កម្ពុជា-វៀតណាម នឹងបើក កិច្ចប្រជុំ អំពី សេដ្ឋកិច្ច និងវប្បធម៌
រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា និងវៀតណាម នឹងបើកកិច្ចប្រជុំ ទ្វេភាគី ស្ដីអំពី កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលនឹងធ្វើឡើង នៅថ្ងៃទី១០ និងថ្ងៃទី១១ កុម្ភៈ ខាងមុខនេះ នៅរាជធានីភ្នំពេញ។
ដោយ វណ្ណ វិចារ / អាស៊ីសេរី | ០៣ កុម្ភៈ ២០១៤
ប្រមុខការទូតវៀតណាម នឹងមកប្រទេសកម្ពុជា នៅសប្ដាហ៍ទី២ ខែកុម្ភៈ នេះ។
សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយថ្ងៃទី៣ ខែកុម្ភៈ ឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ផាម ប៊ិញ មិញ (PHAM Binh Minh) នឹងមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងទី១១ កុម្ភៈ ផ្ដោតលើវិធីសាស្ត្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើវិស័យធំៗទាំង ៤ មានសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ព្រមទាំងវិស័យតូចជាច្រើនទៀត។
លោកបន្តថា កម្ពុជារំពឹងថា នឹងបានទទួលអត្ថប្រយោជន៍ច្រើន ពិសេសសេដ្ឋកិច្ច ពីជំនួបជាមួយវៀតណាមនេះ៖
«ប្រទេសទាំងពីរហ្នឹង គឺចង់ឲ្យវិស័យទាំងបួនហ្នឹងដំណើរការកាន់តែប្រសើរឡើង»។
ប្រទេសកម្ពុជា និងវៀតណាម បានបង្ខិតទំនាក់ទំនងការទូតជាមួយគ្នាលើគ្រប់វិស័យ តាំងពីថ្នាក់រដ្ឋាភិបាល រហូតដល់ថ្នាក់ខេត្ត។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងនយោបាយធ្លាប់បញ្ជាក់ថា វៀតណាម មានប្រៀបខ្លាំងជាងកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការនេះ។ ទំហំសេដ្ឋកិច្ចកម្ពុជា- វៀតណាម កើនដល់ជាង ៣ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជា ជាប្រទេសដែលលក់វត្ថុធាតុដើមឲ្យវៀតណាម និងទិញពីវៀតណាម វិញនូវផលិតផលសម្រេចជាច្រើនមុខ។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ឆ្នាំនេះជាលើកទី១៣ ហើយ។ កិច្ចប្រជុំលើកទី១២ បានរៀបចំធ្វើនៅប្រទេសវៀតណាម។ ប្រមុខរដ្ឋាភិបាលវៀតណាម ទើបតែបានបញ្ចប់ទស្សនៈផ្លូវរដ្ឋមកកាន់កម្ពុជា កាលពីខែមករា៕
No comments:
Post a Comment