សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តព្រៃវែង ឈរមើលរូបថតជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១១។
RFA/Leng Maly
បទវិភាគ៖ តើ របបបច្ចុប្បន្ន ដូច របបខ្មែរក្រហម ឬទេ?
ដោយ ជុន ច័ន្ទបុត្រ / អាស៊ីសេរី | ១៣ កុម្ភៈ ២០១៤
ជារឿយៗអ្នកដែលមិនសប្បាយចិត្តនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រដូចរបបនេះទៅនឹងរបបខ្មែរក្រហម។ តើការប្រដូចបែបនេះសមហេតុសមផលដែរឬទេ?
ខាងក្រោមនេះជាអត្ថបទវិភាគមួយពិនិត្យមើលថា តើរបបបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរបបខ្មែរក្រហមដូចគ្នា ឬខុសគ្នាយ៉ាងណា?
ដោយនិយាយផ្ទុយពីសម្ដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែក្រើនរំលឹកប្រជាពលរដ្ឋអោយប្រៀបធៀបជីវភាពរស់នៅសម័យបច្ចុប្បន្នទៅនឹងជីវិតកាលពី ៣៥ឆ្នាំមុន ដើម្បីអោយមើលឃើញថា របបនេះគ្រាន់បើជាងរបបខ្មែរក្រហមនោះ អ្នកដែលរងទុក្ខដោយសាររបបបច្ចុប្បន្ន តែងតែចោទប្រកាន់ថា សម័យតេជោដូចគ្នា ឬអ្នកខ្លះថា អាក្រក់ជាងសម័យខ្មែរក្រហមទៅទៀត។ យើងសាកល្បងពិនិត្យមើលទាំងអស់គ្នា ថាតើការចោទប្រកាន់នេះមានមូលដ្ឋានត្រឹមត្រូវដែរឬទេ?
ជាដំបូងយើងពិនិត្យមើលប្រព័ន្ធដឹកនាំប្រទេសនៃរបបទាំងពីរនេះសិន។ ថ្វីត្បិតតែមានឈ្មោះជាផ្លូវការថា កម្ពុជាប្រជាធិបតេយ្យ របបខ្មែរក្រហមប្រកាន់លទ្ធិកុម្មុយនិស្តផ្ដាច់ការ មិនយកប្រជាពលរដ្ឋជាធំនោះទេ។ របបខ្មែរក្រហមគ្មានគណបក្សនយោបាយដទៃណាក្រៅតែពីគណបក្សកុម្មុយនិស្តដែលកាន់អំណាចនោះឡើយ។ របបបច្ចុប្បន្ននេះវិញ ជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងជារបបសេរីពហុបក្ស។ រដ្ឋាភិបាលកើតឡើងពីការបោះឆ្នោត ដោយមានគណបក្សជាច្រើនចូលរួមប្រកួតប្រជែង ហើយបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានទាំងគណបក្សប្រឆាំង មានទាំងគណបក្សបញ្ឆោត។ ក៏ប៉ុន្តែត្រង់ថា ការបោះឆ្នោតនោះត្រឹមត្រូវ ឬកេងបន្លំបែបណាវាជារឿងមួយផ្សេងទៀត។
