អ្នកភូមិរស់នៅតាមដងទន្លេសេសាន និងទន្លេស្រែពក ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ហែក្បួនបួងសួងសុំឲ្យអ្នកតាក្រហមកជាវត្ថុសក្ដិសិទ្ធិ ថែរក្សាទន្លេនោះ ជួយកុំឲ្យមានការបំផ្លាញទន្លេដោយសារការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣។
អំពើពុករលួយ ក្នុងការផ្ដល់សំណងប៉ះពាល់ ពីគម្រោង សង់ទំនប់វារីអគ្គិសនី សេសាន
ដោយ រដ្ឋា វិសាល / អាស៊ីសេរី | ១៩ កុម្ភៈ ២០១៤
ខណៈដែលប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់ ស្ដីពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង កំពុងស៊ើបអង្កេតជុំវិញការចោទប្រកាន់មន្ត្រីក្រុមការងារ ពាក់ព័ន្ធអំពើពុករលួយកាត់យកប្រាក់សំណង ចំពោះប្រជាពលរដ្ឋមក អ្នកភូមិជាដើមចោទឲ្យដឹងថា មន្ត្រីពាក់ព័ន្ធការចោទប្រកាន់សន្យាថានឹងសងប្រាក់ជូនប្រជាពលរដ្ឋវិញ។
ប្រជាពលរដ្ឋរស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក នូ ថងខាំ នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ អះអាងថា មន្ត្រីអភិបាលរងស្រុក និងជាសមាជិកគណៈកម្មការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ ទាក់ទិននឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ សន្យាថា មន្ត្រីក្រុមហ៊ុនសាងសង់ទំនប់នឹងសងប្រាក់ ៥ពាន់ដុល្លារ ដែលបានកាត់យកពីប្រាក់សំណងផលប៉ះពាល់ ជូនប្រជាពលរដ្ឋវិញ។ ការកាត់ប្រាក់កន្លងមកនោះ ពួកគាត់អះអាងថា ធ្វើឡើងដោយភ័ន្តច្រឡំ។
លោក នូ ថងខាំ បញ្ជាក់ថា ពីរថ្ងៃបន្ទាប់ពីលោកបានបញ្ចេញព័ត៌មាននេះ អភិបាលរងស្រុក លោក សុវណ្ណ ពិសេត បានមកផ្ទះរបស់លោក ហើយសន្យាថា ១០ថ្ងៃទៀតនឹងប្រគល់ប្រាក់ ៥ពាន់ដុល្លារសងវិញ។ ចំណែកប្រាក់ ១០% ទៀត គឺក្រុមការងារកាត់ពីអ្នកភូមិទាំងអស់គ្នា ដូច្នេះប្រសិនបើអ្នកភូមិស្ម័គ្រចិត្តប្រគល់ឲ្យក្រុមការងារ លោកក៏មិនតវ៉ាដែរ៖ «គេជួបខ្ញុំផ្ទាល់ខាងតំណាងក្រុមហ៊ុន គេសន្យាថានឹងសងខ្ញុំវិញ ប៉ុន្តែមិនទាន់សងទេ។ ប៉ុន្តែរឿង ១០% យើងមិនអាចថាទេ ចាត់ការផ្សេងចុះ ខ្ញុំមិនអាចនិយាយបានទេ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែកុម្ភៈ មិនអាចទាក់ទងអភិបាលរងស្រុកសេសាន លោក សុវណ្ណ ពិសេត សុំបញ្ជាក់ពីករណីនេះបានទេ។
ក៏ប៉ុន្តែ ប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់នៃអាជ្ញាធរខេត្តស្ទឹងត្រែង លោក យ៊ូ បាសិទ្ធ មានប្រសាសន៍ថា ក្រុមការងារបានអង្កេតករណីនេះជាមួយប្រជាពលរដ្ឋ ៨គ្រួសារ ក្នុងចំណោម ១២គ្រួសារចប់សព្វគ្រប់ហើយ។ ជំហានបន្ទាប់ នឹងកោះហៅមន្ត្រីពាក់ព័ន្ធក្នុងអនុគណៈកម្មការ ១២នាក់ទៀត មកបំភ្លឺពីករណីនេះ មុននឹងធ្វើរបាយការណ៍សុំការសម្រេចទៅលោកអភិបាលខេត្ត មិនទុកឲ្យបញ្ហានេះជះឥទ្ធិពលទៅលើគោលនយោបាយសំណងប្រជាពលរដ្ឋនោះឡើយ។ លោកបន្តថា បញ្ហាប្រាក់ ៥ពាន់ដុល្លារ គឺពាក់ព័ន្ធប្រជាពលរដ្ឋ និងមន្ត្រីក្រុមហ៊ុនចិន ប៉ុន្តែករណីនេះបានដោះស្រាយបញ្ចប់បញ្ហាហើយ៖ «អភិបាលខេត្តបញ្ជាដាច់ខាតថា ត្រូវតែរកឲ្យឃើញអ្នកណាបញ្ជាឲ្យយកលុយប្រជាជន។ អ៊ីចឹង សូមទុកពេលវេលា ទី១ គឺបងប្អូនគាត់ត្រូវឡើងមក អ្នកណាគាត់ត្រូវប្ដឹងទាមទារយ៉ាងណាវិញ គាត់ត្រូវតែប្ដឹងមានមូលដ្ឋានត្រឹមត្រូវ។ខ្ញុំកោះហៅមន្ត្រីខ្ញុំម្តងឲ្យគាត់ការពារខ្លួន ហើយចាំសំយោគ ប្រហែលជាអាទិត្យៗក្រោយ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា លោកបានអង្កេតករណីនេះរួចហើយ គឺអ្នកភូមិបានអះអាងថា ប្រាក់សំណងផលប៉ះពាល់ពិតជាត្រូវបានមន្ត្រីក្រុមការងារកាត់ ១០% និង ៥ពាន់ដុល្លារបន្ថែមទៀតពីគ្រួសារ លោក នូ ថងខាំ។ លោកចាត់ទុកថា នេះគឺជាអំពើពុករលួយ គាបសង្កត់មកលើប្រជាពលរដ្ឋអ្នកត្រូវជម្លៀសចេញពីភូមិ ដើម្បីសាងសង់ទំនប់៖ «យើងមិនត្រូវកាត់ពីពួកគាត់ទេ អាហ្នឹងជាតួនាទីពួកគាត់ដែលចុះទៅបម្រើប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគាត់រងគ្រោះមួយជាន់ហើយ ទៅកាត់គាត់ ១០% ទៀត គាត់រងគ្រោះជាពីរជាន់»។
ក្រុមហ៊ុនចិន អ្នកសាងសង់ទំនប់ បានផ្តល់សំណងផលប៉ះពាល់ដំបូងដល់ប្រជាពលរដ្ឋ ១២គ្រួសារ ដែលមានដីធ្លីផ្ទះសម្បែងនៅចំណុចការដ្ឋានសាងសង់ទំនប់ ដែលត្រូវធ្វើការឈូសឆាយមុនគេ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ច្រើនរយគ្រួសារទៀត បានដាក់ញត្តិតវ៉ាមិនទទួលយកសំណងគោលនយោបាយនេះនៅឡើយ៕
No comments:
Post a Comment