មន្ត្រី ជំនាញ ខេត្ត រតនគិរី បដិសេធ ថា, មិនមាន កងទ័ព វៀតណាម កាន់កាប់ ដីសម្បទាន
RFA / វិទ្យុ អាស៊ី សេរី | ៩ មករា ២០១៦
អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន អះអាងនៅថ្ងៃទី៩ ខែមករា ថា ក្រសួងជំនាញពាក់ព័ន្ធ បានពិនិត្យកិច្ចសន្យាវិនិយោគដីសម្បទានរបស់ក្រុមហ៊ុនចំនួន ៤ រកឃើញថា មិនមានពាក់ព័ន្ធកាន់កាប់ដោយកងទ័ពវៀតណាម នោះទេ។ ដោយឡែកដីសម្បទានរបស់ក្រុមហ៊ុនទាំង ៤ នោះ ត្រូវបានកាត់បន្ថយផ្ទៃដីវិនិយោគពី ៤ម៉ឺនហិកតារមកនៅត្រឹម ៤ពាន់ហិកតារ តាមការដាំដុះបានជាក់ស្តែងរបស់ក្រុមហ៊ុនទាំងនោះ៖ «ក្រុមហ៊ុន ទាំងអស់ដែលគេគិតថាជាក្រុមហ៊ុនពាក់ព័ន្ធវៀតណាម គឺមិនមែនទេ។ នៅក្នុងផ្លូវច្បាប់ គឺខ្មែរយើងអ្នកកាន់កាប់ទាំងអស់។»
ក្រុមហ៊ុនសម្បទានទាំង ៤ ដែលបានជាប់ពាក់ព័ន្ធនឹងកងទ័ពវៀតណាម នោះ រួមមាន ក្រុមហ៊ុនវាសនា អិនវេសមេន (Veasna Investment) ទទួលបានដីសម្បទានចំនួន ៥.០៨០ហិកតារ បច្ចុប្បន្នកាត់បន្ថយនៅត្រឹម ១.៥៤១ហិកតារ។ ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ (Chea Chanrith Aphivath) ទទួលបានដីសម្បទានចំនួន ៥.១២៤ហិកតារ បច្ចុប្បន្នកាត់បន្ថយនៅត្រឹម ៧៨៧ហិកតារ។ ក្រុមហ៊ុន រ៉ាម៉ាខ្មែរអន្តរជាតិ ឬក្រុមហ៊ុន ម៉ែន សារុន (Rama Khmer International) ទទួលបានដីចំនួន ៦១.៣២៤ហិកតារ ប៉ុន្តែបច្ចុប្បន្ននៅត្រឹម ៩០០ហិកតារ និងក្រុមហ៊ុន ដាយដុង យឿង (Dai Dong Duoung) ទទួលបានដីសម្បទាន ៤.៨៨៩ហិកតារ ប៉ុន្តែបច្ចុប្បន្នត្រូវកាត់បន្ថយមកនៅត្រឹម ៨០០ហិកតារ។ ដីសម្បទានទាំងនោះមានទីតាំងនៅក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស។
ស្រដៀងគ្នានេះដែរ ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា បញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនទាំង៤ គឺមានក្រុមហ៊ុនចំនួន៣ ម្ចាស់អាជ្ញាប័ណ្ណជាជនជាតិខ្មែរ លើកលែងតែក្រុមហ៊ុន ដាយដុង យឿង ម្ចាស់អាជ្ញាប័ណ្ណមានជនជាតិវៀតណាម។ លោកថា ក្រសួងកសិកម្ម បានចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនសម្បទានទាំង៤ ស្របតាមគោលនយោបាយសម្បទានដីសេដ្ឋកិច្ច