សន្និសីទកាសែតអំពីការប្រកាសផ្សាយដំណើរការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៤។
ការបោះឆ្នោត ក្រុមប្រឹក្សា អាណត្តិទី២ នឹងចាប់ផ្ដើម នៅថ្ងៃ១៨ ឧសភា
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ១១ កុម្ភៈ ២០១៤
ការបោះឆ្នោតនេះ សម្រាប់គណបក្សនយោបាយធំៗចំនួន ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានត្រៀមលក្ខណៈរួចហើយ។
ប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និង ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី២ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤។
លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសក្នុងសន្និសីទកាសែតព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ នាទីស្ដីការ គ.ជ.ប. ថា កាលបរិច្ឆេទនៃការទទួលពាក្យចុះបញ្ជីឈរឈ្មោះគណបក្ស និងបេក្ខជនសម្រាប់ការបោះឆ្នោតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤។ លោកបានអំពាវនាវដល់គ្រប់គណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោតនេះ ត្រូវមកយកគំរូពាក្យសុំចុះបញ្ជីគណបក្សនិងបេក្ខជន និងដាក់ពាក្យនៅទីស្ដីការ គ.ជ.ប. ឬនៅគណៈកម្មការរាជធានី/ខេត្ត រៀបចំការបោះឆ្នោត (គធ/ខប) តាមពេលម៉ោងធ្វើការ។
ការបោះឆ្នោតនេះ លោក អ៊ឹម សួស្តី បញ្ជាក់ថា សម្រាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមិនទាន់លាលែងពីតួនាទីគឺច្បាប់មិនអនុញ្ញាតឲ្យឈរឈ្មោះជាបេក្ខជនបានទេ៖ «ការបោះឆ្នោតនេះ ធ្វើជាពីរគន្លាក់។ បានន័យថា បោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត១ និងទី២ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុក ខណ្ឌ។ ហើយមណ្ឌលបោះឆ្នោត គឺនៅតាមស្រុក គឺខុសពីបោះឆ្នោតព្រឹទ្ធសភា ដែលការបោះឆ្នោតអសកលដែរ គឺមណ្ឌលបោះឆ្នោតនៅថ្នាក់ខេត្ត។ ធ្វើហិបពីរ ហើយសន្លឹកឆ្នោតពីរផ្សេងខុសគ្នា។ មួយសម្រាប់បោះឆ្នោតជ្រើសថ្នាក់រាជធានីខេត្ត និងមួយទៀតសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង, ស្រុក, ខណ្ឌ។»
លោកបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ត្រូវធ្វើឡើងជាលក្ខណៈអសកល។ អ្នកមានសិទ្ធិបោះឆ្នោត គឺមានតែសមាជិកក្រុមប្រក្សាឃុំ-សង្កាត់ ទើបមានសិទ្ធិបោះឆ្នោតនេះ។
ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២ មានសមាជិកក្រុមប្រឹក្សាសរុបចំនួន ៣.៣២៤នាក់។ ចំនួននេះបានកើនលើសអាណត្តិទី១ ចំនួន ៧០នាក់។
ទាក់ទិនការបោះឆ្នោតនេះ សម្រាប់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានអះអាងដូចៗគ្នាថា បានត្រៀមឯកសារ ដើម្បីដាក់ពាក្យសុំចុះបញ្ជីគណបក្ស និងបេក្ខជនរួចហើយ។