នៅក្នុងសម័យខ្មែរក្រហម សម្ដីទាំងឡាយរបស់មេខ្មែរក្រហម ឬអង្គការ ក្លាយទៅជាមាគ៌ាដឹកនាំដ៏ភ្លឺស្វាង ហើយអ្នកដែលហ៊ានសួរដេញដោលពីសម្ដីរបស់អង្គការ ត្រូវគេចាត់ទុកថា ជាអ្នកមិនដើរតាមមាគ៌ាដឹកនាំដ៏ភ្លឺស្វាងនោះទេ ហើយត្រូវគេយកទៅវាយចោល។ នៅក្នុងសម័យនេះវិញ សម្ដីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរបស់អ្នកដឹកនាំដទៃទៀត ត្រូវបានគេចាត់ទុកថា ជាប្រសាសន៍ប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណដ៏ខ្ពង់ខ្ពស់។ ដោយសម្ដីរបស់លោកនាយករដ្ឋមន្រ្តីពោរពេញទៅដោយគតិនិងបញ្ញាខ្ពស់ដូច្នេះ សម្ដីដែលផ្សេងពីលោក គឺជាសម្ដីអគតិ សម្ដីល្ងង់ខ្លៅ ថោកទាប។ ជនទាំងឡាយណាដែលនិយាយអ្វីខុសពីសម្ដីលោក ក៏ត្រូវគេចាត់ទុកថា ជាក្រុមជនអគតិ ជនល្ងង់ខ្លៅ ជនថោកទាប។
ចំពោះភាសាវិញ ក្នុងសម័យខ្មែរក្រហម ពាក្យខ្មែរមួយចំនួនមានន័យបញ្ច្រាសទៅវិញ។ ឧទាហរណ៍ពាក្យថា យកទៅកសាង ឬយកទៅរៀនសូត្រ មិនមែនមានន័យថា មានសំណាងបានទៅរៀនសូត្រដូចន័យដែលយើងបានស្គាល់នោះទេ។ ប្រសិនបើអង្គការយកទៅរៀនសូត្រ ឬយកទៅកសាង គឺមានន័យថា យកទៅកម្ទេចចោល។ ក្នុងសម័យតេជោនេះ គេមិនសូវឃើញមានការប្រើប្រាស់ពាក្យអោយបញ្ច្រាសផ្ទុយពីន័យដើមទាំងស្រុងដូចកាលសម័យ ប៉ុល ពត ទេ គេគ្រាន់តែដូរន័យខ្លះៗ។
ពាក្យដែលយើងធ្លាប់ឮលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ជាញឹកញាប់ ដូចជាពាក្យថា "កាពាររដ្ឋធម្មនុញ្ញ" ជាឧទាហរណ៍ មិនមែនមានន័យបញ្ច្រាសថា រំលាយរដ្ឋធម្មនុញ្ញនោះទេ។ ពាក្យការពារនៅតែមានន័យថា ការពារដដែល គ្រាន់តែមិនការពាររដ្ឋធម្មនុញ្ញ តែការពារអំណាចផ្តាច់ការ។ បើគេនិយាយថា រដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពាររដ្ឋធម្មនុញ្ញ គឺមានន័យថា ត្រូវបាញ់សម្លាប់ បាញ់ ត្រូវចាប់មនុស្សដាក់គុគ ចាប់ ដើម្បីការពារអំណាច។ អ្នកណាក៏ដោយអោយតែធ្វើសកម្មភាពអ្វីមួយដែលអាចអោយមេដឹកនាំគិតថា អាចប៉ះពាល់ដល់ការកាន់អំណាចរបស់ខ្លួនអ្នកនោះ នឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត ពីសំណាក់អាជ្ញាធរក្រោមពាក្យថា ដើម្បី "ការពាររដ្ឋធម្មនុញ្ញ" នេះឯង។
