កសិករ នៅខេត្ត មណ្ឌលគិរី និងក្រចេះ ត្អូញត្អែរ ពីតម្លៃ ដំឡូងមី ធ្លាក់ថ្លៃ
VOD / វីអូឌី | ៩ មករា ២០១៦
កសិករ នៅខេត្ត មណ្ឌលគិរីនិងក្រចេះ ត្អូញត្អែរ ពីតម្លៃ ដំឡូងមី ធ្លាក់ថ្លៃ និងពិបាករកទីផ្សារ សម្រាប់លក់ ដែលពួកគាត់ អះអាង ថា, ការធ្លាក់ថ្លៃនេះ ធ្វើឲ្យ ប៉ះពាល់ ដល់ជីវភាព ព្រោះ ដើមទុន សម្រាប់ ធ្វើកសិកម្មនេះ ខ្ចីពីធនាគារ។
កសិករម្នាក់ទៀតនៅស្រុកស្នួល ខេត្តក្រចេះ លោក កួន ឡង់ឌី រៀបរាប់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃដំឡូងបានធ្លាប់ចុះជាលំដាប់។ លោកបារម្ភថា ការប្រមូលផលដំឡូង និង មិនអាចយកទៅសងប្រាក់នៅធនាគារពេលខ្ចីយកមកដាំដុះបានទេ។
ឈ្មួញកណ្ដាលដែលជាអ្នកទិញដំឡូងមីដឹកទៅលក់នៅប្រទេសវៀតមណាម លោក គង់ គីម លើកឡើងថា កាលពីឆ្នាំមុនថ្លៃដំបូងស្ងួតបានប្រមាណ៧០០រៀល ងាយស្រួលទិញនិងលក់ ចំណែកនៅឆ្នាំនេះ ដំឡូងស្ងួតថ្លៃប្រមាណ៥០០រៀលពិបាកទិញ និង ពិបាកលក់។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្រសួងកំពុងតែធ្វើការដោះស្រាយបញ្ហានេះ ដោយពិភាក្សាជាមួយភាគីដែលទិញកសិផលកម្ពុជានោះ។ ទាក់ទងនិងដំឡូងមីនេះដែរ លោកបញ្ជាក់ថា កន្លងមកដំឡូងមីដែលនាំចេញពីកម្ពុជា គឺយកទៅប្រទេសចិនច្រើនជាងគេ ឆ្លងកាត់ប្រទេសវៀតណាម និងប្រទេសថៃ។
ដំឡូងមីនៅក្នុងខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តរតនៈគិរី និង ខេត្តកំពង់ចាមជាដើម គឺកសិករតែងប្រមូលផលចន្លោះពីដើមខែធ្នូរហូតដល់ចុងខែកុម្ភះ។ លោក គង់ គីម ថ្លែងថា រាល់ឆ្នាំលោកទិញដំឡូងលក់ឲ្យវៀតណាមបានតម្លៃខ្ពស់គួរសម ប៉ុន្តែនៅឆ្នាំនេះវៀតណាមទម្លាក់ថ្លៃបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុនោះទេ៕
No comments:
Post a Comment