Paris Peace Accords 23 Oct. 1991

Thursday, February 27, 2014

រដ្ឋមន្ត្រី​ ថ្មី​ ក្រសួង​អប់រំ ចាប់ផ្តើម​ រឹតបន្តឹង​ ការប្រឡង ​បាក់​ឌុប កុំឲ្យ​មាន​ ការរិះគន់​​

រដ្ឋមន្ត្រី​ ថ្មី​ ក្រសួង​អប់រំ ចាប់ផ្តើម​ រឹតបន្តឹង​ ការប្រឡង ​បាក់​ឌុប កុំឲ្យ​មាន​ ការរិះគន់​​


ដោយ៖​ ស៊ុន ណារិន និងម៉ៅ ចរិយា​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី27 ខែកុម្ភៈ ឆ្នាំ2014

រដ្ឋមន្ត្រី​ថ្មី​ក្រសួង​អប់រំ យុវជន និង​កីឡា ចាប់ផ្តើម​រឹតបន្តឹង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​ថ្នាក់​ទី​១២) ក្នុង​គោលបំណង​ធានា​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​ក្នុង​ការប្រឡង​។​
​ក្រសួង​អប់រំ បាន​ចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន នៅ​ថ្ងៃ​ទី​៣១​ខែ​មករា​។​
​ប្រកាស​នេះ ធ្វើឡើង​ជា​ការចូលរួម​ចំណែក​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។​ប្រកាស​នេះ មាន​២៥​ប្រការ ដែល​និយាយ​ពី​ការ​រៀបចំ​សំណុំលិខិត​ចុះឈ្មោះ​ប្រឡង និង​បេក្ខភាព ការ​កំណត់​ថ្ងៃ​ប្រឡង និង​មណ្ឌល​ប្រឡង ការ​ដាក់​ពិន្ទុ និង​ការរៀបចំ​គណៈមេប្រយោគ​មណ្ឌល​សំណេរ​ជាដើម​។ តាមរយៈ​ប្រកាស​នេះ រដ្ឋមន្ត្រី​ថ្មី​ក្រសួង​អប់រំ នឹង​ធ្វើការ​ដោយ​ផ្ទាល់​លើ​បញ្ហា​មួយ​ចំនួន​នៃ​ការប្រឡង​បាក់​ឌុប​នេះ​។​
​ប្រកាស​របស់​ក្រសួង ឲ្យដឹងថា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា នៅតាម​បណ្តា​ខេត្ត​នានា ត្រូវ​ធ្វើ​សំណើរ​សមាសភាព​គណៈ​មេប្រយោគ និង​គណៈកម្មការ​ផ្សេងៗ​ជូន​រដ្ឋមន្ត្រី​អប់រំ ដើម្បី​ពិនិត្យ និង​សម្រេច​តាម​ឋានានុក្រម លើកលែង​តែ​បុគ្គ​លិក​អប់រំ​ថ្នាក់កណ្តាល ដែល​ស្នើ​ដោយ​ប្រធាន​អង្គភាព​។ ប្រកាស​បន្តថា ក្នុង​ករណី​ក្រសួង​អប់រំ ពិនិត្យឃើញថា ការ​ប្រឡង​​មាន​ភាពមិនប្រក្រតី ត្រូវ​បង្កើត​គណៈកម្មកា​រ​កោសល្យវិច័យ ដែល​គណៈកម្មការ​នេះ ត្រូវ​ចាត់តាំង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ផ្ទាល់​។​
​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រិះគន់​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ ដោយ​លើកឡើង​ថា ជា​សេចក្តីប្រកាស​ដដែលៗ​។ លោក​ស្នើ​ឲ្យមាន​ការស៊ើបអង្កេ​ត​ចាប់​មន្ត្រី​ពុករលួយ ដែល​ពាក់ព័ន្ធ​នឹង​ការប្រឡង​បាក់​ឌុប​។​
​ការប្រឡង​បាក់​ឌុប ដែល​ធ្វើឡើង​ក្នុង​អំឡុង​ខែ​សីហា ជា​រៀងរាល់ឆ្នាំ រង​ការរិះគន់​ថា មាន​ភាពមិនប្រក្រតី​កើតឡើង ដូច​ជា​ការ​យក​លុយ​ពី​សិស្ស និង​ការ​បែកធ្លាយ​វិញ្ញាសា​ជាដើម​។​
​ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​លើ​ដំណើរការ​ប្រឡង បាក់​ឌុប ធ្លាប់​រក​ឃើញ​ថា កូនសិស្ស​៩២% ឆ្លើយថា ពួកគេ​បាន​ផ្តួចផ្តើម​ប្រមូល​ប្រាក់​ដោយ​ខ្លួនឯង ដើម្បី​យក​ទៅឲ្យ​លោកគ្រូ​អ្នកគ្រូ​។ កូនសិស្ស លើកឡើងថា​ការប្រមូល​ប្រាក់កាស​ជូន​លោកគ្រូ​អ្នកគ្រូ​នៅ​ពេល​ប្រឡង​បាន​ក្លាយទៅជា​វប្បធម៌​ទៅហើយ​។​
​ការប្រឡង​ទុតិយភូមិ​ឆ្នាំ ២០១៣ កន្លងទៅ បេក្ខជន​ប្រឡង មាន​ចំនួន​សរុប​ជិត​១១​ម៉ឺន​នាក់ ដែល​មាន​មណ្ឌល​ប្រឡង​ចំនួន ២៣៤ មណ្ឌល​។ ក្នុង​រាជធានី​ភ្នំពេញ បេក្ខជន​ចូលរួម​ប្រឡង​សរុប មាន​ចំនួន ១ ៩០៧៩ នាក់ និង​ចែកចេញជា ៣៧ មណ្ឌល​៕




No comments:

Post a Comment