លោក អ៊ក គីមហាន ជាប្រធាននាយកដ្ឋានបូកសរុបនៃខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ លោកបានឲ្យដឹងថា គណបក្សខ្លួនបានត្រៀមឯកសារដាក់ពាក្យសុំចុះបញ្ជីគណបក្ស និងបេក្ខជនរួចហើយ៖ «គណបក្សប្រជាជន គឺរស់នៅក្នុងសង្គមកម្ពុជា ហ្នឹងគឺអនុវត្តនិងធ្វើទៅតាមច្បាប់ ទោះអ្នកណាយល់ម៉េចក៏យល់ទៅស្រេចទៅលើគេ។»
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ខ្លីថា ក៏បានត្រៀមឯកសារសម្រាប់ចុះបញ្ជីគណបក្ស និងបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី២ រួចហើយដែរ។
លោកថ្លែងថា ដោយសារតែការបោះឆ្នោតក្រុមប្រឹក្សាជាការបោះឆ្នោតអសកល ដូច្នេះគណបក្សសង្គ្រោះជាតិ បានចូលរួមការបោះឆ្នោតនេះ៖ «កិច្ចការនេះ គឺសព្វថ្ងៃរវល់ទៅលើការរៀបចំបេក្ខភាពសម្រាប់បោះឆ្នោតរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌនេះហើយ។»
លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត ដើម្បីការបោះឆ្នោតដោយត្រឹមត្រូវនិងយុត្តិធម៌នៅកម្ពុជា ឬហៅកាត់ថា និកហ្វិច (Nicfec)។ លោកស្នើឲ្យស្ថាប័នរៀបចំការបោះឆ្នោតត្រូវធ្វើយ៉ាងណាឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី២ ប្រព្រឹត្តទៅមានលក្ខណៈលទ្ធិប្រជាធិបតេយ្យ និងអនុវត្តឲ្យស្របតាមច្បាប់បោះឆ្នោត៖ «អំពាវនាវឲ្យការបោះឆ្នោតក្លាយជាទម្លាប់នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយការបោះឆ្នោតត្រូវតែមានភាពល្អ ត្រឹមត្រូវ និងយុត្តិធម៌ ទើបមានការគាំទ្រពីប្រជាពលរដ្ឋ។»
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រង់មាត្រា២ បានបញ្ជាក់ថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានរយៈពេល ៥ឆ្នាំ។ ក្រុមប្រឹក្សានេះអាចផុតកំណត់ទៅបាននៅពេលមានក្រុមប្រឹក្សាថ្មីចូលមកកាន់តំណែងបន្ត។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្នុងអាណត្តិទី១ បានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩។
បច្ចុប្បន្នប្រទេសកម្ពុជា មានរាជធានី-ខេត្តចំនួន ២៥ ហើយបែងចែកជា រាជធានីចំនួន ១ និងខេត្តចំនួន ២៤ ព្រមទាំងមានក្រុង ស្រុក ខណ្ឌ សរុបចំនួន ១៩៧ នៅទូទាំងប្រទេស៕
ជូ លាង ហាក់៖ មួយ ចក្ខុវិស័យ សំរាប់ ច្រកចេញ នយោបាយ កម្ពុជា!
ReplyDeletehttps://www.facebook.com/photo.php?fbid=664629440250590&set=a.435751843138352.91470.435746146472255&type=1&relevant_count=1
ចុច ទាញយក ជា ឯកសារ PDF៖
មួយ ចក្ខុវិស័យ សំរាប់ ច្រកចេញ នយោបាយ កម្ពុជា! ដោយ ជូ លាង ហាក់
"រឿង ជាប់គាំង នយោបាយ នៅ ប្រទេសខ្មែរ គ្មាន អ្វី ពិបាក យល់ សូម្បីបន្តិច, មានន័យ បើ គណបក្ស ប្រជាជន ដឹងខ្លួន កំពុងលង់ទឹក នៅក្នុង គំនាប របស់ យួន, ហេតុ មេច នៅ អោប ប្រទេសកម្ពុជា ទាំងមូល អោយ ធ្លាក់លង់ទឹក ផងដែរ ជាមួយ ពួកខ្លួន ទៅវិញ? ហេតុម៉េច គ្មាន ហុច ប្រទេសកម្ពុជា មក ក្នុង ដៃ មហាជន ខ្មែរ ឯណេះ ដែល ឈរ ត្រដែត នៅលើ គោក អាល ពួកគាត់ នឹង មាន ឱកាស ជួយ ស្តារ ប្រទេសកម្ពុជា ព្រមទាំង ពួកខ្លួន ដែល ជា ពួកអ្នក កំពុងលង់ទឹក នោះ?"