អ្នកវិភាគ៖ បោះឆ្នោត មុនអាណត្តិ អាចបញ្ចប់ បញ្ហានយោបាយ តែអាស្រ័យលើឆន្ទៈ របស់ គណបក្ស ទាំងពីរ
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី13 ខែកុម្ភៈ ឆ្នាំ2014
មានរយៈពេលជិត ៧ខែមកហើយ ដែលស្ថានការណ៍នយោបាយនៅកម្ពុជា ជួបនូវវិបត្តិ បន្ទាប់ពីថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នៅពេលដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ប្រកាសថាឈ្នះឆ្នោតដូចគ្នា។
គណបក្សសង្គ្រោះជាតិ បានចោទគណបក្សប្រជាជនកម្ពុជា ថាឃុបឃិតជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លួចបន្លំសន្លឹកឆ្នោត ហើយចាប់ផ្តើមធ្វើបាតុកម្មជាបន្តបន្ទាប់ ចាប់ពីខែកញ្ញាឆ្នាំ២០១៣រហូតដល់ខែមករាឆ្នាំ២០១៤នេះ ដែលតំបូងឡើយទាមទារឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីពេលបោះឆ្នោត បន្ទាប់មកទាមទារឲ្យមានការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ហើយរហូតដល់បច្ចុប្បន្ននេះ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
ចំណែកគណបក្សប្រជាជនកម្ពុជា ហាក់មិនខ្វល់នឹងការចោទប្រកាន់ និងការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនោះទេ ដោយថា គណបក្សនេះឈ្នះឆ្នោតតាមរដ្ឋធម្មនុញ្ញ ដោយមានការបោះឆ្នោតត្រឹមត្រូវពីសំណាក់ប្រជាពលរដ្ឋ និងមានព្រះរាជក្រឹត្យតែងតាំងត្រឹមត្រូវពីព្រះមហាក្សត្រ ហើយគណបក្សនេះ បន្តបង្កើតសភានិងរដ្ឋាភិបាលដោយឯកបក្ស។ ជាឆ្លើយតបនឹងការទាមទាររបស់គណបក្សសង្គ្រោះជាតិមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ធា្លប់លើកឡើងថាការបោះឆ្នោតឡើងវិញ គឺទៅមិនរួចជាដាច់ខាត។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច យល់ថាការទាមទារបោះឆ្នោតមុនអាណត្តិ គឺជាជម្រើសតែមួយគត់ដែលអាចជួយឲ្យគណបក្សប្រជាជនកម្ពុជា អាចទទួលយកបានដើម្បីឈានដល់ការដោះស្រាយបញ្ហានយោបាយទាំងស្រុង «កាលណាបោះឆ្នោតឡើងវិញ វាធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានថាបោះឆ្នោតកន្លងមកមានបញ្ហា អញ្ចឹងរដ្ឋាភិបាលក៏បញ្ហា សភាក៏បញ្ហាគ្រាន់តែដាក់បោះឆ្នោតមុនអាណត្តិតែប៉ុណ្ណឹងទេ មុនអាណត្តិគឺជៀសវាងកុំឲ្យជាប់គាំងនយោបាយ មានន័យថា ខាងគណបក្សនោះក៏ល្អ គណបក្សនេះក៏ល្អ»។
