Paris Peace Accords 23 Oct. 1991

Tuesday, February 25, 2014

មេ​ឃុំ​២​ នៅ​រតនគិរី​ រង​ការ​ចោទ​ ថា​ បំភ័យ ​និង​រារាំង​ ការ​ចុះ​ឈ្មោះ​ របស់ ​បក្ស​ប្រឆាំង

មេ​ឃុំ​២​ នៅ​រតនគិរី​ រង​ការ​ចោទ​ ថា​ បំភ័យ ​និង​រារាំង​ ការ​ចុះ​ឈ្មោះ​ របស់ ​បក្ស​ប្រឆាំង

ដោយ រដ្ឋា វិសាល /​ អាស៊ីសេរី | ២៥ កុម្ភៈ ២០១៤
គណៈកម្មាធិការ​ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ប្រកាស​ជូន​ដំណឹង ​ទៅ​គណបក្ស​នយោបាយ ​នៅ​ប្រទេស​កម្ពុជា ឲ្យ​ចុះ​បញ្ជី ​ឈ្មោះ​បេក្ខជន ​សម្រាប់​ ការ​បោះ​ឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា ​ស្រុក​ខណ្ឌ ខេត្ត​ក្រុង រាជធានី ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ ក៏​ប៉ុន្តែ ​ការ​បោះ​ឆ្នោត​នោះ​ មិន​ទាន់​មក​ដល់​ផង មាន​ការ​រំខាន​ រារាំង ​គំរាម​ សមាជិក​គណបក្ស​ សង្គ្រោះ​ជាតិ ​នៅ​ឯ​មូលដ្ឋាន ​ខេត្ត​រតនគិរី។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែ​កុម្ភៈ ចោទ​ប្រកាន់​មន្ត្រី​ឃុំ​ចំនួន​ពីរ​នៅ​ស្រុក​តាវែង ថា​មាន​ចេតនា​បំភិតបំភ័យ និង​រារាំង​សកម្មភាព​បំពេញ​ឯកសារ​របស់​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ស្រុក​ខណ្ឌ ខេត្ត​ក្រុង រាជធានី អាណត្តិ​ទី​២។
ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី លោក ហេង សកល មាន​ប្រសាសន៍​បញ្ជាក់​ថា មេ​ឃុំ​តាវែងលើ និង​តាវែង​ក្រោម កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ កុម្ភៈ កន្លង​ទៅ មិន​ព្រម​ចុះ​ហត្ថលេខា​និង​បោះ​ត្រា​លើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជូន​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤​នាក់ ក្រោម​ហេតុផល​ថា​មិន​មាន​គោលការណ៍​ឲ្យ​អាជ្ញាធរ​បញ្ជាក់​ស្ដីពី​ករណី​នេះ។
លោក​បន្ត​ថា ក្រៅ​ពី​នេះ នៅ​ឃុំ​តាវែងក្រោម មន្ត្រី​ឃុំ​បាន​ប្រើប្រាស់​នគរបាល​ប៉ុស្តិ៍​ឲ្យ​ស្រង់​យក​ឈ្មោះ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ផង៖ «នេះ​ជា​អំពើ​មួយ​ដែល​អាជ្ញាធរ​មិន​នៅ​ជា​អាជ្ញាកណ្ដាល ហើយ​រើស​អើង​នយោបាយ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុស្តិ៍​មិន​អាច​មក​ជ្រៀតជ្រែក​អ៊ីចឹង​បាន​ទេ មិន​អាច​ចូល​មក​យក​បញ្ជី​ឈ្មោះ​ស្រង់​អ៊ីចឹងៗ ថ្ងៃ​ក្រោយ​គាត់​អាច​មាន​ការ​គំរាមកំហែង​ទៅ​ដល់​សមាជិក​សកម្មជន»
ការ​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​ចូល​រួម​បោះ​ឆ្នោត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ដល់​ថ្ងៃ​ទី​៣ ខែ​មីនា នៅ​គ្រប់​លេខាធិការដ្ឋាន​គណៈកម្មការ​ខេត្ត រាជធានី រៀបចំ​ការ​បោះ​ឆ្នោត។
ឆ្លើយ​តប​សេចក្ដី​ចោទ​ប្រកាន់​នេះ អភិបាល​ស្រុក​តាវែង លោក មួង ប៉ាង ទទួល​ស្គាល់​ថា មន្ត្រី​ឃុំ​មាន​ការ​យល់​ច្រឡំ ទើប​កើត​មាន​បញ្ហា​នេះ។ លោក​អះអាង​ថា អាជ្ញាធរ​ស្រុក​បាន​ណែនាំ​ឲ្យ​មន្ត្រី​ឃុំ​បញ្ជាក់​លើ​ឯកសារ​របស់​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ស្នើ​សុំ​នោះ​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​២៥ កុម្ភៈ៖ «មេ​ឃុំ​គាត់​ស្រពេចស្រពិល អ៊ីចឹង​គាត់​ថា ក្រែងលោ​វា​ហួស​ប្រតិទិន​ដែល​ត្រូវ​ចុះ​ហ្នឹង អ៊ីចឹង​គាត់​សុំ​ឆ្លង​យោបល់​ពី​ប្រធាន​ក្រុមប្រឹក្សា​ស្រុក។ អ៊ីចឹង​គាត់​ទាក់ទង​បាន​ហើយ គាត់​បាន​ពន្យល់​ទៅ​ឃុំ​ហ្នឹង​ឲ្យ​បំពេញ​ឲ្យ​គេ»
ទាក់ទិន​បញ្ហា​នេះ​ដែរ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី មាន​ប្រសាសន៍​បញ្ជាក់​ថា លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាន​បើក​សិក្ខាសាលា​ពន្យល់​ណែនាំ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​មន្ត្រី​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល ជុំវិញ​នីតិវិធី​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​ទាក់ទិន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ស្រុក​ខណ្ឌ ខេត្ត​ក្រុង រាជធានី អាណត្តិ​ទី​២ រួច​ហើយ។
លោក​បន្ត​ថា មិន​បាន​ទទួល​ព័ត៌មាន​ជុំវិញ​សេចក្ដី​ចោទ​ប្រកាន់​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​នៅ​ឡើយ៖ «យើង​បើក​វគ្គ​មាន​ស្រុក មាន​ឃុំ គេ​ចូល​រួម​អស់​ហើយ​តើ!ចាំ​មើល​ខ្ញុំ​សួរ​ទៅ​មើល​សិន​មើល៍ អត់​ស្អី​ទេ គាត់​ដឹង​ហើយ​តើ! គាត់​មាន​រៀន​មក​ស្អី​ហ្នឹង»
ខេត្ត​រតនគិរី មាន​ស្រុក​ចំនួន ៨ និង​ក្រុង ១។ សេចក្ដី​រាយការណ៍​របស់​មន្ត្រី​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា នៅ​ស្រុក​មួយ​ចំនួន ដូចជា​ស្រុក​កូន​មុំ ជាដើម ក៏​មាន​ករណី​រំខាន​រារាំង​របស់​អាជ្ញាធរ​ឃុំ ទាក់ទិន​ការ​បញ្ជាក់​ឯកសារ​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គ្នា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​សុំ​ឲ្យ គ.ជ.ប. ចាត់​វិធានការ​លុបបំបាត់​បញ្ហា​នេះ៕



No comments:

Post a Comment