Paris Peace Accords 23 Oct. 1991

Friday, February 14, 2014

អាជ្ញាធរ​ ខណ្ឌ​ចម្ការមន​ ឃាត់​ អង្គការ​ ហែ​ក្បួន​ជិះ​កង់​ បញ្ចប់​ អំពើ​ហិង្សា​ លើ​កុមារ​ និង​ស្ត្រី

ប៉ូលិស​ឃាត់​ជិះ​កង់​១០០​កោដិ​សំឡេង ៦១០
អាជ្ញាធរ​ខណ្ឌ​ចម្ការមន ឃាត់​មន្ត្រី និង​បុគ្គលិក​អង្គការ​យេនឌើ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា ជិះ​កង់​អបអរ​ទិវា​១០០​កោដិ​សំឡេង នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

អាជ្ញាធរ​ ខណ្ឌ​ចម្ការមន​ ឃាត់​ អង្គការ​ ហែ​ក្បួន​ជិះ​កង់​ បញ្ចប់​ អំពើ​ហិង្សា​ លើ​កុមារ​ និង​ស្ត្រី

ដោយ យាង សុជាមេត្តា / អាស៊ីសេរិ | ១៤ កុម្ភៈ ២០១៤
អាជ្ញាធរ​ខណ្ឌ​ចម្ការមន បាន​ធ្វើ​ការ​រារាំង​ទៅ​លើ​ក្បួន​ជិះ​កង់​របស់​ក្រុម​អ្នក​ចូល​រួម​ទិវា​អន្តរជាតិ ១០០​កោដិ​សំឡេង ដែល​ក្បួន​ជិះ​កង់​នេះ​ធ្វើ​ឡើង​ដើម្បី​ចូល​រួម​ចំណែក ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី​នៅ​កម្ពុជា និង​លើ​ពិភពលោក។ អាជ្ញាធរ​លើក​ឡើង​ថា ក្រុម​អ្នក​ជិះ​កង់​ទាំង​នោះ បាន​ធ្វើ​ផ្ទុយ​នឹង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ។ ការ​រារាំង​នោះ​មិន​បាន​បង្ក​ឲ្យ​មាន​អ្នក​របួស​អ្វី​ឡើយ។
កង​កម្លាំង​នគរបាល និង​កង​សន្តិសុខ​ខណ្ឌ​ចម្ការមន ប្រមាណ ១៥​នាក់ ដឹក​នាំ​ដោយ​អភិបាល​រង​ខណ្ឌ​ចម្ការមន លោក ជ គឹមសូរ បាន​ចុះ​ស្ទាក់​ផ្លូវ​ហាម​ឃាត់​មិន​ឲ្យ​ក្រុម​មន្ត្រី​អង្គការ សង្គម​ស៊ីវិល សិស្ស និង​និស្សិត ប្រមាណ​ជាង ២០០​នាក់ មិន​ឲ្យ​ជិះ​កង់​ហែ​ក្បួន​តាម​ដង​ផ្លូវ​នានា តាម​ការ​គ្រោង​ទុក​របស់​ពួក​គេ​នោះ​ទេ។
កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ អ្នក​ទាំង​ជាង ២០០​នាក់​នោះ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា ក្នុង​សង្កាត់​អូឡាំពិក ក្នុង​គោល​បំណង​ចូល​រួម​ជិះ​កង់​ហែ​ក្បួន​តាម​ផ្លូវ​មួយ​ចំនួន កាត់​ទីក្រុង​ភ្នំពេញ ដើម្បី​ចូល​រួម​ផ្សព្វផ្សាយ​អំពី​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី ក្នុង​ទិវា​អន្តរជាតិ ១០០​កោដិ​សំឡេង ដើម្បី​សេចក្តី​ស្រឡាញ់ និង​យុត្តិធម៌។
នៅ​ម៉ោង​ប្រមាណ​ជា ៨​ព្រឹក ក្រុម​អ្នក​ជិះ​កង់​ដែល​មាន​ចង​ប៉េងប៉ោង​ជាប់​នឹង​កង់​របស់​ខ្លួន ព្រម​ទាំង​មាន​ពាក់​អាវ​យឺត​ពណ៌​ផ្កា​ឈូក សរសេរ​អក្សរ​មួយ​រយ​កោដិ​សំឡេង និង​បញ្ចប់​គ្រប់​អំពើ​ហិង្សា​លើ​ស្ត្រី ដើម្បី​សេចក្តី​ស្រឡាញ់ និង​យុត្តិធម៌ ហើយ​ខ្លះ​ទៀត​មាន​គូរ​និមិត្ត​សញ្ញា ១០០​កោដិ​សំឡេង និង​ផ្កា​ឈូក​លើ​ថ្ពាល់​ផង​នោះ បាន​ចេញ​ដំណើរ​ពី​សង្កាត់​អូឡាំពិក ឆ្ពោះ​ទៅ​កាន់​វត្ត​ភ្នំ។
លុះ​ក្បួន​បាន​ជិះ​មក​ដល់​ម្តុំ​មុខ​ក្លឹប​កម្សាន្ត​ស្ប៉ាក (Spark) តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង អភិបាល​រង​ខណ្ឌ​ចម្ការមន លោក ជ គឹមសូរ និង​គ្នីគ្នា​របស់​គាត់​មួយ​ចំនួន បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​មិន​ឲ្យ​ក្បួន​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត ដោយ​លើក​ហេតុផល​ថា ក្រុម​អ្នក​ជិះ​កង់​ទាំងអស់​នោះ​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​លិខិត​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ជិះ​កង់​ហែ​ក្បួន​តាម​ផ្លូវ​នោះ​ឡើយ។