នៅមានពាក្យមួយចំនួនទៀតដែលកំពុងពេញនិយមក្នុងវណ្ណៈមេដឹកនាំបច្ចុប្បន្ន នោះគឺពាក្យ "អភិវឌ្ឍន៍"។ ពាក្យនេះក៏មានន័យក្លាយពីន័យដើមច្រើនដែរ។ ប្រសិនបើមានថៅកែណាចង្អុលទីតាំងណាដែលមានមនុស្សរស់នៅថាជាតំបន់អភិវឌ្ឍន៍ អ្នករស់នៅតំបន់នោះប្រញាប់បបួលកូនចៅនាំគ្នាវេចបង្វេចទៅរកដើមឈើជ្រកអោយហើយទៅ។ បើចង្អុលចំដីព្រៃណាថាជាតំបន់អភិវឌ្ឍន៍វិញ មិនយូរមិនឆាប់ ព្រៃនោះនឹងក្លាយជាទីវាលរហោស្ថានដូចជាព្រៃឡង់ជាដើម។
ចំពោះប្រជាជនវិញ នៅសម័យខ្មែរក្រហមគេចែកជាពីរប្រភេទ គឺប្រជាជនចាស់និងប្រជាជនថ្មី។ ប្រជាជនចាស់ គឺជាអ្នកដែលត្រូវបានពួកខ្មែរក្រហមក្ដោបក្ដាប់មុន ឬដែលខ្មែរក្រហមហៅថា រំដោះបានមុន។ រីឯប្រជាជនថ្មី គឺជាអ្នកដែលខ្មែរក្រហមទើបវាយដណ្ដើមបានតាមក្រោយ នៅពេលដែលពួកគេវាយរំលំរបបលោកសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ ដូច្នេះហើយបានជាជួនកាលគេហៅប្រជាជនថ្មីថា ពួក ១៧មេសា។
នៅក្នុងសម័យតេជោនេះ ប្រជាពលរដ្ឋសាមញ្ញខ្លួនឯងហាក់ដូចជាមិនមានការបែងចែកក្រុមបក្សទេ។ ថ្វីត្បិតតែពួកគាត់អាចមានទស្សនៈគាំទ្របក្សផ្សេងគ្នាក៏ដោយ ពួកគាត់រស់នៅក្នុងស្រុកភូមិដោយសុខសាន្តជាមួយគ្នា។ តាមពិតគឺអាជ្ញាធរនៅតាមមូលដ្ឋានទេ ដែលព្យាយាមបែងចែងតាមដានប្រជាជនថា ជាក្រុមគាំទ្រគណបក្សនេះ ឬគណបក្សនោះ។ បើពិនិត្យអោយមែនទែនទៅ ការបែងចែកពួកក្រុមហាក់មានទៅលើវណ្ណៈអ្នកដឹកនាំឯណោះទៅវិញទេ គឺមានការបែងចែកយ៉ាងហោចណាស់បីក្រុម គឺមានក្រុមអ្នកចាស់ អ្នកថ្មី និងអ្នកលក់ខ្លួន។
អ្នកចាស់គឺជាក្រុមអ្នកដែលបានរត់ទៅវៀតណាម រួចចូលរួមបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ថ្ងៃ ២ធ្នូ ដើម្បីចូលមកវាយបណ្ដេញពួកខ្មែរក្រហម។ អ្នកចាស់ភាគច្រើនមានតំណែងធំគ្រាក់ៗ និងមានតំណែងដឹកនាំសំខាន់ៗក្នុងជួរគណបក្សប្រជាជនកម្ពុជា។ អ្នកថ្មីគឺជាអ្នកដែលបានចូលរួមជាមួយរដ្ឋាភិបាលក្រោយថ្ងៃ៧ មករា។ អ្នកថ្មីអាចមានតំណែងធំៗសំខាន់ៗ ក្នុងបក្សនិងក្នុងរដ្ឋាភិបាលបានខ្លះដែរ។ រីឯចំណាត់ថ្នាក់ទីបី គឺពួកអ្នកលក់ខ្លួនវិញ គឺជាក្រុមអ្នកនយោបាយដែលលោកនាយករដ្ឋមន្ត្រីអូសទាញបានពីគណបក្សនយោបាយដទៃ តាមការផ្តល់លុយកាក់ ឬតំណែង។ ក្រុមអ្នកលក់ខ្លួននេះ មិនសូវមានមុខតំណែងដែលមានឥទ្ធិពលក្នុងរដ្ឋាភិបាល ឬមានឱកាសចូលជ្រៅទៅក្នុងជួរគណបក្សប្រជាជនកម្ពុជាទេ។
