងអស់នោះ ពាក់ព័ន្ធនឹងរឿងនយោបាយ ដូច្នេះយើងមិនសង្ឃឹមថា រដ្ឋាភិបាលក៏ដូចជាតុលាការ នឹងរកយុត្តិធម៌ដល់អ្នកដែលត្រូវគេសម្លាប់នោះទេ»។
សេរីភាពសារព័ត៌មានកម្ពុជា និងប្រទេសមួយចំនួននៅអាស៊ាន
ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជា បន្តធ្លាក់ចុះនៅឆ្នាំ២០១៤នេះ គឺធ្លាក់មកលេខ១៤៤ក្នុងចំណោម១៨០ប្រទេស
2012AprJulOct2013AprJulOct2014
▲
2012
ស្ថាបនិកនៃក្រុមប្រឹក្សាក្រមសីលធម៌ អ្នកសារព័ត៌មានកម្ពុជា និងជាអ្នកសារព័ត៌មានទីភ្នាក់ងារសារព័ត៌មានក្យូដូ (ជប៉ុន) លោក ពុយ គា លោកយល់ថា បញ្ហាចោទ ដែលនាំឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជា ធ្លាក់ចុះ គឺបណ្តាលមកពី ផ្នត់គំនិតរបស់អ្នកសារព័ត៌មានខ្លួនឯង និងអ្នកនយោបាយ ដែលចាប់ផ្តើមរើសអើងគ្នា និងចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញនិន្នាការនយោបាយ។ លោក ជំរុញឲ្យរដ្ឋាភិបាល គណបក្សនយោបាយ ស្វែងយល់ពីតួនាទីរបស់អ្នកសារព័ត៌មាន និងផ្តល់ការការពារ បំបាត់ការភ័យខ្លាច ដល់អ្នកសារព័ត៌មាន នៅពេលចុះយកព័ត៌មានម្តងៗ «អញ្ចឹងដើម្បីឲ្យសារហ្នឹង បានដឹងទាំងអស់គ្នាទៅ បើធ្វើអញ្ចឹងបាន គឺវាអាចជួយសម្រាលទៅដល់ស្ថានភាពអ្នកសារព័ត៌មាន។ បច្ចុប្បន្ននេះ អ្នកសារព័ត៌មានពិតជាខ្លាច រហូតដល់នាំគ្នាពាក់មួកសុវត្ថិភាព ពេលដែលទៅយកព័ត៌មានបាតុកម្មម្តងៗ ឥឡូវនេះគឺនាំគ្នា ពាក់មួកសុវត្ថិភាព ជារឿងចម្លែកមួយដែលយើងមិនដែលមានពីមុនមក នៅស្រុកខ្មែរ»។
លោក ពុយ គា ឲ្យដឹងថា ចំណាត់ថា្នក់សេរីភាពសារព័ត៌មាននៅកម្ពុជា សម្រាប់ឆ្នាំ២០១៤នេះ គឺផ្អែកលើបញ្ហាចម្បងបីគឺ ការចាប់ខ្លួនអ្នកសារព័ត៌មាន ការប្រើហិង្សារបស់សមត្ថកិច្ចលើអ្នកសារព័ត៌មាន និងនិទណ្ឌភាពនៃឃាតកម្មអ្នកសារព័ត៌មានជាដើម។កាលពីថ្ងៃទី០២ ខែកុម្ភៈ អ្នកសារព័ត៌មានមាគ៌ាកម្ពុជាម្នាក់ ឈ្មោះ សួន ចាន់ ត្រូវបានសម្លាប់ បន្ទាប់ពីរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការនេសាទខុសច្បាប់នៅ ខេត្តកំពង់ឆ្នាំង។ នេះ ជាករណីលើកទី១២ ដែលបានកើតឡើងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដោយជនល្មើស មិនទាន់ត្រូវបានចាប់យកមកផ្តន្ទាទោសតាមច្បាប់៕
No comments:
Post a Comment