«សំឡេង»
លោក ជ គឹមសូរ បាន​ណែ​នាំ​ឲ្យ​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះពេជ្រ តែ​ម្តង ដោយ​មិន​ចាំបាច់​ជិះ​ហែហម​តាម​ផ្លូវ​នោះ​ទេ។ បន្ទាប់​មក ក្រុម​អ្នក​ជិះ​កង់​បាន​ជិះ​បក​ក្រោយ​ត្រឡប់​មក​អង្គការ​វិញ ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ជិះ​ទៅ​កាន់​កោះពេជ្រ ទាំងអស់​គ្នា។ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​បាន លោក ជ គឹមសូរ អនុញ្ញាត​ឲ្យ​ទេ ដោយ​លើក​ឡើង​ថា ពេល​វេលា​ដែល​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​នោះ បាន​ហួស​ពេល​ទៅ​ហើយ។
លោក ជ គឹមសូរ៖ «សូម​កុំ​ភ្លេច​ថា ខ្ញុំ​ជា​អាជ្ញាធរ​អនុវត្ត​មុខងារ​សាធារណៈ។ សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ដែន​កម្រិត​ប៉ុណ្ណា គាត់​ធ្វើ​ប៉ុណ្ណឹង​ទៅ​កាល​ណា​គាត់​ធ្វើ​លើស ខាង​យើង​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ទេ ពីព្រោះ​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​គាត់​ពីរ​ដង។ លើក​ទី​១ នៅ​ថ្ងៃ​ទី​៦ នៅ​ពហុកីឡាដ្ឋាន។ លើក​ទី​២ ពី​ម៉ោង ៥ ដល់​ម៉ោង ៨ ថ្ងៃ​ទី​១៤ នេះ​នៅ​កោះពេជ្រ»
នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព ដែល ដឹក​នាំ​ការ​ជិះ​កង់​នោះ បាន​ទទួល​ស្គាល់​ថា វា​ពិត​ជា​មាន​ការ​យល់​ច្រឡំ​គ្នា​ទៅ​លើ​ពេល​វេលា ដែល​សាលា​រាជធានី​ភ្នំពេញ បាន​កំណត់។ ទោះ​យ៉ាង​ណា អ្នកស្រី​ថា សាលា​រាជធានី​ភ្នំពេញ ក៏​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ពេល​វេលា​ដែល​ដាក់​ក្នុង​លិខិត​នោះ​ដែរ។
អ្នកស្រី រស់ សុភាព៖ «ឲ្យ​យើង​ជិះ​កង់​ពី​ម៉ោង ៥ ដល់​ម៉ោង ៨ ហើយ​គាត់​អត់​មាន​បញ្ជាក់​ថា ពី​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៨​ព្រឹក​ទេ គ្រាន់ ៥-៨ យើង​គិត​ថា ពី​ម៉ោង ៥​ព្រឹក​ដល់ ៨​ល្ងាច។ អ៊ីចឹង យើង​មាន​ពេល​អាច​ធ្វើ​បាន។ ដល់​ពេល​បកស្រាយ​របស់​ខណ្ឌ​គាត់​ថា មិន​មែន​អ៊ីចឹង​ទេ ម៉ោង ៥​ព្រឹក​ទៅ​ម៉ោង ៨​ព្រឹក គាត់​យល់​ថា អ៊ីចឹង ហើយ​អ៊ីចឹង​បើ​ម៉ោង ៥​ព្រឹក យើង​គិត​មើល ថា​តើ​យើង​អាច​ប្រមូល​ផ្តុំ​គ្នា​ទៅ​ជិះ​កង់​ម៉ោង ៥​ព្រឹក ម៉ោង ៨​ព្រឹក ដូច​ជា​វា​មិន​សូវ​ថា​ត្រឹមត្រូវ មើល​ទៅ​ដូច​យើង​មិន​អាច​ធ្វើ​បាន​ទេ ម៉ោង ៥​ព្រឹក»
បើ​តាម​គម្រោង ក្បួន​ជិះ​កង់​របស់​ក្រុម ១០០​កោដិ​សំឡេង ត្រូវ​ចេញ​ដំណើរ​ពី​ទីស្នាក់ការ​អង្គការ​ហ្កេដស៊ី (GADC) នៅ​អូឡាំពិក ឆ្ពោះ​ទៅ​កាន់​វត្ត​ភ្នំ កន្លែង​ដែល​គេ​គ្រោង​ធ្វើ​សន្និសីទ​កាសែត ដោយ​ឆ្លង​កាត់​តាម​ផ្លូវ​មួយ​ចំនួន ដូច​ជា​ផ្លូវ​ម៉ៅសេទុង ផ្លូវ​មុនីរ៉េត ផ្លូវ​កម្ពុជាក្រោម និង​ផ្លូវ​ព្រះមុនីវង្ស រួច​ចេញ​ពី​វត្ត​ភ្នំ មក​វិញ ជិះ​ឆ្លង​កាត់​ផ្លូវ​ព្រះស៊ីសុវត្ថិ រួច​ឡើង​មក​ផ្លូវ​ព្រះសីហនុ និង​ជួប​គ្នា​នៅ​អង្គការ​វិញ៕




No comments:

Post a Comment