ចំពោះស្ថាប័នព្រះមហាក្សត្រវិញ របបខ្មែរក្រហមមិនត្រូវការស្ដេចទេ។ សម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានពួកខ្មែរក្រហមឃុំព្រះកាយនៅក្នុងព្រះបរមរាជវាំង នារាជធានីភ្នំពេញ។ ពួកខ្មែរក្រហមចាត់ទុកថា របបសក្តិភូមិជារបបជិះជាន់ ធ្វើស្រែលើខ្នងរាស្ត្រ។ ផ្ទុយទៅវិញ របបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកតម្កើងព្រះមហាក្សត្រ។ តាមពិតគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះហើយ ដែលបានលើកសម្តេចព្រះ នរោត្តម សីហនុ ជាព្រះមហាក្សត្រ ដោយមិនបាច់អោយព្រះអង្គពិបាកនឹងចូលប្រកួតប្រជែងក្នុងការបោះឆ្នោត ឬចូលប្រឡូកក្នុងឆាកនយោបាយឡើយ។
ផ្ទុយពីពួកខ្មែរក្រហមដែលចាត់ទុកថា ព្រះមហាក្សត្រគ្មានប្រយោជន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ចាត់ទុកថា ស្ថាប័នព្រះមហាក្សត្រជាគន្លឹះមួយជាពិសេសក្នុងការដណ្ដើមសន្លឹកឆ្នោត។ ដូច្នេះហើយបានជាលោកយកចិត្តទុកដាក់នឹងកិច្ចការព្រះបរមរាជវាំងខ្លាំងណាស់ រហូតដល់ទៅចាត់អោយមានមន្រ្តីជាន់ខ្ពស់ពីគណបក្សប្រជាជនកម្ពុជា ទៅចាំហែហមជួយតាមដានមើលកិច្ចការរបស់ព្រះអង្គផង។
លោកនាយករដ្ឋមន្ត្រីខ្លួនឯងវិញ ក៏ធ្លាប់មានប្រសាសន៍ជាសាធារណៈដែរថា លោកនឹងតាមការពារស្ថាប័នព្រះមហាក្សត្រជារៀងដរាប រហូតដល់ពេលណាដែលព្រះមហាក្សត្រឈប់ធ្វើតាមបញ្ជាលោក ទើបលោករំលាយចោល។
ចំណែកវិស័យសាសនាវិញ របបខ្មែរក្រហមមិនអនុញ្ញាតអោយមានសាសនាអ្វីទាំងអស់។ ព្រះសង្ឃត្រូវពួកខ្មែរក្រហមចាប់ផ្សឹក ហើយបញ្ជូនទៅអោយធ្វើការងារតាមការដ្ឋាន។ សម័យតេជោ ព្រះពុទ្ធសាសនាមានការវិវត្តន៍ប្លែកគួរអោយចាប់អារម្មណ៍។ ព្រះភិក្ខុសង្ឃ រួមទាំងសម្តេចសង្ឃផង អាចដើរឃោសនាអោយគណបក្សប្រជាជនកម្ពុជា បាន ដោយមិនត្រូវបានចាត់ទុកថា ខុសនឹងពុទ្ធោវាទទេ។ ឯព្រះសង្ឃដែលមិនឃោសនាអោយគណបក្សប្រជាជនកម្ពុជា ហើយងាកមករួមដៃជាមួយប្រជាពលរដ្ឋក្នុងការស្វែងរកយុត្តិធម៌សង្គម ត្រូវអាជ្ញាធរចាត់ទុកថា ជាព្រះសង្ឃក្លែងក្លាយ មិនគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ហើយត្រូវគេចាប់ដាក់គុក ឬដេញវាយទាំងមិនទាន់សឹក។
