Paris Peace Accords 23 Oct. 1991

Thursday, February 20, 2014

អាជ្ញាធរ​ តាម​រក​ អ្នក​កាសែត​ បរទេស​ម្នាក់​ បាត់​ខ្លួន​ នៅ​សៀមរាប

អាជ្ញាធរ​ តាម​រក​ អ្នក​កាសែត​ បរទេស​ម្នាក់​ បាត់​ខ្លួន​ នៅ​សៀមរាប

ដោយ ហង្ស សាវយុត / អាស៊ីសេរី​​​ | ​១៩ កុម្ភៈ ២០១៤
មន្ត្រី​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប កំពុង​ចង់​បាន​កិច្ច​សហការ​ពី​ម្ចាស់​ផ្ទះ​សំណាក់ គ្រីន វីល្លេក អង្គរ (Green Village Angkor) និង​ជនជាតិ​កាណាដា មួយ​ចំនួន​ទៀត ដើម្បី​​​ជា​មូលដ្ឋាន​ក្នុង​ការ​​តាម​រក​​អ្នក​កាសែត​កាណាដា ម្នាក់​ដែល​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ខេត្ត​នេះ។
ការ​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហការ​ជាមួយ​ប៉ូលិស​​នេះ បន្ទាប់​ពី​បុរស​អ្នក​​កាសែត​ជនជាតិ​កាណាដា (Canadian) ម្នាក់​ឈ្មោះ ដេវីដ វ៉កឃើ (David Walker) អាយុ ៥៨​ឆ្នាំ ​កំពុង​បាត់​ខ្លួន​នៅ​ខេត្ត​សៀមរាប ចំនួន ៥​ថ្ងៃ​មក​ហើយ។
ប្រធាន​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​សៀមរាប ​គឺ​លោក ចៅ ម៉ៅវិរៈ។ លោក​​​​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១៩ ខែ​កុម្ភៈ ថា កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ កន្លង​ទៅ ស្ថានទូត​អូស្រ្តាលី ប្រចាំ​​កម្ពុជា បាន​មក​ប្រាប់​សមត្ថកិច្ច​ឱ្យ​ជួយ​តាម​រក​អ្នក​កាសែត​កាណាដា ម្នាក់ ដែល​កំពុង​បាត់​ខ្លួន​នោះ។
រហូត​មក​ដល់​ពេល​នេះ ប៉ូលិស​អន្តោប្រវេសន៍​បាន​ត្រឹម​តែ​ដឹង​ថា អ្នក​កាសែត​កាណាដា​ ម្នាក់​នោះ​បាន​មក​ខេត្ត​សៀមរាប ដោយ​ស្នាក់នៅ​ក្នុង​ផ្ទះសំណាក់​មួយ​ឈ្មោះ Green Village Angkor។
លោក ចៅ ម៉ៅវិរៈ៖ «កម្លាំង​ខ្ញុំ​ចុះ​ទៅ​សួរ​ទៅ ថា​បាត់​មែន! ហើយ​ម្ចាស់​ផ្ទះ​សំណាក់​ហ្នឹង​ក៏​មិន​មក​ប្ដឹង​ឱ្យ​ចេញ​មក​​ថា​ឥឡូវ​វា​អី​ចេះៗៗ អត់​ទៀត។ ឥឡូវ​ខ្ញុំ​មិន​ដឹង​ថា យ៉ាង​ម៉េច ចង់​ឱ្យ​ម្ចាស់​ផ្ទះ​សំណាក់​នោះ​មក​ដាក់​ពាក្យ​បណ្ដឹង ​ហើយ​និង​មិត្តភ័ក្ដិ​របស់​អ្នក​បាត់​ខ្លួន​នោះ មក​ដាក់​ពាក្យ​បណ្ដឹង ​សាកសួរ​ទៅ ហើយ​យើង​តាម​រក​របៀប​ម៉េច? ទៅ​ណា​ទៅ​ណី? ឱ្យ​ដឹង​មុខ​សញ្ញា​ខ្លះ បើ​យើង​អត់​ដឹង​អ៊ីចឹង យើង​ធ្វើ​ម៉េច​ដឹង ថា​តាម​រក​របៀប​ណា?»
លោក ដេវីដ វ៉កឃើ គឺ​ជា​អ្នក​កាសែត​ជនជាតិ​កាណាដា និង​ក៏​ជា​អ្នក​ថត​ខ្សែ​​​វីដេអូ​ផង។ លោក ដេវីដ វ៉កឃើ បាន​បាត់​ខ្លួន​ពី​​ផ្ទះ​សំណាក់ Green Village Angkor ក្នុង​ខេត្ត​សៀមរាប កាល​​ពី​​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ដោយ​ទុក​ចោល​ទូរស័ព្ទ កុំព្យូទ័រ Laptop និង​លិខិត​ឆ្លង​ដែន នៅ​ក្នុង​បន្ទប់​ស្នាក់នៅ​ផង៕




No comments:

Post a Comment