លោក កឹម សុខា ក្នុងសន្្នសីទសារព័ត៌មានកន្លងទៅ (រូបថត កឹម សុខា)
មេបក្ស ប្រឆាំង ព្រមានដឹកនាំ ធ្វើមហាបាតុកម្ម ម្តងទៀត បើស្ថានការណ៍ នយោបាយ នៅបន្តជាប់គាំង
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃសៅរ៍ ទី22 ខែកុម្ភៈ ឆ្នាំ2014
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ព្រមានថា បាតុកម្ម ទ្រង់ទ្រាយធំ ដើម្បីស្វែងរកយុត្តិធម៌ ជូន ម្ចាស់បោះឆ្នោត នឹងផ្ទុះឡើងថ្មីទៀត បើជំនួបចរចា នៅតែមិនអាច រកច្រកចេញរួច។
ការថ្លែងបែបនេះ របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឡើងនៅស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ចក្រអង្រែលើ រាជធានីភ្នំពេញ នាថ្ងៃសៅរ៍នេះ។ លោក កឹម សុខា អះអាងថា នៅពេលនេះ សហគមន៍អន្តរជាតិកំពុងជំរុញឲ្យប្រទេសកម្ពុជា គោរពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលរិតបន្តឹងសេរីភាពជួបជុំ ។
លោក កឹម សុខា បន្តថា នៅពេលណាស្ថានការណ៍វិលមករកភាពប្រក្រតីវិញនោះ មហាបាតុកម្ម នឹងផ្ទុះឡើងម្តងទៀត បើភាពជាប់គាំងនយោបាយនៅតែអូសបន្លាយ មិនអាចរកច្រកចេញរួច។
គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា ការដាក់បំរាមជួបជុំមួយរយៈ គឺដើម្បីទប់ស្កាត់ភាពចលាចលក្នុងសង្គម ខណៈបក្សប្រឆាំងដឹកនាំធ្វើបាតុកម្ម ប្រកាសច្រានចោលលទ្ធផលបោះឆ្នោត ។
ទោះជាយ៉ាងណា គណបក្សទាំងពីរកំពុងឈានទៅរកតុចរចា ដើម្បីរកដំណោះស្រាយ បន្ទាប់ពីបង្ហាញសាច់ដុំដាក់គ្នារៀងៗខ្លួន ដែលម្ខាងមានកម្លាំងពលរដ្ឋគាំទ្រ និងម្ខាងទៀតមានកម្លាំងប្រដាប់អាវុធប្រកាសការពារ៕
No comments:
Post a Comment