រាជធានីភ្នំពេញវិញ កាលពីសម័យខ្មែរក្រហមគ្មានប្រជាពលរដ្ឋធម្មតារស់នៅទេ។ ខ្មែរក្រហមដេញប្រជាជនចេញអស់អោយទៅធ្វើការនៅឯស្រែ។ រាជធានីភ្នំពេញ សម័យឥឡូវ មានមនុស្សរស់នៅកកស្ទះ។ មិនមានការបណ្តេញមនុស្សចេញទាំងអស់ដូចសម័យ ប៉ុល ពត ទេ គេដេញតែតំបន់ដែលត្រូវអភិវឌ្ឍន៍ដោយដុំៗ ដូចជាតំបន់បឹងកក់ បុរីកីឡា និងដីក្រហមជាដើម។ និយាយពីការអភិវឌ្ឍវិញ កុំទៅយកសម័យខ្មែរក្រហមមកប្រដូចនឹងសម័យនេះអោយសោះ។ សម័យខ្មែរក្រហមភ្នំពេញ ស្ងាត់ច្រៀប គ្មានការអភិវឌ្ឍអ្វីទាំងអស់។
ក្នុងសម័យតេជោ គេអភិវឌ្ឍន៍គ្មានសល់ចន្លោះណាមួយដុំទេ។ ដីសួនច្បារក៏អភិវឌ្ឍន៍អោយទៅជាផ្ទះល្វែង ជាធនាគារ។ បឹងធម្មជាតិដែលមានមនុស្សរស់នៅក្បែរៗមាត់បឹង ក៏គេបណ្តេញមនុស្សចេញ រួចចាក់ដីលុបបឹង ដើម្បីអភិវឌ្ឍន៍ទាំងស្រុងតែម្ដង។ សាលារៀន មន្ទីរពេទ្យ រោងកុន រោងល្ខោនជាតិ ក៏ត្រូវគេអភិវឌ្ឍន៍អោយទៅជាផ្ទះល្វែង ជាកន្លែងម៉ាស្សា ការ៉ាអូខេ កាស៊ីណូ ឬជាផ្ទះបនជាដើម។
ខ្មែរក្រហមមិនមានលុយចាយទេ។ ថ្វីត្បិតតែគេមានបោះពុម្ពលុយមែន តែគេមិនដែលបញ្ចេញអោយប្រជាពលរដ្ឋចាយឡើយ។ ក្នុងសម័យតេជោវិញ លុយប្រភេទណាក៏មានដែរ។ លុយរៀល លុយដុល្លាចាយពេញក្រុង។ លុយបាត លុយដុង ចាយពេញប្រទេស។ ហើយបើនិយាយអំពីសិទ្ធិក្នុងការផ្សាយនិងទទួលព័ត៌មានវិញ របបខ្មែរក្រហមមិនអនុញ្ញាតអោយមានសោះតែម្តង។ របបនោះគ្មានវិទ្យុ ទូរទស្សន៍ ឬកាសែតណាក្រៅពីរបស់អង្គការទេ។
សម័យតេជោវិញ វិទ្យុ ទូរទស្សន៍ កាសែតឯកជនមានព្រោងព្រាតរាប់មិនអស់ ហើយអាចសរសេរសរសើរពីសម្ដេចបានដោយសេរី។ អ្នកកាសែតណា ឬស្ថាប័នព័ត៌មានណាដែលមិនសរសេរសរសើរសម្ដេចត្រូវគេចាត់ទុកថា ជាអ្នកកាសែតប្រឆាំង ជាក្រុមអគតិ ឬជាក្រុមអ្នកនៅបរទេសមិនសូវយល់ពីស្ថានភាពពិតនៅកម្ពុជា សរសេរដើម្បីតែបន្ទច់បង្អាក់ដំណើរអភិវឌ្ឍន៍របស់សង្គមជាតិ។ បើសរសេររិះគន់ខ្លាំងគេចាប់ដាក់គុគ ឬបាញ់ចោលតែម្ដង។
