លោក នាង សុឃុន យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ នៅព្រឹកថ្ងៃអង្គារនេះ(រូបថតដោយតាំង វីដា)
អយ្យការ អមសាលាដំបូង សម្រេច កោះហៅសាកសួរ យុវជនម្នាក់ ដែលប្តឹងលោក ហ៊ុន សែន
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃអង្គារ ទី25 ខែកុម្ភៈ ឆ្នាំ2014
សាលាដំបូងរាជធានីភ្នំពេញ សម្រេចកោះដើមបណ្តឹងរដ្ឋប្បវេណី យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ដើម្បីសាកសួរ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជុំវិញបណ្តឹងប្តឹងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងបទល្មើសកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះ ឲ្យវៀតណាម ។
ក្រោយទទួលបានដីកាកោះ នៅសាលាដំបូងរាជធានីភ្នំពេញ ម៉ោងប្រមាណជាង៩ព្រឹកនេះ លោក នាង សុឃុន យុវជនម្នាក់ មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ឲ្យដឹងថា លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង សម្រេចកោះហៅរូបលោក ឲ្យចូលបំភ្លឺពីដំណើររឿងបណ្តឹងរបស់ខ្លួន នៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ វេលាម៉ោង៩ព្រឹក។ លោក អះអាងដោយមានជំនឿចិត្តថា បើបណ្តឹងនេះ ដំណើរការត្រឹមត្រូវនោះ ជនល្មើសនឹងត្រូវផ្តនា្ទទោសតាមច្បាប់ ហើយកោះត្រល់ និងកោះក្រចកសេះ នឹងត្រូវប្រគល់មកកម្ពុជា តាមយន្តការអន្តរជាតិ។
យ៉ាងណាក៏ដោយ លោក ព្រមានថា នៅថ្ងៃខាងមុខ បើតុលាការ ផ្អឹបសំណុំរឿងចោល ឬចាត់ការដោយគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវនោះ លោក នឹងប្រមូលក្រុមយុវជន ដែលស្នេហាជាតិ ធ្វើសកម្មភាពទ្រង់ទ្រាយ ដើម្បីបង្ហាញទៅសាធារណជន និងអន្តរជាតិ ពីភាពមិនឯករាជ្យនៃប្រព័ន្ធតុលាការនៅកម្ពុជា «ខ្ញុំនឹងដឹកនាំយុវជន មកធ្វើបាតុកម្ម ដើម្បីទាមទារឲ្យតុលាការហ្នឹង ធ្វើកិច្ចការសេចក្តីសម្រេចអ្វីមួយ គឺឲ្យសីលធម៌ វិជ្ជាជីវៈជាតុលាការ បម្រើឲ្យពលរដ្ឋ»។
កន្លងមកមន្ត្រីរដ្ឋាភិបាល ធ្លាប់អះអាងឆ្លើយតប ទៅនឹងបណ្តឹងរបស់យុវជនរូបនេះ ជាបណ្តឹងដែលគ្មានមូលដ្ឋានច្បាប់ ធ្វើឡើងដោយមិនពិចារណា និងមិនយល់ច្បាស់ពីប្រវត្តិសាស្ត្រកម្ពុជា។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក និងជាអ្នកតាមដានដំណើរការតុលាការកម្ពុជា លោក ចាន់ សុវ៉េត យល់ថា ចំណាត់ការនេះ នឹងឆ្លុះបញ្ចាំងពីសមត្ថភាពរបស់តុលាការ ដោះស្រាយបណ្តឹង ពាក់ព័ន្ធនឹងអធិបតេយ្យភាព បូរណភាពទឹកដី និងនយោបាយ ដែលភាគីពាក់ព័ន្ធ នឹងរង់ចាំតាមដានបន្ត «ទាក់ទងក្នុងរឿង កោះត្រល់ នេះជាដើម សុទ្ធតែមានសទ្ធិសញ្ញារួមគ្នា មានការឯកភាពគ្នា មានកិច្ចព្រមព្រៀងគ្នា។ អ៊ីចឹងការដោះស្រាយក្នុងក្របខណ្ឌ តុលាការជាតិយើងនេះ ថាតើអាចធ្វើទៅបានកម្រិតណាមួយនោះ យើងខ្ញុំទាំងសង្គមស៊ីវិល មិនទាន់ឲ្យតំលៃទេ»។
