Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

ក្រសួង​ សុខាភិបាល​ រក​ឃើញ​ អ្នក​ឆ្លង​ជំងឺ​ ផ្ដាសាយ​បក្សី​ ករណី​ថ្មី

ក្រសួង​ សុខាភិបាល​ រក​ឃើញ​ អ្នក​ឆ្លង​ជំងឺ​ ផ្ដាសាយ​បក្សី​ ករណី​ថ្មី

ក្រសួង​ សុខាភិបាល​ កម្ពុជា និង​អង្គការ​ សុខភាព​ពិភពលោក រក​ឃើញ​ អ្នក​ឆ្លង​ជំងឺ​ ផ្ដាសាយ​បក្សី​ ករណី​ថ្មី​ទី​មួយ នៅ​ដើម​ឆ្នាំ​២០១៤ នេះ។

ដោយ ឡេង ម៉ាលី / អាស៊ីសេរី

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក (WHO) ឱ្យ​ដឹង​ថា ករណី​ថ្មី​នេះ គឺ​កើត​ចំពោះ​កុមារា​អាយុ ៥​ឆ្នាំ​ម្នាក់ មក​ពី​ភូមិ​ចុងដា ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​វិជ្ជាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់​ថា​ កុមារា​រូប​នេះ​មាន​មេរោគ​វីរុស​ផ្ដាសាយ​បក្សី  H5N1 នៅ​ថ្ងៃ​ទី​១ កុម្ភៈ។
កុមារា​ដែល​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នេះ បច្ចុប្បន្ន​កំពុង​ដាក់​ឱ្យ​សម្រាក​ព្យាបាល​ដោយ​ថ្នាំ តាមីហ្វ្លូ (Tamilflu) នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ នា​ខេត្ត​សៀមរាប។
ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក​វេជ្ជបណ្ឌិត សុខ ទូច បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​៥ កុម្ភៈ ថា កុមារា​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​រូប​នេះ មាន​ស្ថានភាព​នឹង​នៅ​ឡើយ ហើយ​មន្ត្រី​សុខាភិបាល​កំពុង​ស៊ើប​អង្កេត​បន្ត​ទៀត៖ «ករណី​នេះ​ដូច​ករណី​មុនៗ​ដែរ ប៉ុន្តែ​អ្វី​ដែល​យើង​បារម្ភ ខ្លាច​លោ​មាន​ការ​ផ្លាស់ប្ដូរ​អី​នៅ​ក្នុង​ហ្សែនេទិក (Genetic=ពូជ) របស់​វា។ ក្រុម​យើង​កំពុង​ចុះ​ដល់​ទី​កន្លែង ដើម្បី​តាមដាន​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ ដើម្បី​យក​ទៅ​វិភាគ​មើល​ទៀត។ លើក​នេះ យើង​មាន​ករណី​ពិសេស​បន្តិច ដោយសារ​យើង​មាន​វិជ្ជាស្ថាន​ប៉ាស្ទ័រ​ចូលរួម​ជាមួយ​ដែរ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​បន្ថែម​ទៅ​លើ​ករណី​ថ្មី​ហ្នឹង»
ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​របស់​កុមារ​អាយុ ៥​ឆ្នាំ នៅ​ខេត្ត​កំពង់ធំ​នេះ ជា​ករណី​ទី​៤៨ ហើយ នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ទី​១ នៅ​ឆ្នាំ​២០០៥។ ក្នុង​ចំណោម ៤៨​ករណី​នេះ មាន​តែ ១៥​ករណី​ទេ ដែល​នៅ​មាន​ជីវិត។
ក្រសួង​សុខាភិបាល​មាន​សារ​អប់រំ​ឱ្យ​ពល​រដ្ឋ​លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក មុនពេល​បរិភោគ និង​បន្ទាប់​ពី​ប៉ះពាល់​សត្វប្សី ដាក់​កុមារ​ឱ្យ​ឆ្ងាយ​ពី​សត្វបក្សី ដាក់​បក្សី​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់​នៅ កុំ​បរិភោគ​សត្វ​បក្សី​ឈឺ ហើយ​រាល់​សត្វ​បក្សី​ដែល​ត្រូវ​ធ្វើ​ម្ហូប ត្រូវ​ចម្អិន​ឱ្យ​បាន​ឆ្អិន​ល្អ៕


No comments:

Post a Comment