Paris Peace Accords 23 Oct. 1991

Saturday, February 22, 2014

ប៉ូលិស​ ខេត្ត​សៀមរាប​ បន្ត​ស្វែង​រក​ អ្នក​កាសែត​ ជនជាតិ​កាណាដា

ប៉ូលិស​ ខេត្ត​សៀមរាប​ បន្ត​ស្វែង​រក​ អ្នក​កាសែត​ ជនជាតិ​កាណាដា

ដោយ ហង្ស សាវយុត / អាស៊ីសេរី | ២២ កុម្ភៈ ២០១៤
ស្ថាន​កុងស៊ុល​ នៃ​ប្រទេស​ កាណាដា (Canada) ប្រចាំ​ទីក្រុង​បាងកក (Bangkok) នៅ​តែ​បន្ត​កិច្ច​សហការ​ ជា​មួយ​ ប៉ូលិស ​ការិយាល័យ​អន្តោប្រវេសន៍ ខេត្ត​សៀមរាប ដើម្បី​តាម​រក​ អ្នក​កាសែត​កាណាដា ម្នាក់ ​ដែល​កំពុង​បាត់​ខ្លួន ​ក្នុង​ខេត្ត​នេះ​ នៅ​ឡើយ។ បុរស​ ជនជាតិ​កាណាដា ម្នាក់​អាយុ​ជិត ៦០​ឆ្នាំ បាន​បាត់​ខ្លួន​ រយៈពេល​ជាង ១​សប្ដាហ៍​​ ទៅ​ហើយ ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់។
មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​កំពុង​ប្រឹងប្រែង​ស្វែង​រក​បុរស​អ្នក​កាសែត​ជនជាតិ​កាណាដា ម្នាក់ នៅ​គ្រប់​ច្រក​ល្ហក និង​តាម​មធ្យោបាយ​ជាច្រើន​ផ្នែក។
ប្រធាន​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍ ខេត្ត​សៀមរាប គឺ​លោក ចៅ ម៉ៅវិរៈ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ ថា កម្លាំង​របស់​លោក​បាន​ស្វះស្វែង​តាម​រក​បុរស​អ្នក​កាសែត​ជនជាតិ​កាណាដា ម្នាក់​ឈ្មោះ ដេវីដ វ៉កឃើ (David Walker) ហៅ ដេវ អស់​រយៈពេល​មួយ​សប្ដាហ៍​មក​ហើយ។ មន្ត្រី​ប៉ូលិស​ដដែល​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ នេះ សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​ពន្លឺ​ណា​មួយ​ទាក់ទង​នឹង​ការ​បាត់​ខ្លួន​អ្នក​កាសែត​បរទេស​រូប​នោះ​នៅ​ឡើយ។
លោក ចៅ ម៉ៅវិរៈ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ទោះ​យ៉ាង​ណា សមត្ថកិច្ច​នៅ​តែ​បន្ត​ស្វែង​រក​អ្នក​កាសែត​កាណាដា ម្នាក់​នោះ ដោយ​ការិយាល័យ​របស់​លោក​បាន​បោះពុម្ព​រូប​ថត​អ្នក​បាត់​ខ្លួន​ជាច្រើន​សន្លឹក ហើយ​ចែក​ទៅ​ឱ្យ​ប៉ុស្តិ៍​នគរបាល​គ្រប់​ឃុំ ស្រុក៖ «យើង​ផ្ដិត​រូប​ថត​គាត់​បោះ​តាម​ប៉ុស្តិ៍​ទាំងអស់ ហើយ​ឱ្យ​ទៅ​មគ្គុទ្ទេសក៍ ហើយ​និង​អ្នក​រត់​ឡាន​តាក់ស៊ី ព្រម​ទាំង​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ជាដើម គឺ​ខ្ញុំ​ដើរ​ចែក​រូប​ថត​ទាំងអស់​តាម​បណ្ដា​ស្រុក បណ្ដា​អី បើ​សិន​ជា​អ្នក​ណា​បាន​ឃើញ​តាម​រូប​ថត​ហ្នឹង​ប្រហាក់​ប្រហែល សូម​ឱ្យ​ទាក់ទង​មក​ពួក​យើង»
