ប្រជាពលរដ្ឋ និងអាជ្ញាកំពុងពិភាក្សាគ្នាអំពីសេវាសារធាណៈ នៅក្នុងសាលាឃុំ
© ណាវិន-RFI
សិក្ខាសាលាថ្នាក់ខេត្ត ស្ដីពី សេវាសាធារណៈ បើកធ្វើពេញមួយថ្ងៃ នៅខេត្តបន្ទាយមានជ័យ
ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងមន្ទីរ ការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋាន សមាគមក្រុមប្រឹក្សាឃុំ-សង្កាត់-ខេត្ត តំណាងអង្គការ សង្គមស៊ីវិល និងសហគមន៍ នៅក្នុងខេត្តបន្ទាយមានជ័យ សរុបប្រមាណ១០០នាក់ ជួបជុំគ្នា នៅថ្ងៃចន្ទនេះ ក្នុងសិក្ខាសាលាថ្នាក់ខេត្តមួយ ស្ដីពី «សិទ្ធិទទួលបានព័ត៌មាន និងកាតព្វកិច្ចរដ្ឋាភិបាល ក្នុងការបើកចំហព័ត៌មាន អំពីតម្លៃសេវាសាធារណៈរបស់ក្រសួង និងមន្ទីរនានា។ អ្នកចូលរួមទាំងអស់ នឹងពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រ ដើម្បីពង្រឹងនូវការផ្សព្វផ្សាយ និងបើកចំហព័ត៌មានស្ដីពីសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ។
វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងអង្គការក្រុមទ្រទ្រង់ភូមិ រៀបចំសិក្ខាសាលាថ្នាក់ខេត្ត ស្ដីពី «សិទ្ធិទទួលបានព័ត៌មាន និងកាតព្វកិច្ចរដ្ឋាភិបាល ក្នុងការបើកចំហព័ត៌មាន អំពីតម្លៃសេវាសាធារណៈ របស់ក្រសួងនិងមន្ទីរនានា» នៅថ្ងៃទី២៤កុម្ភៈនេះ នៅខេត្តបន្ទាយមានជ័យ។ ជាសិក្ខាសាលា ដែលមានគោលបំណងជំរុញឲ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ប្រកាសផ្សព្វផ្សាយដល់សាធារណជន អំពីតម្លៃសេវាសាធារណៈ។
នាយកវិទ្យាស្ថានដដែល បន្ថែមថា ព័ត៌មានស្ដីពីការផ្ដល់សេវាសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់បំផុតរបស់ប្រជាពលរដ្ឋទូទៅ ហើយអភិបាលកិច្ចល្អរបស់ស្ថាប័នសាធារណៈ នឹងមិនអាចកើតមានពិតប្រាកដបានទេ ប្រសិនបើគ្មានការបិទផ្សាយ និងការបើកចំហព័ត៌មានដ៏ទូលំទូលាយនោះ។
នៅក្នុងសិក្ខាសាលាថ្នាក់ខេត្តរយៈពេលមួយថ្ងៃនេះ ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងមន្ទីរ ការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋាន សមាគមក្រុមប្រឹក្សាឃុំ-សង្កាត់-ខេត្ត តំណាងអង្គការសង្គមស៊ីវិលនិងសហគមន៍ នៅក្នុងខេត្តបន្ទាយមានជ័យ សរុបប្រមាណ១០០នាក់ នឹងពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រ ដើម្បីពង្រឹងនូវការផ្សព្វផ្សាយ និងបើកចំហព័ត៌មានស្ដីពីតម្លៃសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ៕
No comments:
Post a Comment