ក្រុមសមត្ថកិច្ចដែលបានដាក់ពង្រាយនៅតំបន់រមណីយដ្ឋានវត្តភ្នំ (រូបថត៖ តាំង វីដា)
(រូបភាពពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍)
សមត្ថកិច្ច រារាំង ក្រុមយុវជន ប្រមូលផ្តុំ ជិះកង់ ក្នុងយុទ្ធនាការ មួយរយកោដិសំឡេង
ដោយ៖ តាំង វីដា | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បានដាក់ពង្រាយកម្លាំងការពារនៅរមណីដ្ឋានវត្តភ្នំ ដើម្បីរារាំងក្រុមយុវជនដែលចូលរួមយុទ្ធនាការមួយរយកោដិសំឡេង មិនឲ្យជួបជុំ និងធ្វើសន្និសីទសារព័ត៌មាននៅទីនោះឡើយ។
ក្រុមយុវជនប្រមាណ ២០០នាក់ មកពីសាកលវិទ្យាល័យ វិទ្យាល័យ និងអង្គការនានា គ្រោងធ្វើយុទ្ធនាការមួយរយកោដិសំឡេង ដែលជាយុទ្ធនាការមួយ ទាមទារឲ្យបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី និងកុមារី នៅថ្ងៃទី១៤ខែកុម្ភៈនេះ ដែលជាថ្ងៃនៃក្តីស្រលាញ់ តាមរយៈការជិះកង់ ព្រមទាំងធ្វើសន្និសីទសារព័ត៌មាន នៅរមណីយដ្ឋានវត្តភ្នំ។ ប៉ុន្តែនៅព្រឹកនេះ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានដាក់ពង្រាយនៅជុំវិញវត្តភ្នំ មិនអនុញ្ញាតឲ្យយុវជនទាំងនោះ ប្រមូលផ្តុំឡើយ ដោយថា ថ្ងៃនេះជាថ្ងៃបុណ្យមាឃបូជា។
យុទ្ធនាការមួយរយកោដិសំឡេងក្នុងឆ្នាំនេះ ធ្វើឡើង ក្រោមប្រធានបទ <<សេចក្តីស្រឡាញ់ និងយុត្តិធម៌>> ក្នុងគោលបំណងចូលរួមជាមួយសកម្មជននៅទូទាំងពិភពលោក ដែលស្រលាញ់និងគាំទ្រស្ត្រីចំនួនមួយរយកោដិនាក់ ដើម្បីបង្ហាញសាមគ្គីភាពជាមួយស្ត្រីដែលបានរួចផុតពីអំពើហិង្សា តាមរយៈការបញ្ចេញសំឡេង និងរាំជាមួយគ្នា ដើម្បីទាមទាររកយុត្តិធម៌ និងបញ្ចប់អំពើហិង្សាលើស្ត្រី និងកុមារី។ យុទ្ធនាការនេះ មានសកម្មភាពផ្សេងៗដូចជា ការរាំជាក្រុម ការជិះកង់ បទសម្ភាសន៍តាមវិទ្យុនិងទូរទស្សន៍ និងការសម្តែងក្នុងការប្រគុំតម្ត្រី នៅល្ងាចថ្ងៃទី១៤ខែកុម្ភៈ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ៕
No comments:
Post a Comment