បុគ្គលិក កម្មករ ក្រុមហ៊ុន ស៊ីនទ្រី (CINTRI) ឈរតវ៉ា នៅយានដ្ឋានក្រុមហ៊ុន នាខណ្ឌដង្កោ រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៤។
(RFA / Tep Soravy)
កម្មករ ក្រុមហ៊ុន ស៊ីនទ្រី ធ្វើបាតុកម្ម ទាមទារដំឡើងប្រាក់ខែ
បុគ្គលិក ក្រុមហ៊ុន ស៊ីនទ្រី (CINTRI) ដែលទទួល សិទ្ធិ ផ្ដាច់មុខប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ជាង ១ពាន់នាក់ បានធ្វើបាតុកម្ម មិនចូលធ្វើការ នៅពីថ្ងៃទី៣ ខែកុម្ភៈ ដើម្បីទាមទារដំឡើងប្រាក់ខែគោល និងប្រាក់ អត្ថប្រយោជន៍ ផ្សេងៗ។
ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ០៣ កុម្ភៈ ២០១៤
កម្មករក្រុមហ៊ុន ស៊ីនទ្រី សម្រេចផ្អាកប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដើម្បីដាក់សម្ពាធឲ្យថៅកែក្រុមហ៊ុន ដំឡើងប្រាក់ខែគោលឲ្យកម្មករ ១៥០ដុល្លារ។
តំណាងកម្មករ លោក ប្រាក់ សុខា មានប្រសាសន៍ថា បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ជាង ១ពាន់នាក់ បានផ្អាកប្រមូលសំរាមចាប់ពីថ្ងៃទី៣ កុម្ភៈ នេះតទៅ នៅតាមទីសាធារណៈ និងតាមផ្ទះរបស់ពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។ ពួកគេទាំងនោះបានផ្តិតមេដៃលើលិខិតស្នើសុំទាមទារដំឡើងប្រាក់ខែគោលឲ្យបាន ១៥០ដុល្លារក្នុងមួយខែ ស្នើសុំប្រាក់ទ្រទ្រង់សុខភាព ១០ដុល្លារ និងប្រាក់ថ្លៃស្នាក់នៅចំនួន ៧ដុល្លារ។
តំណាងកម្មកររូបនេះព្រមានថា ប្រសិនបើក្រុមហ៊ុនមិនទទួលយកសំណើទាមទារទេ នោះកម្មករនៅបន្តធ្វើបាតុកម្មរហូតដល់មានដំណោះស្រាយ៖«សុំអង្គការរដ្ឋាភិបាលជួយដល់ពួកខ្ញុំផង ព្រោះពួកខ្ញុំសុទ្ធតែអ្នកក្រហើយបានមកធ្វើសំរាមនេះ បើមានមិនមកទេ ដូចនិស្សិតអីឲ្យមកធ្វើគាត់អត់ធ្វើទេ»។
អនុប្រធានក្រុមហ៊ុនស៊ីនទ្រី អ្នកនាង សេង សូរីដា បញ្ជាក់ថា បុគ្គលិកភាគច្រើនបានឈប់ពីការងារទៅចូលរួមធ្វើបាតុកម្មទាមទារប្រាក់ខែ។ អ្នកនាងបន្តថា ការប្រមូលសំរាមក្នុងក្រុងបានផ្អាកស្ទើរទាំងស្រុង លើកលែងតែអ្នកអូសរទេះប្រមូលសំរាមខ្លះ ដែលស្ម័គ្រមកធ្វើការនៅតំបន់មួយចំនួនប៉ុណ្ណោះ៖ «មានខ្លះតិចតួច ដូចជាមានអូសរទេះ គាត់អត់មានស្អី គាត់ធ្វើទៅ ភាគច្រើនគាត់រវល់តែធ្វើបាតុកម្ម»។