ក៏ប៉ុន្តែកន្លងទៅ ដីសម្បទានរបស់ក្រុមហ៊ុនទាំង៤ ខ្លះពាក់ព័ន្ធដីព្រៃឈើ ឬដីមានផលប៉ះពាល់ប្រជាពលរដ្ឋ។ ហេតុនេះ អន្តរក្រសួងបានចុះពិនិត្យវាយតម្លៃកាត់ចេញដីមានផលប៉ះពាល់ចេញ នៅសល់ដីដែលក្រុមហ៊ុនបានដាំដុះជាក់ស្តែងតែប៉ុណ្ណោះ។ លោកទទួលស្គាល់ក្រុមហ៊ុនទាំង៤ មានភាគហ៊ុនជាមួយកងទ័ពវៀតណាម ក៏ប៉ុន្តែមិនមានការទទួលស្គាល់ផ្លូវការពីរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក្នុងការបញ្ចូលភាគហ៊ុននោះទេ៖ «វិនិយោគយើង មិនប្រកាន់ថាចិន វៀតណាម ស្អីទេ លើកិច្ចសន្យាវិនិយោគត្រឹមត្រូវ។ ក្រុមហ៊ុនហ្នឹងមិនមានឈ្មោះផ្លូវការ ក្រុមហ៊ុន៧២ ឬ ៧៥ នោះទេ។»
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលបញ្ហាដីធ្លីព្រៃឈើនៃសមាគម អាដហុក (ADHOC) ខេត្តរតនគិរី ឲ្យដឹងថា ក្រុមហ៊ុនទាំងបួននេះមានភាគហ៊ុនជាមួយកងពលលេខ១៥ របស់វៀតណាម។ ហេតុនេះ ក្រុមហ៊ុន រ៉ាម៉ាខ្មែរអន្តរជាតិ ឬក្រុមហ៊ុន ម៉ែន សារុន និងក្រុមហ៊ុន ជា ច័ន្ទរិទ្ធ បានប្ដូរឈ្មោះក្រុមហ៊ុនទាំងពីរថា ក្រុមហ៊ុន៧២។ ក្រុមហ៊ុន ដាយដុង យឿង ប្ដូរមកក្រុមហ៊ុន៧៤។ ចំណែកក្រុមហ៊ុន វាសនាអិនវេសមេន ប្ដូរមកក្រុមហ៊ុន៧៥។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក លោក ឆាយ ធី កត់សម្គាល់ថា បន្ទាប់ពីការបញ្ចូលភាគហ៊ុនជាមួយកងពលលេខ១៥ របស់វៀតណាម ប្រតិបត្តិការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនសម្បទានទាំង៤ ត្រូវបានដឹកនាំដោយក្រុមបច្ចេកទេសជាជនជាតិវៀតណាម ចំណែកកម្មករក្នុងក្រុមហ៊ុន គឺជាពលរដ្ឋខ្មែរ។ លោកអះអាងថា មិនឃើញមានកងទ័ពវៀតណាម បោះមូលដ្ឋានទ័ព ឬធ្វើប្រតិបត្តិការក្នុងក្រុមហ៊ុនទាំងនោះទេ៖ «យើងចុះអង្កេតមិន បានឃើញជាទ្រង់ទ្រាយកងទ័ពវៀតណាម ទេ។ ជាទូទៅឃើញការគ្រប់គ្រងដោយអ្នកបច្ចេកទេសមេការ អ្នកតំណាងជាជនជាតិវៀតណាម ហើយការដាំដុះម៉ៅការដោយកម្មករខ្មែរ។»
យ៉ាងណាក៏ដោយ ក្នុងនាមជាអភិបាលរងខេត្តដែរនោះ លោក ញ៉ែម សំអឿន បញ្ជាក់ថា ប្រសិនក្រុមហ៊ុនសម្បទានណាអនុវត្តផ្ទុយទៅនឹងកិច្ចសន្យាផ្តល់ដី សម្បទាន រាជរដ្ឋាភិបាលនឹងពិនិត្យសម្រេចលុបចោល ឬដកហូតដីសម្បទាននោះវិញ៕
No comments:
Post a Comment