CNRP រង់ចាំ ការកំណត់ថ្ងៃ ជួបជាថ្មី ជាមួយ CPP ដើម្បីកំណែទម្រង់ ការបោះឆ្នោត និងបោះឆ្នោត មុនអាណត្តិ
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
គណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថាខ្លួនរង់ចាំការកំណត់ថ្ងៃជំនួបជាថ្មីជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជជែកពីកំណែទម្រង់ការបោះឆ្នោត និងឈានទៅរកការបោះឆ្នោតមុនអាណ្ណត្តិ។
ការប្រកាសនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានស្នើសុំគណបក្សសង្គ្រោះជាតិឲ្យចាត់តំណាងរបស់ខ្លួន ជួបចរចាជាមួយតំណាងគណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំយន្តការមួយសម្រាប់កិច្ចដំណើរការកែទម្រង់ការបោះឆ្នោត នាពេលខាងមុខ តាមស្មារតីនៃកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។
តែសេចក្តីថ្លែងការណ៍គណប្រឆាំង ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានរំលោភកិច្ចព្រមព្រៀងក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៦ខែកញ្ញា ដោយប្រើហិង្សាលើបាតុករអហិង្សា និងបិទសិទ្ធិប្រជាពលរដ្ឋក្នុងការជួបជុំចូលរួមបាតុកម្ម។គណបក្សប្រឆាំង បានបន្តថា គណបក្សប្រជាជនកម្ពុជា បានបង្កើតគណៈកម្មការកំណែទម្រង់ការបោះឆ្នោតជាឯកតោភាគី ដែលផ្ទុយពីកិច្ចព្រមព្រៀង។
សេចក្តីថ្លែងការណ៍បន្តថា គណបក្សសង្គ្រោះជាតិ មានបំណងចង់ដោះស្រាយដោយសន្តិវធី អហិង្សា តាមរយៈការជជែក ពិភាក្សា រកដំណោះស្រាយ ដូច្នេះគណបក្សរង់ចាំការកំណត់ថ្ងៃជួបជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចាត់តាំងតំណាងរបស់ខ្លួនចូលរួមជជែក រៀបចំយន្តការកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ ដើម្បីឲ្យមានការផ្លាស់ប្តូរសមាសភាពគជប និងកំណត់ថ្ងៃនៃការបោះឆ្នោតឡើងវិញមុនអាណ្ណត្តិ។
គណបក្សសង្គ្រោះជាតិ បន្តថា គណបក្សប្រឆាំងចង់ដោះស្រាយការជាប់គាំងបច្ចុប្បន្ន គឺគោរពតាមឆន្ទៈ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣ឬបោះឆ្នោតវិញមុនអាណ្ណត្តិ។
សេចក្តីថ្លែងការណ៍បន្តថា គណបក្សគាំទ្រអនុសាសន៍មតិយោបល់របស់អង្គការជាតិ អន្តរជាតិ តំណាងអង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានា ដែលបង្ហាញថា មានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរនៃការបោះឆ្នោតឆ្នាំ២០១៣។
កាលពីថ្ងៃទី១២ ខែកុម្ភៈ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសោកស្តាយចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវ កែទម្រង់លើការបោះឆ្នោត ដោយមិនបានដាក់បញ្ចូលសមាសភាព មកពីគណបក្សសង្គ្រោះជាតិ។
សេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៣ ខែកុម្ភៈ នេះឲ្យដឹងថា កំណែទម្រង់ការបោះឆ្នោត ជាកិច្ចដំណើរការដែលធ្លាប់បានអនុត្តជាបន្តបន្ទាប់កន្លងទៅ និងជាកំណែទម្រង់ដ៏ស្មុគស្មាញ ដែលទាមទារពេលវេលា ដោយមិនអាចអូសបន្លាយពេលវេលាតទៅទៀតបានឡើយ។គណបក្សប្រជាជនកម្ពុជាបញ្ជាក់ទៀតថា កន្លងទៅគណបក្សសង្គ្រោះជាតិ តែងតែផ្លាស់ប្តូរប្រធានបទ និងលក្ខខណ្ឌនែការទាមទារជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យការពិភាក្សាអំពីកិច្ចដំណើរការកំណែទម្រង់ការបោះឆ្នោត ត្រូវបានអូសបន្លាយរហូតមកទល់បច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា សេចក្តីសម្រេចរួមនៃជំនួបកំពូលរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ត្រង់ចំណុចទី២ បានចែងថា ភាគីទាំងពីរ បានព្រមព្រៀងគ្នានឹងបង្កើតយន្តការមួយ ដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខនេះ។
កាលពីចុងឆ្នាំ២០១៣ លោក ហ៊ុន សែន បានតែងតាំងលោក ស ខេង ធ្វើជាប្រធានគណៈកម្មការសិក្សាស្រាវជ្រាវ កែទម្រង់លើការបោះឆ្នោត បន្ទាប់ពីការរិះគន់ថា ការបោះឆ្នោតកន្លងមក ធ្វើឡើងដោយ គជប មិនឯករាជ្យ៕
No comments:
Post a Comment