បុរស​អ្នក​កាសែត​ជនជាតិ កាណាដា ដេវីដ វ៉កឃើ ធ្លាប់​បាន​ធ្វើ​ការងារ​មនុស្ស​ធម៌​ជួយ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ជំរំ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ ចាប់​តាំង​ពី​អំឡុង​ទសវត្ស​ទី​៨០ ហើយ​ធ្លាប់​បាន​ជួយ​ក្មេង​ស្រី​ខ្មែរ​ម្នាក់​ដែល​បែក​ពី​ឪពុក​ម្ដាយ​ក្នុង​សម័យ​ខ្មែរ​ក្រហម ឱ្យ​បាន​ជួប​ជុំ​គ្នា​វិញ​នៅ​ឯ​ប្រទេស​កាណាដា ទៀត​ផង។ លោក ដេវីដ វ៉កឃើ បាន​ចូល​មក​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា លើក​ដំបូង​ដោយ​ជិះ​លើ​ឡាន​ដឹក​ស្រូវ​ក្នុង​ឆ្នាំ​១៩៩០។
មិត្តភ័ក្ដិ​រួម​ការងារ​ជា​ជនជាតិ​ខ្មែរ​មួយ​រូប គឺ​លោក ឈួន សាន់នី បាន​មាន​ប្រសាសន៍​ថា លោក ដេវីដ វ៉កឃើ គឺ​មាន​សុខភាព​ធម្មតា មិន​មាន​ជំងឺ​អ្វី​ទេ។ លោក​ជា​មនុស្ស​ស្លូត​បូត មិន​ដែល​ផឹក​គ្រឿង​ស្រវឹង ឬ​ក៏​ទាក់ទង​ស្រីៗ​ទេ។ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​រស់​នៅ​ជុំវិញ បាន​ស្គាល់ និង​ស្រឡាញ់​គាត់ ពីព្រោះ​គាត់​ចេះ​និយាយ​ភាសា​ខ្មែរ និង​លេង​ជាមួយ​អ្នក​ភូមិ​ទាំង​នោះ។
លោក សាន់នី បាន​ឱ្យ​ដឹង​ទៀត​ថា លោក​បាន​ជួប ដេវីដ វ៉កឃើ ចុង​ក្រោយ​បំផុត​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ គឺ​នៅ​មុន​ពេល​ដែល​បាត់​ខ្លួន​១​ថ្ងៃ។ លោក សាន់នី ក៏​កំពុង​ស្វែង​រក លោក ដេវីដ វ៉កឃើ ដែរ៖ «ថ្ងៃ​នោះ​ខ្ញុំ​ទៅ​បុណ្យ​មាឃ​បូជា​នៅ​ឯ​ប្រាសាទ ហើយ​វា​ពិបាក​រឿង​ទិញ​សំបុត្រ​ភ្ញៀវ ខ្ញុំ​ក៏​អត់​បាន​យក​គាត់​ទៅ​ជាមួយ​ទេ។ ដល់​ពេល​ធ្វើ​ការ​ចប់ ខ្ញុំ​ក៏​ទូរស័ព្ទ​រក​គាត់ ហៅ​ទៅ​ញ៉ាំ​អី វា​មិន​ឃើញ មិន​ឆ្លើយ​ទូរស័ព្ទ ហើយ​ក៏​មិន​ឃើញ​ឆ្លើយ​មិសេក (Message) ខ្ញុំ​ក៏​ចម្លែក ខ្ញុំ​ក៏​ទៅ​សណ្ឋាគារ​ហ្នឹង សួរ​គេៗ​ថា​គាត់​ចុះ​ទៅ​តាំង​ពី​ម៉ោង​ពីរ​រសៀល គាត់​ឱ្យ​គេ​សម្អាត​បន្ទប់ មិន​ទាន់​ឃើញ​មក​វិញ​ទេ»
លោក ដេវីដ វ៉កឃើ បាន​មក​ខេត្ត​សៀមរាប ចុង​ក្រោយ​រយៈពេល​១​ឆ្នាំ​ហើយ ដោយ​ស្នាក់​នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​ឈ្មោះ គ្រីន វិលេក អង្គរ (Green Village Angkor)។ កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ កន្លង​ទៅ លោក​បាន​បាត់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ ដោយ​ទុក​ចោល​ទូរស័ព្ទ​ដៃ កុំព្យូទ័រ​យួរ​ដៃ (Laptop) នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​នោះ។
ការ​បាត់​ខ្លួន​អ្នក​កាសែត​ជនជាតិ​កាណាដា នេះ ធ្វើ​ឱ្យ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​សៀមរាប និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កំពុង​ឈឺ​ឆ្អាល និង​ក៏​ជួយ​ស្វះស្វែង​រក​ដែរ៕




No comments:

Post a Comment