ការធ្វើបាតុកម្មតវ៉ាក៏មិនអនុញ្ញាតអោយមានដែរក្នុងសម័យ ប៉ុល ពត។ សម័យនេះគេអនុញាត្តិអោយមានការធ្វើបាតុកម្មតវ៉ាខ្លះ ដើម្បីអោយស្របទៅនឹងនិយមន័យនៃសង្គមប្រជាធិបតេយ្យ។ ក៏ប៉ុន្តែប្រសិនបើការធ្វើបាតុកម្មនោះ បែបកក្រើករញ្ជួយបន្តិច បាតុករទាំងនោះលែងត្រូវគេចាត់ទុកថា ជាបាតុករទៀតហើយ គេបង្កើតឈ្មោះថ្មីថាជាក្រុមជនអនាធិបតេយ្យ រួចគេបាញ់សម្លាប់ចោលតែម្ដង ក្រោមហេតុផលថា ដើម្បីរក្សាសណ្តាប់ធ្នាប់និងសុវត្តិភាពសង្គម។
នៅសម័យខ្មែរក្រហម ស្ថាប័នមួយចំនួនដូចជាកាកបាទក្រហមជាដើម ត្រូវខ្មែរក្រហមបំបិទមិនអោយមាន។ ក្នុងសម័យតេជោ លោកយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះស្ថាប័នមួយនេះ រហូតដល់លើកតម្កើងភរិយារបស់លោកជាមេដឹកនាំទៀតផង។ តាំងតែពីសម្ដេចគតិព្រឹទ្ធបណ្ឌិតបានឡើងដឹកនាំមក កាកបាទក្រហមបានរីកចម្រើនខ្លាំងណាស់ ហើយបន្តិចម្តងៗ កាកបាទក្រហមកម្ពុជា បានបំពេញមុខងារបន្ថែមលើសពីនាទីរបស់ខ្លួន រហូតសឹងក្លាយជាសេនាធិការពង្រឹងគណបក្សប្រជាជនកម្ពុជា យ៉ាងមានប្រសិទ្ធភាព។
ដោយស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតដូច្នេះ កាកបាទក្រហមកម្ពុជា ល្បីរន្ទឺណាស់។ មានអ្នកនិពន្ធមួយចំនួនខំបូជាប្រាជ្ញាស្មារតីនិងកម្លាំងកាយចិត្តទាំងអស់ដែលខ្លួនមាន ដើម្បីនិពន្ធបទចម្រៀង និងសរសេរបទយកការណ៍លើកសរសើរពីស្នាដៃរបស់សម្តេចគតិព្រឹទ្ធបណ្ឌិតក្នុងការដឹកនាំស្ថាប័នដ៏អស្ចារ្យមួយនេះ។ អ្នកខ្លះខំសរសេរ និងខំផ្សាយលើកសរសើរអំពីកាកបាទក្រហមកម្ពុជា រហូតដល់ធ្លាក់ខ្លួនពីអ្នកនិពន្ធទៅជាបានងារជាឯកឧត្ដមទៅវិញ។ ហើយប្រហែលដោយជឿជាក់ក្នុងការដឹកនាំរបស់សម្តេចគតិព្រឹទ្ធបណ្ឌិតនេះដែរ ឈ្មួញអ្នករកស៊ីធំៗមួយចំនួន ក៏តម្រង់ជួរគ្នាខ្ចប់លុយមកជួយកាកបាទក្រហមកម្ពុជា ទោះជាមានការអំពាវនាវ ឬមិនមានក្តី។ ពួកឈ្មួញទាំងនោះមានហាក់ទឹកចិត្តជ្រះថ្លាណាស់ ពួកគ្មានចង់បានអ្វីក្រៅតែពីបានឈរថតជាមួយសម្តេចគតិព្រឹទ្ធបណ្ឌិត ដើម្បីផ្តិតពង្រីកយកទៅតាំងហាងរបស់ខ្លួន គ្រាន់តែអោយគេឯងគោរពបូជាតែប៉ុណ្ណោះ។
នេះគឺជាការសាកល្បងប្រៀបធៀបមួយចំនួនពីសម័យខ្មែរក្រហមនិងសម័យតេជោ។ តើរបបទាំងពីរនេះដូចគ្នា ឬខុសគ្នាយ៉ាងណានោះ សូមលោកអ្នកស្ដាប់សម្រេចចិត្តខ្លួនឯងចុះ៕
No comments:
Post a Comment