ជុំវិញវិបត្តិនយោបាយនេះមន្ត្រីអង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកវិភាគបញ្ហាសង្គមលើកឡើងជាញឹកញាប់ឲ្យមានការបោះឆ្នោតមុនអាណត្តិដើម្បីគ្រប់ភាគីទទួលយក។
ក្នុងសិក្ខាសាលាស្តីពីការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា រៀបចំដោយសាកលវិទ្យាល័យខេមរៈកាលពីថ្ងៃទី១៣ខែមករា ដែលមានសាស្ត្រាចារ្យ អ្នកវិភាគ អ្នកស្រាវជ្រាវនិងនិស្សិតជាង២០០នាក់ចូលរួមនោះ បានផ្តល់អនុសាសន៍ចំនួន៣១ចំណុច ដើម្បីដោះស្រាយវិបត្តិនយោបាយ ក្នុងចំណោម៣១ចំណុចនោះ មានចំណុចមួយ ដែលវាគ្មិន និងអ្នកចូលរួមមានការចាប់អារម្មណ៍ច្រើនគឺការ ស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិនៅឆ្នាំ២០១៥។
ប៉ុន្តែ លោក ហង្ស ពុទ្ធា នាយកប្រត្តិបត្តិអង្គការនិចហ្វិច និងជាអ្នកតាមដានបញ្ហានយោបាយមួយរូបនោះ យល់ឃើញថា ការជាប់គាំងខាងនយោបាយនេះ មិនអាស្រ័យលើការបោះឆ្នោតឡើងវិញ ឬបោះឆ្នោតមុនអាណត្តិនោះទេ សំខាន់គឺភាគីទាំងពីរយល់ព្រមចូលតុចរចា ដោះស្រាយបញ្ហារួមគ្នា «ការជាប់គាំងខាងនយោបាយនេះ សំខាន់គឺភាគីទាំងពីរ ទោះបីជាបោះក៏ដោយមិនបោះក៏ដោយ ឲ្យតែភាគីទាំងពីរហ្នឹងយល់ស្របគ្នា ពីព្រោះទាំងសងខាងសុទ្ធតែមានសក្កានុពល អញ្ចឹងបើពីរហ្នឹងសម្រេចថាម៉េចហើយ នោះភាពជាប់គាំងមិនអាចកើតមានទៀតទេ»។
គណបក្សទាំងពីរធ្លាប់បានជួបចរចាគ្នាជាច្រើនសារមកហើយដោយការចរចាខ្លះ ធ្វើឡើងដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សទាំងពីរ ប៉ុន្តែនៅពុំទាន់ទទួលបានលទ្ធផលជាផ្លែផ្តាឡើយ ហើយគណបក្សនយោបាយទាំងពីរ នៅតែបង្ហាញពីជំហរថា នឹងចូលតុចរចាដើម្បីដោះស្រាយបញ្ហានយោបាយ ដោយសន្តិវិធី។ តែទោះយ៉ាងណា រហូតមកដល់ពេលនេះគេនៅពុំទាន់ឃើញមានការកំណត់ថ្ងៃចរចាគ្នាជាថ្មីនៅឡើយ ដោយគណបក្សសង្គ្រោះជាតិនៅតែបន្តការទាមទារឲ្យបោះឆ្នោតឡើងវិញ ហើយគណបក្សប្រជាជនកម្ពុជា ទាមទារឲ្យគណបក្សសង្គ្រោះជាតិចូលទៅកាន់សភា ជជែកគ្នាពីការកែទម្រង់ច្បាប់ជាមុនសិន។
ទាក់ទងនឹងបញ្ហានេះ លោក ប៊ុន សេង សាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាអ្នកតាមដានបញ្ហានយោបាយដែរនោះ លើកឡើងថា បើគណបក្សនយោបាយទាំងពីរ នៅតែបែរខ្នងដាក់គ្នា ហើយឆ្លើយឆ្លងគ្នាតាមសារព័ត៌មាន នោះដំណោះស្រាយនឹងមិនអាចកើតមានទេ។ លោកថា អ្វីដែលសំខាន់ គឺគណបក្សទាំងពីរត្រូវតែជជែកគ្នានៅក្នុងសភា ដែលជាផ្ទះរបស់រដ្ឋ ដើម្បីរកដំណោះស្រាយ «ហើយសំខាន់គឺការទុកចិត្តគ្នារវាងគណបក្សទាំងពីរវិញទេ ថាគណបក្សទាំងពីរហ្នឹងទុកចិត្តគ្នាថា ឥឡូវបើខ្ញុំចូលសភា តើវាមានអីត្រូវកែប្រែ ហើយគណបក្សខាងណោះ តើអ្នកឯងពិតជាចូលសភាមែនអត់ អាហ្នឹងវាសំខាន់ទៅលើទំនុកចិត្តរវាងគណបក្សទាំងពីរវិញ ប៉ុន្តែរាល់ថ្ងៃហ្នឹង វានៅតែមិនទុកចិត្តគ្នារវាងគណបក្សមួយៗ ថាក្រែងលោរចូលសភាទៅ ថាគណបក្សម្ខាងទៀតទៅ មិនព្រមធ្វើតាមការទាមទារអីយ៉ាងម៉េច អាហ្នឹងវាឋិតនៅលើទំនុកចិត្តរបស់មេដឹកនាំគណបក្សរៀងៗខ្លួន»។
ការមិនឯកភាពគ្នាផ្នែកនយោបាយនេះ បាននាំឲ្យកើតមានបាតុកម្មជាបន្តបន្ទាប់ ដូចជាបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដែលមានអ្នកចូលរួមប្រមាណជិត១លាននាក់ បាតុកម្មរបស់ក្រុមអ្នករត់ម៉ូតូឌុបទាមទារឲ្យបញ្ចុះតម្លៃសាំង បាតុកម្មរបស់ក្រុមលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ទាមទារពង្រីកការផ្សព្វផ្សាយ បាតុកម្មរបស់សហគមន៍មានទំនាស់ដីធ្លីទាមទារឲ្យដោះស្រាយបញ្ហាឲ្យពួកគាត់ឲ្យបានឆាប់ និងបាតុកម្មរបស់កម្មករទាមទារដំឡើងប្រាក់ឈ្នួល ដែលបណ្តាលឲ្យមានកម្មករស្លាប់ និងមនុស្សមួយចំនួន ត្រូវបានជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ជាដើម។ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយនេះ អង្គការសង្គមស៊ីវិល និងអ្នកវិភាគបញ្ហាសង្គម បានស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិ និងជំរុញឲ្យគណបក្សនយោបាយទាំងពីរ បង្ហាញឆន្ទៈរួម ដោយចូលតុចរចាឲ្យឆាប់ ដាក់បញ្ហានៅលើតុ ហើយជជែកគ្នា រកដំណោះស្រាយ នោះការឯកភាពជាតិនឹងកើតមាន។ ប៉ុន្តែពាក្យថា បោះឆ្នោតមុនអាណត្តិនេះ គឺកើតឡើងបន្ទាប់ ពីអ្នកការទូតជាន់ខ្ពស់អាមេរិក និងអង់គ្លេស បានមកជួប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីសប្ដាហ៍កន្លងមកនេះ ។
នៅរយៈពេលពីរថ្ងៃចុងក្រោយនេះ មានការផ្ដល់ភ្លើងខៀវមួយថា ការបោះឆ្នោតមុនអាណត្តិអាចទៅរួច គឺខុសនឹងពាក្យថាបោះឆ្នោតឡើងវិញ។ អ្នកវិភាគពន្យល់ន័យនេះថា គណបក្សណាដែលបដិសេធលទ្ធផលបោះឆ្នោត គឺអាចត្រូវបង្ខំឲ្យទទួលស្គាល់អាសនៈរបស់ខ្លួន តាមរយៈការចូលអង្គុយក្នុងសភា ហើយទទួលស្គាល់សភានិងរដ្ឋាភិបាលអន្តរកាល ក្នុងអាណត្តិទី៥នេះជាបណ្ដោះអាសន្ន ទើបអាចរកច្រកចេញរួច ហើយឈានទៅរកការបោះឆ្នោតមុនអាណត្តិបាន ដោយឈរលើគោលការណ៍ឯកភាពជាតិជាធំ៕
No comments:
Post a Comment