អ្នកវិភាគ៖ បើ កម្ពុជា បោះឆ្នោត មុនអាណត្តិ នឹងទាញបាន ប្រយោជន៍ច្រើន ពីប្រទេសថៃ
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃចន្ទ ទី3 ខែកុម្ភៈ ឆ្នាំ2014
អ្នកវិភាគនយោបាយ និងអ្នកជំនាញ ធ្វើការលើវិស័យបោះឆ្នោតនៅកម្ពុជា ឲ្យ VOD ដឹងនៅថ្ងៃចន្ទថា បើកម្ពុជាបោះឆ្នោតមុនអាណត្តិ នឹងទទួលបានផលចំណេញច្រើនពីប្រទេសថៃ ខណៈប្រទេសជាប់របងគ្នាមួយនេះ កំពុងជួបវិបត្តិនយោបាយធ្ងន់ធ្ងរ។
នៅប្រទេសថៃ កាលពីថ្ងៃទី១ ខែកម្ភៈ មានការប៉ះទង្គិចគ្នារវាងក្រុមប្រឆាំង និងក្រុមគាំទ្ររដ្ឋាភិបាល ដោយគ្រាប់បែក និងបាញ់កាំភ្លើង នៅជាយក្រុងបាងកក បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅថៃ បង្ហាញថា ការិយាល័យបោះឆ្នោតប្រមាណ១០០០០ មិនអាចបើកដំណើរការនៅពេលបោះឆ្នោត នៅថ្ងៃអាទិត្យម្សិលមិញ ដោយសារក្រុមប្រឆាំងបង្កការរំខាន។ អ្នកវិភាគនិយាយថា នេះជាការគំរាមកំហែងដល់អ្នកវិនិយោគនៅថៃផងដែរ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា បើកម្ពុជាបោះឆ្នោតមុនអាណត្តិ អាចធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជា ល្អជាងនៅប្រទេសថៃ ដែលពេលនោះ អ្នកវិនិយោគ អាចងាកចេញពីប្រទេសថៃ មកបណ្តាក់ទុននៅកម្ពុជា។
ប៉ុន្តែ លោក សុខ ទូច បញ្ជាក់ថា ដើម្បីឲ្យការបោះឆ្នោត មានសេរី និងយុត្តធម៌ គណបក្សឈ្នះឆ្នោតទាំងពីរ គួរលើកយកបញ្ហាប្រឈមដាក់លើតុ រកដំណោះស្រាយរួមមួយ ដើម្បីជជែកបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា នឹងទាញផលចំណេញពីជម្លោះផ្ទៃក្នុងរបស់ថៃទៀតផង «ថៃគឺជា រាប់សែនវិនិយោគ ធំៗណាស់។ អ៊ីចឹងទេ យើងត្រូវគិតមើលប្រសិនជាយើតឈ្លោះគា្នដែរ គេទៅណា គេមិនមកយើងទេ។ ដូន្នេះយើងត្រូវដោះស្រាយបញ្ហាវិបត្តិនយោបាយនេះ ជាបន្ទាន់។ ឱកាសល្អណាស់ នៅពេលដែលកម្ពុជាដោះស្រាយបញ្ហាឲ្យចប់សព្វគ្រប់ វិនិយោគនឹងមកស្រុកយើង ហើយយើងនឹងធូរធារ»។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និចហ្វិច) លោក ហង្ស ពុទ្ធា យល់ថា បើគណបក្សឈ្នះឆ្នោតទាំងពីរ ស្រុះស្រួលគ្នា បោះឆ្នោតឡើងវិញពិតមែន កម្ពុជានឹងទទួលបានផលវិជ្ជមានច្រើន សម្រាប់សេដ្ឋកិច្ចជាតិ។ ផ្ទុយមកវិញ លោកថា បើថ្នាក់ដឹកនាំ គណបក្សឈ្នះឆ្នោតទាំងពីរ មិនព្រមបញ្ចប់ជម្លោះឲ្យបានឆាប់ទេ នោះស្ថានការណ៍របស់កម្ពុជាអាច ដូចប្រទេសថៃផងដែរ «គណបក្សប្រឆាំង ដែលលោកកំពុងធ្វើសកម្មភាពតវ៉ានោះ គឺបដិសេធចំពោះការការបោះឆ្នោត មានន័យថាទាមទារឲ្យនាយករដ្ឋមន្ត្រីចាំផ្ទះនោះ ចុះចេញពីតំណែង អ៊ីចឹងយើងឃើញថាទស្សនៈរបស់ក្រុមបក្សទាំងពីរនេះឯង មិនត្រូវគ្នាស្រេចហើយ អញ្ជឹងមិននិយាយដល់ការបោះឆ្នោតទេ សូម្បីតែក្នុងជីវភាពរស់នៅធម្មតា ក៏អាចនឹងមានហិង្សាកើតឡើងដែរ ចុះទម្រាំតែឈានដល់ការបោះឆ្នោតទៀត។ អ៊ីចឹងហិង្សាកើតមានជាយកថាហេតុ តែម្តង»។
ទោះជាយ៉ាងណាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា កម្ពុជាមិនអាចមានស្ថានភាពតានតឹងដូចប្រទេសថៃនោះទេ ពីព្រោះកម្ពុជាមិនមានច្បាប់ណា តម្រូវឲ្យបោះឆ្នោតឡើងវិញ។ លោកបញ្ជាក់ថា បើទោះបីកម្ពុជា មានជម្លោះនយោបាយអូសបន្លាយយ៉ាងណា តែកម្ពុជា ក៏មិនបាត់បង់អ្នកវិនិយោគនៅឡើយ «យើងធម្មតាទៅ យើងដើររកទីផ្សារ ជួយជាអាជ្ញាកណ្តាល ជួយធ្វើជាអ្នកសម្របសម្រួល ឲ្យវិនិយោគទុនជាមួយនឹងទីផ្សារ អន្តរជាតិ ហើយយើងនៅរកតទៅទៀត ហើយយើងយកពន្ធដា ធម្មតា ដូចយើងធា្លប់បានធ្វើប្រមាណកន្លះឆ្នាំកន្លងមកហើយ»។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកនាំពាក្យ លោក យឹម សុវណ្ណ មិនអាចទាក់ទងបានទេ។ ប៉ុន្តែកន្លងមក គណបក្សសង្ក្រោះជាតិ បានធ្វើបាតុកម្ម ទាមទារឲ្យបោះឆ្នោតឡើងវិញ។
រហូតមកដល់ពេលនេះ ស្ថានការណ៍នយោបាយនៅកម្ពុជា ត្រូវបានអ្នកវិភាគចាត់ទុកថា កំពុងជាប់គាំង បើទោះជារដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា អះអាងថា មិនជាប់គាំងក៏ដោយ។
សហរដ្ឋអាមេរិក បានផ្តាច់ជំនួយ៨០លានដុល្លារមកឲ្យរដ្ឋាភិបាលកម្ពុជា ខណៈគណបក្សជាប់ឆ្នោតទាំងពីរ មិនឯកភាពគ្នាលើលទ្ធផលបោះឆ្នោត៕
No comments:
Post a Comment