Paris Peace Accords 23 Oct. 1991

Tuesday, February 25, 2014

បក្ស​ ប្រជាជន​ និង​បក្ស​ សង្គ្រោះ​ជាតិ​ នឹង​ជួប​ចរចា​គ្នា​ នៅ​ដើម​ខែ​ក្រោយ​វិញ

យឹម សុវណ្ណ ព្រំ សុខា ៦១០
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ (ឆ្វេង) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Mom Sophon

បក្ស​ ប្រជាជន​ និង​បក្ស​ សង្គ្រោះ​ជាតិ​ នឹង​ជួប​ចរចា​គ្នា​ នៅ​ដើម​ខែ​ក្រោយ​វិញ


ដោយ ទីន ហ្សាការីយ៉ា / អាស៊ីសេរី | ២៥ កុម្ភៈ ២០១៤
គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ គឺ​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ដើម​ខែ​មីនា ខាង​មុខ​នេះ​វិញ។ ការ​កំណត់​ពេល​ជួប​គ្នា​នេះ ដើម្បី​ពិនិត្យ​មើល​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើត​គណៈកម្មការ​ចម្រុះ​នៅ​ក្នុង​ជំនួប​ថ្នាក់​បច្ចេកទេស​នៃ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ កន្លង​ទៅ។
គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ទាំង​ពីរ​ដែល​មាន​សមាសភាព​ម្ខាង ៦​នាក់ នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៤ ដើម្បី​ពិភាក្សា​អំពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។
ប្រធាន​ក្រុម​ដឹកនាំ​ចរចា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​រៀបចំ​ខ្លួន​ទាន់​តាម​សំណើ​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ នេះ​បាន ដូច្នេះ​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​ជួប​គ្នា​នៅ​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​មីនា ខាង​មុខ នៅ​វិមាន​ព្រឹទ្ធសភា​ដដែល វេលា​ម៉ោង ៩​ព្រឹក។
លោក សុន ឆ័យ បញ្ជាក់​ថា ការ​ជួប​គ្នា​នេះ​របៀបវារៈ​សំខាន់​នោះ គឺ​ជជែក​អំពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ខាង​មុខ។
ប្រធាន​ក្រុម​បច្ចេកទេស​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រុំ សុខា បាន​ឲ្យ​ដឹង​ថា ការ​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ នេះ ជា​ពេល​វេលា​មួយ​លឿន​ពេក ដែល​គណបក្ស​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា​នៅ​ក្រៅ​ផ្លូវការ ដូច្នេះ​មិន​អាច​កំណត់​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ នេះ បាន។ លោក ព្រុំ សុខា បញ្ជាក់​ថា ការ​ជួប​គ្នា​នៅ​ពេល​ខាង​មុខ​នេះ មិន​មែន​ជួប​ថ្នាក់​បច្ចេកទេស​ទេ គឺ​ជួប​គណៈកម្មការ​ដែល​ថ្នាក់​បច្ចេកទេស​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ។
គណៈកម្មការ​ចម្រុះ​នេះ​មាន​គ្នា​ចំនួន ១២​នាក់ ក្នុង​នោះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦​នាក់ និង​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ចំនួន ៦​នាក់។ សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ដឹក​នាំ​ដោយ​លោក ប៊ិន ឈិន លោក​បណ្ឌិត​រដ្ឋ ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និង​អ្នកស្រី គ្រួច សំអាន។ ដោយ​ឡែក​សមាសភាព​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ដឹកនាំ​ដោយ​លោក សុន ឆ័យ លោក យឹម សុវណ្ណ លោក យ៉ែម បុញ្ញឫទ្ធិ លោក អេង ឆៃអ៊ាង និង​លោក គួយ ប៊ុនរឿន និង​លោក ម៉ៅ មុន្នីវណ្ណ។
ការ​កំណត់​ពេល​ជួប​គ្នា​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា ជា​សញ្ញា​ល្អ​មួយ​ដើម្បី​ឈាន​ទៅ​ដល់​ការ​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន។
ការ​កំណត់​ជួប​គ្នា​នេះ ដើម្បី​ពិភាក្សា​បន្ត​ក្រោយ​ពេល​ថ្នាក់ដឹកនាំ​កំពូល​បាន​ព្រមព្រៀង​គ្នា​នៃ​លទ្ធផល​ជួប​ប្រជុំ​ថ្នាក់​បច្ចេកទេស​នៃ​គណបក្ស​ទាំង​ពីរ ដែល​ព្រមព្រៀង​គ្នា​ចំនួន ៣​ចំណុច។ ទី​១ ភាគី​ទាំងពីរ​យល់​ព្រម​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដោយ​មាន​សមាសភាព​ស្មើ​គ្នា​មក​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ដើម្បី​សិក្សា និង​រៀបចំ​ក្របខ័ណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ សំដៅ​ធានា​ឲ្យ​បាន​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ទី​២ រៀបចំ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ គណៈកម្មការ​ចម្រុះ​ត្រូវ​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​ថ្នាក់​ជាតិ និង​អន្តរជាតិ រួម​ទាំង​ដៃគូ​អភិវឌ្ឍន៍​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី សង្គម​ស៊ីវិល ដែល​មាន​ជំនាញ​លើ​ការងារ​បោះ​ឆ្នោត ព្រម​ទាំង​តួអង្គ​ពាក់ព័ន្ធ។ ទន្ទឹម​នេះ ត្រូវ​បង្ក​លក្ខណៈ​ឲ្យ​មាន​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ផ្ដល់​មតិ​យោបល់​សម្រាប់​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត តាម​រយៈ​វេទិកា​សាធារណៈ និង​ទី​៣ ក្នុង​កិច្ច​ដំណើរការ​នៃ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ត្រូវ​បង្ក​លក្ខណៈ​ឲ្យ​មាន​ការ​គាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍​អង្គការ​ជាតិ​និង​អន្តរជាតិ៕




No comments:

Post a Comment