Paris Peace Accords 23 Oct. 1991

Wednesday, February 26, 2014

លោក វន់ ពៅ ត្រូវ​បាន​ ប្រទេស​ ប៊ែលហ្ស៊ិក ជ្រើសរើស​ ផ្ដល់​ពាន​រង្វាន់ ​កិត្តិយស

វន់ ពៅ ៦១០
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​លោក​ដឹក​នាំ​ការ​តវ៉ា​សុំ​ឲ្យ​ទំនិញ​ចុះ​ថោក កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៣។
RFA/Sek Bandith

លោក វន់ ពៅ ត្រូវ​បាន​ ប្រទេស​ ប៊ែលហ្ស៊ិក ជ្រើសរើស​ ផ្ដល់​ពាន​រង្វាន់ ​កិត្តិយស

ដោយ ទីន ហ្សាការីយ៉ា / អាស៊ិសេរី |​ ២៦ កុម្ភៈ ២០១៤
ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា បាន​ឲ្យ​ដឹង​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ថា លោក វន់ ពៅ ត្រូវ​បាន​ក្រុមប្រឹក្សាភិបាល​ទីក្រុង​ហ្គេន (Ghent) ប្រទេស​ប៊ែលហ្ស៊ិក (Belgium) បាន​ជ្រើសរើស​ផ្ដល់​ពាន​រង្វាន់​កិត្តិយស​ជូន​ លោក​ ក្នុង​ចំណោម​មនុស្ស ៦​នាក់​នៅ​ឆ្នាំ​២០១៤។
លោក ស ម៉ូរ៉ា បញ្ជាក់​ថា លោក វន់ ពៅ ជា​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៦​នាក់​មក​ពី​ប្រទេស​ដទៃ​ទៀត​ចំនួន ៦​នាក់ ត្រូវ​បាន​ក្រុមប្រឹក្សាភិបាល​ទីក្រុង​ហ្គេន បាន​ផ្ដល់​ពាន​រង្វាន់​កិត្តិយស​នេះ ដោយសារ​លោក​បាន​ចូល​រួម​តស៊ូ​ដើម្បី​យុត្តិធម៌​សង្គម​យ៉ាង​សកម្ម​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដល់​សព្វ​ថ្ងៃ។
លោក ស ម៉ូរ៉ា៖ «គេ​បាន​ជ្រើស​លោក វន់ ពៅ ជា​មនុស្ស​ឆ្នើម​ក្នុង​ចំណោម ៦​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៤ នេះ ហើយ​គេ​នឹង​ប្រាប់​មក​វិញ​នៅ​ថ្ងៃ​ស្អែក​អី​ហ្នឹង​មើល​ទៅ ព្រោះ​ខ្ញុំ​បាន​ផ្ញើ​ឯកសារ​ទៅ​ទីក្រុង​ហ្គេន ឲ្យ​គេ​អស់​ហើយ»
លោក ស ម៉ូរ៉ា បាន​បញ្ជាក់​ថា គេ​មិន​ទាន់​ឲ្យ​ដឹង​អំពី​កាលបរិច្ឆេទ​ពិត​ប្រាកដ​ថា លោក វន់ ពៅ នឹង​ត្រូវ​ទទួល​ពាន​រង្វាន់​នេះ​នៅ​ថ្ងៃ​ណា​នៅ​ឡើយ​ទេ។ តែ​លោក​បញ្ជាក់​ថា គេ​នឹង​ជូន​ដំណឹង​ឲ្យ​ដឹង​ក្នុង​ពេល​ឆាប់ៗ​នេះ។
លោក វន់ ពៅ ត្រូវ​បាន​យោធា​កង​ឆត្រ​យោង​ពិសេស​លេខ ៩១១ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ នៅ​ខណៈ​លោក​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​ជាមួយ​កម្មករ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល។ បន្ទាប់​ពី​ចាប់​ខ្លួន សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​លោក រួម​ទាំង​កម្មករ​និង​ប្រជាពលរដ្ឋ​ចំនួន ២២​នាក់​ទៀត យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខែត្រ​កំពង់ចាម ក្រោម​បទ​ចោទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។ តែ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​លោក វ់ន ពៅ នេះ​ថា ជា​ការ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​ខុស​ច្បាប់ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​វិញ៕




No comments:

Post a Comment