អ្នកស្រាវជ្រាវបញ្ហាព្រំដែនសមុទ្រ លោក ហុង សុខហូ ឲ្យដឹងថា កោះត្រល់ ត្រូវបានលោក ហ៊ុន សែន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ចុះហត្ថលេខាលើសន្ធិសញ្ញា ឆ្នាំ១៩៨២ ឲ្យទៅវៀតណាម ដែលគ្រានោះកម្ពុជា ស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម ដូច្នេះការបាត់កោះនេះ គឺស្ថិតក្រោមគំនាបនយោបាយ។ លោកចាត់ទុកថា សន្ធិសញ្ញានៅឆ្នាំ១៩៨២នោះ សន្ធិសញ្ញាមិនស្របច្បាប់ ប៉ុន្តែផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែម នៅឆ្នាំ២០០៥ បានធ្វើឲ្យសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២នោះ ក៏ជាសន្ធិសញ្ញាឆ្នាំ១៩៧៩ និងឆ្នាំ១៩៨៥ ទៅជាស្របច្បាប់ដែរ។
យ៉ាងនេះក្តី លោក ហុង សុខហូ យល់ថា កម្ពុជាយើងនៅមានលទ្ធភាពអាចទាមទារកោះត្រល់មកវិញបាន ដោយផ្អែកទៅលើច្បាប់ពីរ «ទី១ ច្បាប់ស្ដីអំពីសមុទ្រ ដែលចុះហត្ថលេខានៅខែធ្នូ ឆ្នាំ១៩៨២ គេចែងច្បាស់ណាស់ កោះណាដែលនៅជាប់ជិតប្រទេស ដូចជាកោះត្រល់ ដែលមានចម្ងាយតែ១៥ គីឡូម៉ែត្រពីប្រទេសកម្ពុជា នៅលើច្បាប់ហ្នឹងវាអត់មានអីត្រូវបកស្រាយច្រើនទេ អត់មានឆ្ងល់ អត់មានមន្ទិលសង្ស័យទេ គឺជាកោះរបស់ប្រទេសកម្ពុជាហើយ ពីព្រោះវានៅជិត ហើយទី២ទៀត យើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង ក៏គេបានចែងដែរ ថាសន្ធិសញ្ញាទាំងឡាយណា ដែលផ្ទុយអំពីផលប្រយោជន៍របស់ប្រទេសជាតិកម្ពុជាយើង គឺយើងមានសិទ្ធិលុបចោល ដើម្បីឲ្យ--កុំឲ្យសន្ធិសញ្ញាហ្នឹង វាមានឥទ្ធិពលលើការបាត់បង់ទឹកដី»។
ពាក់ព័ន្ធនឹងកោះត្រល់នេះ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបំភ្លឺក្នុងរដ្ឋសភាថា ការបាត់បង់កោះត្រល់ គឺបាត់តាំងពីឆ្នាំ១៩៣៩មកម្ល៉េះ នៅពេលដែលកម្ពុជានៅក្រោមអាណានិគមបារាំង ហើយត្រូវបានលោក Previe(ប្រេវីយេ) ជនជាតិបារាំងជាអ្នកគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន បានកាត់កោះនោះឲ្យវៀតណាម។ លោកនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា អតីតព្រះមហាក្សត្រ ដែលជាអ្នកដឹកនាំប្រទេសនៅពេលនោះក៏ទទួលស្គាល់ថា កោះត្រល់ត្រូវបានប្រគល់ឲ្យវៀតណាមដែរ ហើយលោកនាយករដ្ឋមន្ត្រីថា ប្រសិនបើនរណាចង់ដណ្តើមយកកោះត្រល់វិញទៅដណ្តើមខ្លួនឯងចុះ លោកមិនចូលរួមទេ៕
អត្ថបទទាក់ទង៖
No comments:
Post a Comment