កងកម្លាំងចម្រុះ បណ្ដេញ ពលរដ្ឋ ពី រោងស្នាក់នៅ ជាលើកទីពីរ នៅខេត្តក្រចេះ
ដោយ សូត សុខប្រាថ្នា / អាស៊ីសេរី | ២៦ កុម្ភៈ ២០១៤
ប្រជាពលរដ្ឋដែលរស់នៅតំបន់អភិរក្សជីវចម្រុះនៅស្រុកស្នួល ខេត្តក្រចេះ ជាច្រើនរយគ្រួសារ ត្រូវរងការបណ្ដេញចេញពីរោងស្នាក់នៅរបស់ខ្លួន បន្ទាប់ពីមានកម្លាំងចម្រុះចុះទៅប្រាប់ឱ្យពួកគាត់រើឥវ៉ាន់ចេញជាបន្ទាន់ នៅថ្ងៃទី២៦ កុម្ភៈ។
ប្រជាពលរដ្ឋបញ្ជាក់ថា ពួកកងកម្លាំងចម្រុះចុះបណ្ដេញពួកគាត់ ខណៈដែលប្រជាពលរដ្ឋទាំងនោះកំពុងធ្វើពិធីបុណ្យឆ្លងព្រះពុទ្ធបដិមា និងរោងបុណ្យនៅទីនោះ។ ចំណែកខាងអាជ្ញាធរបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះរស់នៅដោយខុសច្បាប់ ហើយការសង់រោងបុណ្យនោះ ក៏ខុសច្បាប់ដែរ ប៉ុន្តែការបណ្ដេញចេញដោយបង្ខំនេះ អង្គការក្រៅរដ្ឋាភិបាលយល់ថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ក្រុមសមត្ថកិច្ចចម្រុះខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ប្រមាណជា ១០០នាក់ បានចុះមកបណ្ដេញប្រជាពលរដ្ឋប្រមាណជា ៣០០ ទៅ ៤០០គ្រួសារ ចេញពីរោងស្នាក់អាស្រ័យរបស់ពួកគាត់។
ប្រជាពលរដ្ឋម្នាក់ដែលមកពីខេត្តកំពង់ចាម លោក ឡាយ បានឱ្យដឹងថា ពួកកងកម្លាំងចម្រុះចុះបណ្ដេញប្រជាពលរដ្ឋដែលកំពុងធ្វើបុណ្យឆ្លង និងបានប្រាប់ឱ្យប្រជាពលរដ្ឋប្រមូលសម្ភារៈចាកចេញជាបន្ទាន់ ប្រសិនបើនរណាដែលមិនព្រមចេញនោះ ពួកគាត់នឹងធ្វើការរុះរើរោងទាំងនោះដោយខ្លួនឯង៖ «មានព្រះពីរអង្គដើម្បីធ្វើបុណ្យឆ្លងសាលាបុណ្យហ្នឹង និងអភិសេកព្រះ។ ឥឡូវកងកម្លាំងប្រដាប់អាវុធមកឱ្យឈប់ធ្វើបុណ្យឈប់ធ្វើអីទៅ ហើយឱ្យរុះរើជាបន្ទាន់នូវជម្រកដែលប្រជាពលរដ្ឋបោះតង់នៅហ្នឹង ហើយជញ្ជូនខោអាវអ៊ីចឹងចេញអស់ គេនឹងចាត់វិធានការ»។
លោកបន្តថា មកដល់ពេលថ្ងៃរសៀល ក្រុមកងកម្លាំងទាំងនោះយកម៉ាស៊ីនត្រង់សឺន័រ ទៅកាត់សសររោងស្នាក់នៅរបស់ប្រជាពលរដ្ឋ ហើយឈររារាំងមិនឱ្យពួកគាត់នាំគ្នាធ្វើការតវ៉ាឡើយ។ មិនតែប៉ុណ្ណោះ ព្រះពុទ្ធបដិមាក៏កងកម្លាំងយកទៅដែរ។ លោកបន្ថែមថា ពួកគាត់មកកាន់កាប់ដីនោះ ២ឆ្នាំមកហើយ ដោយសារតែពួកគាត់មិនមានដីសម្រាប់រស់នៅចិញ្ចឹមជីវិត ក៏បង្ខំចិត្តមកកាប់រុករានដីតំបន់នោះធ្វើចម្ការបន្តិចបន្តួច ដោយឃើញតំបន់អភិរក្សជីវចម្រុះនោះត្រូវរិចរិល ដោយក្រុមហ៊ុនវៀតណាម ដែលបានកាប់បំផ្លាញឈើល្អៗអស់ទៅហើយនោះ។
អភិបាលស្រុកស្នួល លោក គង់ គឹមនី បានមានប្រសាសន៍នៅថ្ងៃទី២៦ កុម្ភៈ ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សជីវចម្រុះនោះ គឺរស់នៅដោយខុសច្បាប់ ហើយអាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋទាំងនោះជាច្រើនលើកច្រើនសាមកហើយ ដោយឱ្យពួកគាត់ទៅធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរភូមិឃុំ ថាពិតជាមិនមានដីសម្រាប់រស់នៅពិតប្រាកដមែន នោះអាជ្ញាធរនឹងធ្វើសំណុំឯកសារបញ្ជូនទៅថ្នាក់លើ ពីព្រោះរដ្ឋាភិបាលមានដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនអ្នកដែលមិនមានដីទាំងនោះ៖ «អាជ្ញាធរបានផ្សព្វផ្សាយប្រាប់ថា ឱ្យគាត់ដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច មកដល់ថ្ងៃនេះ អាជ្ញាធរពុំបានទទួលអ្វីដែលជាលិខិតស្នាមដែលពួកគាត់ខ្វះដីនៅឡើយទេ។ ផ្ទុយទៅវិញ ពួកគាត់បែរជាចូលមកកាន់ទីតាំងរបស់គាត់ដែលពួកគាត់បានកាប់ទន្ទ្រាននូវហុយៗនៅឡើយហ្នឹង ដែលគាត់មិនបានគោរពច្បាប់នូវអ្វីដែលជាច្បាប់ប្រទេសយើង។ ហើយមួយទៀត គាត់ខំធ្វើរោងបុណ្យមួយដែលគាត់ខំជាវព្រះអង្គដាក់លើហ្នឹង ធ្វើជាលេសសម្រាប់វាតទីតទៅទៀតនៅទីតាំងហ្នឹងតែម្តង»។
លោកបន្តថា ក្នុងនាមអាជ្ញាធរស្រុក សហការជាមួយខាងខេត្ត ធ្វើយ៉ាងណាសូមឱ្យប្រជាពលរដ្ឋគោរពច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីជាការស្រួលសម្រាប់អាជ្ញាធរក្នុងការដោះស្រាយជូនពួកគាត់។ ប៉ុន្តែ ករណីនេះលោកយល់ថា អាចនឹងមានអ្នកញុះញង់នៅពីខាងក្រោយ ទើបធ្វើឱ្យប្រជាពលរដ្ឋមិនស្តាប់ការណែនាំរបស់អាជ្ញាធរឡើយ។
មន្ត្រីផ្នែកអង្កេតលើការរំលោភសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តក្រចេះ លោក ហេង ភារៈ បានឱ្យដឹងថា នៅថ្ងៃរសៀល ក្រុមសមត្ថកិច្ចបានប្រើម៉ាស៊ីនត្រង់សឺន័រ ដើម្បីបំផ្លាញរោងស្នាក់នៅរបស់ប្រជាពលរដ្ឋដែលទើបចូលស្នាក់នៅជាលើកទី២ អស់ជាង ១០០គ្រួសារ រួមនឹងរោងសាលាបុណ្យ ហើយយករូបបដិមាទាំងពីរទៅរក្សាទុក និងបានដាក់កម្លាំងប្រមាណ ៥ ទៅ ៦នាក់ ដើម្បីយាមកាមនៅទីនោះ មិនឱ្យប្រជាពលរដ្ឋចូលកាន់កាប់ដីនោះជាលើកទីបីបានឡើយ។ ការបណ្ដេញចេញដោយបង្ខំនេះ លោកបញ្ជាក់ថា គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពីព្រោះសូម្បីតែសត្វក៏មិនអាចរស់នៅដោយខ្វះជម្រកបានដែរ។
លោក ហេង ភារៈ៖ «មានប្រើរណាយន្ត ឬក៏ឡាន ដើម្បីរំលំផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋឃើញទិដ្ឋភាពទាំងអស់ហ្នឹងមានការភ័យតក់ស្លុត។ យើងឃើញថា សូម្បីតែសត្វក៏មានជម្រកដែរ ដែលមានសម្បុករបស់វានៅលើដើមឈើ ចុះទម្រាំតែមនុស្សដែលមានពិចារណាញាណ គួរតែទទួលបានដីសម្រាប់សង់លំនៅឋាន»។
លោកបន្ថែមទៀតថា ការបណ្ដេញចេញបែបនេះនឹងអាចធ្វើឱ្យប្រជាពលរដ្ឋទាំងនោះត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗ ពិសេសកុមារទាំងអស់អាចប្រឈមមុខនឹងជំងឺ ពីព្រោះដោយពួកគាត់មិនមានជម្រកសម្រាប់បាំងសន្សើមបាំងខ្យល់នោះ។
កងកម្លាំងចម្រុះបានចុះបណ្ដេញ និងបំផ្លាញរោងស្នាក់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅកំណាត់ផ្លូវលេខ៧៦ ព្រំប្រទល់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ នេះ ជាលើកទីពីរហើយ បន្ទាប់ពីលើកទីមួយ នៅថ្ងៃទី១២ កុម្ភៈ ក្រុមសមត្ថកិច្ចបានដុតបំផ្លាញរោងស្នាក់នៅរបស់ប្រជាពលរដ្ឋអស់ជាច្រើនរយគ្រួសារនោះ៕
No comments:
Post a Comment