ក្រុមហ៊ុនស៊ីនទ្រី បានទទួលសិទ្ធិផ្ដាច់មុខប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។ យ៉ាងហោចណាស់ក្នុងមួយថ្ងៃក្រុមហ៊ុននេះប្រមូលសំរាមបាន ១.៤០០តោន។
កម្មករក្រុមហ៊ុនស៊ីនទ្រី ម្នាក់ ឈ្មោះ ម៉េត វិច្ឆិកា បញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនមិនព្រមដំឡើងប្រាក់ខែគោលឲ្យកម្មករទេនោះ កម្មករទាំងអស់នឹងមិនធ្វើការ ហើយសំរាមត្រូវគរ និងស្អុយពេញទីក្រុង៖ «ក្នុងហ្គារ៉ាស (យានដ្ឋាន) មានឡានជាង ៣០០ឡានចេញរាល់ថ្ងៃ អ៊ីចឹងមានពេលយប់ ពេលថ្ងៃ។ ឧទាហរណ៍ថា មិនចេញយកមួយថ្ងៃ អ៊ីចឹងវាសរុបទៅ ៥០០ឡាន ទៅ ៦០០ឡាន ហើយសរុបតោនច្រើនជាងតោន។ ប្រសិនបើកម្មករមិនប្រមូលសំរាមរាជធានីភ្នំពេញ នឹងក្លាយជារាជធានីសំរាម»។
ពេលដែលក្រុមកម្មករឈរតវ៉ាខាងមុខយានដ្ឋានរបស់ក្រុមហ៊ុនស៊ីនទ្រី ភាគីក្រុមហ៊ុន តំណាងកម្មករ សហព័ន្ធសហជីព អាជ្ញាធរខណ្ឌ តំណាងសាលារាជធានីភ្នំពេញ និងតំណាងក្រសួងការងារ បានជួបចរចារកដំណោះស្រាយចំពោះសំណើទាមទារសុំដំឡើងប្រាក់ខែគោល និងអត្ថប្រយោជន៍ផ្សេងៗ។ ជាលទ្ធផលខាងក្រុមហ៊ុនសម្រេចបន្ថែមប្រាក់ ១៥ដុល្លារឲ្យអ្នកបោសសំរាមដែលធ្លាប់បានប្រាក់ខែ ៦៥ដុល្លារ។ អ្នកកើបសំរាមដែលធ្លាប់បានប្រាក់ខែជិត ៧៨ដុល្លារ ទទួលបាន ៩៥ដុល្លារ។រីឯអ្នកបើករថយន្ត និងជាងដែលធ្លាប់ទទួលបានប្រាក់ខែ ១០០ ទៅ ១១០ដុល្លារ ទទួលបានប្រាក់ខែ ១២០ដុល្លារ។ ប៉ុន្តែខាងកម្មករបដិសេធចំពោះការបន្ថែមប្រាក់ទាំងនោះ ដោយបញ្ជាក់ថា ចំនួនប្រាក់ដែលក្រុមហ៊ុនបន្ថែមឲ្យនោះ មានគម្លាតឆ្ងាយពេកពីការទាមទាររបស់កម្មករ។
ទោះយ៉ាងណា ក្រោយពេលមានការតវ៉ា ប្រភពកម្មករបានឲ្យដឹងថា តំណាងក្រុមហ៊ុនស៊ីនទ្រី បញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាពអាចដំឡើងប្រាក់ខែឲ្យកម្មករបានតែប៉ុណ្ណឹង។ យ៉ាងណាភាគីទាំងអស់គ្រោងជួបចរចាគ្នាម្ដងទៀតនៅថ្ងៃទី៤ ខែកុម្ភៈ។
ក្រុមកម្មករក្រុមហ៊ុនស៊ីនទ្រី បានថ្លែងថា ពួកគាត់ជាអ្នកប្រតិបត្តិការងារប្រមូលសំរាម គឺប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗ ដោយសារតែកម្មករទាំងអស់មិនមានសម្ភារៈរក្សាអនាម័យការងារសុវត្ថិភាពដូចជាស្រោមដៃ និងម៉ាសការពារ។ ម្យ៉ាងទៀតក្រុមហ៊ុនបានកាត់ប្រាក់ខែពួកគាត់ ១៥ដុល្លារ នៅពេលផ្ដល់អាវយឺតរបស់ក្រុមហ៊ុនចំនួន ៣ ឲ្យកម្មករពាក់សម្គាល់ជាបុគ្គល៕
No comments:
Post a Comment