ព្រះរាជអាជ្ញារង ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចម្រុះ កម្ទេចផ្ទះ ប្រជាពលរដ្ឋ ១១៤គ្រួសារ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់
ដោយ៖ ណុល ដារ៉ា និង ញឹម សុខន / វីអូឌី | ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014
យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋជាងមួយរយខ្នង នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងចម្រុះរដ្ឋាភិបាលចុះកម្ទេចនៅថ្ងៃពុធនេះ ក្រោមហេតុសំអាងថា ជាតំបន់ការពារព្រៃឈើ។
កម្លាំងចម្រុះ ដែលដឹកនាំដោយព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ បានចុះកម្ទេចផ្ទះប្រជាពលរដ្ឋចំនួន ១១៤គ្រួសារ នៅភូមិអូរធំ ហៅភូមិចម្ការចេក ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យ VOD ដឹងនៅរសៀលថ្ងៃពុធនេះថា កងម្លាំងចម្រុះខេត្តពោធិ៍សាត់ ជាង៥០នាក់ ប្រដាប់ដោយអាវុធបានចុះដុតផ្ទះពួកគាត់អស់ជាង១០០ខ្នង ដោយមិននិយាយពីការផ្ដល់សំណង។
ពលរដ្ឋរូបនោះអះអាងថា សមត្ថកិច្ចបានចោទប្រកាន់ពួកគាត់ថា រស់នៅលើដីរដ្ឋខុសច្បាប់ «ដុតៗ បង ហើយដកម៉េម៉ូរី(Memory) ខាងអ្នកកាសែតអស់បួន ទាំងអ្នកនៅខាងក្នុង។ ឆេះទាំងអស់បង ទាំងតូច ទាំងធំ ដុតខ្ទេច»។
VOD មិនអាចសុំអត្ថាធិប្បាយបញ្ជាក់ពីអភិបាលខេត្តពោធិ៍សាត់ លោកខូយ សុខា ជុំវិញការលើកឡើងនេះបានទេ ដោយលោកអះអាងថា ជាប់រវល់។ ប៉ុន្តែ មន្ត្រីប៉ូលីសប្រចាំបញ្ជានៅអធិការដ្ឋានស្រុកវាលវែង សុំមិនឲ្យបង្ហាញឈ្មោះ អះអាងថា ពិតជាមានកម្លាំងចម្រុះចុះអន្តរាគមន៍បណ្ដេញពលរដ្ឋនោះមែន ប៉ុន្តែលោកមិនដឹងថា មានផ្ទះប៉ុន្មានខ្នងដែលត្រូវខូចខាតនោះទេ «ខ្ញុំមិនទាន់បានរបាយការណ៍ច្បាស់ដែរ ប៉ុន្តែ កម្លាំងយើងកំពុងចុះទៅ ទាល់តែចាំកម្លាំងមកវិញ ទើបយើងដឹងច្បាស់»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំខេត្តពោធិ៍សាត់ កញ្ញា មិត សាមួន យល់ថា វិធានការរបស់អាជ្ញាធរនេះ ជាការរំលោភសិទ្ធិមនុស្ស «ពាក់ព័ន្ធគោលការណ៍សិទ្ធិមនុស្ស វាប៉ះពាល់ធ្ងន់ធ្ងរណាស់ ពាក់ព័ន្ធនឹងសិទ្ធិទទួលបានលំនៅឋាន សមរម្យ សម្រាប់ប្រជាពលរដ្ឋ ទោះជាគាត់ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ អញ្ចឹងរដ្ឋត្រូវតែធានា ឲ្យបាននៅក្នុងការរស់នៅ ដោយមានភាពសមរម្យសម្រាប់ពួកគាត់»។
ទោះជាយ៉ាងណា យោងតាមសេចក្ដីជូនដំណឹងរបស់អភិបាលស្រុកវាលវែង ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ បានឲ្យដឹងថា ដីដែលប្រជាពលរដ្ឋចូលកាន់កាប់នោះ ជាតំបន់ព្រៃការពារ៕
No comments:
Post a Comment